ដំណាក់កាលទី២នៃកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) គឺជាការបន្តនៃការវិនិយោគទ្វេរភាគីដ៏សំខាន់របស់ប្រទេសអូស្រ្តាលី លើការងារសមភាពយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្មនៅកម្ពុជា។ នៅក្នុងភាពជាដៃគូដែលកំពុងបន្តនេះ គឺបាននឹងកំពុងជំរុញវឌ្ឍនភាពដ៏សំខាន់ឆ្ពោះទៅរកលទ្ធផលវិនិយោគចុងបញ្ចប់នៃកម្មវិធី (EOIOs)៖
- EOIO 1៖ ត្រឹមឆ្នាំ២០២៨ អ្នកផ្តល់សេវាដែលបានជ្រើសរើស(ដែលពាក់ព័ន្ធ) នឹងផ្តល់សេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសេវាទាក់ទងនឹងពិការភាពដែលមានគុណភាពខ្ពស់ជាងមុន ដល់អ្នកទទួលផលកាន់តែច្រើននៅក្នុងខេត្តគោលដៅ។
- EOIO 2៖ ត្រឹមឆ្នាំ២០២៨ គោលនយោបាយ និងដំណើរការរៀបចំផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការឆ្លើយតបទៅនឹងអាទិភាពរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។
ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺជាក្រុមការងារមួយក្នុងចំណោមក្រុមការងារទាំងបីក្រោមកម្មវិធី ACCESS ២ (រួមជាមួយក្រុមការងារផ្នែកបរិយាបន្នពិការភាព និងក្រុមការងារការស្តារលទ្ធភាពពលកម្ម) ដែលបានដើរតួនាទីមួយយ៉ាងសំខាន់នៅក្នុងការសម្រេចបាននូវលទ្ធផលទាំងនេះ។ កិច្ចប្រជុំលើកទី២ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងភ្នំពេញ ដែលនេះជាកិច្ចប្រជុំដោយផ្ទាល់ និងតាមអនឡាញ ហើយបានបង្ហាញពីសមិទ្ធផលគួរឱ្យកត់សម្គាល់ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានៅលើគ្រប់វិស័យ។
នាំយកភាគីពាក់ព័ន្ធមករួមគ្នា
កិច្ចប្រជុំនេះ បានប្រមូលផ្តុំភាគីពាក់ព័ន្ធចម្រុះ រួមមានតំណាងមកពី៖
- ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី មកពីខេត្តចំនួន៤ រួមមាន ខេត្តសៀមរាប កំពង់ចាម កំពង់ស្ពឺ និងរតនគិរី
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រុមប្រឹក្សាសកម្មភាពជនពិការ
- ក្រសួងសុខាភិបាល
- ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាននៃគណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ
- តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2
របៀបវារៈផ្តោតទៅលើគោលបំណងបួនសំខាន់ៗ៖
- វាយតម្លៃជាយុទ្ធសាស្ត្រនូវវឌ្ឍនភាព និងហានិភ័យរបស់កម្មវិធី ព្រមទាំងជំរុញភាពស៊ីសង្វាក់គ្នាជាមួយនឹងវិស័យអាទិភាពផ្សេងទៀត។
- ពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្ត និងបញ្ហាប្រឈម មេរៀនដកបទពិសោធន៍ ការអនុវត្តល្អបំផុត និងកំណត់ដំណោះស្រាយរួម។
- ផ្សព្វផ្សាយនីតិវិធី និងគោលនយោបាយថ្មីៗ។
- លើកយកបញ្ហាដូចជាការផ្លាស់ប្តូរបរិបទ និងបញ្ហាប្រឈមក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ ទៅកាន់ភាគីពាក់ព័ន្ធសំខាន់ៗដូចជារាជរដ្ឋាភិបាល ស្ថានទូតអូស្រ្តាប្រជុំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2។
សមិទ្ធផលសំខាន់ៗ និងការរៀនសូត្រ
វឌ្ឍនភាព និងបញ្ហាប្រឈម
តំណាងមកពីមន្ទីរកិច្ចការនារី នៅខេត្តគោលដៅ បានធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃសមិទ្ធផល និងបញ្ហាប្រឈមនៅក្នុងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ការរំលេចនេះ រួមមានទាំងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការអនុវត្តន៍បញ្ជីត្រួតពិនិត្យគុណភាពការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបង្កើតបន្ទប់ប្រឹក្សាយោបល់ ក៏ដូចជាការកែលម្អរគោលការណ៍ណែនាំក្រុមការងារឆ្លើយតប។ ដៃគូអនុវត្តជាយុទ្ធសាស្រ្ត បានចែករំលែកនូវការយល់ដឹងអំពីការដោះស្រាយគម្លាត និងការកែលម្អរការអនុវត្តន៍ល្អៗដើម្បីពង្រឹងការផ្តល់សេវា។
ការផ្តល់ភាពអង់អាចប្រកបដោយបរិយាបន្ន
លោកស្រី Sophia Cason ប្រធានកម្មវិធី ACCESS 2 បានចែករំលែកនូវបច្ចុប្បន្នភាពអំពីរចនាសម្ព័ន្ធអភិបាលកិច្ចនៃកម្មវិធី ACCESS 2 ព្រមទាំងគូសបញ្ជាក់ពីភាគជោគជ័យថ្មីៗ និងប្រកាសពីគំនិតផ្តួចផ្តើមសំខាន់ៗដែលនឹងកើតឡើងនាពេលខាងមុខ ដោយមានគម្រោងផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់អ្នកបកប្រែភាសាសញ្ញា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាសម្រាប់អ្នកមានកម្សោយការស្តាប់ និងជនមានពិការវិបល្លាសស្មារតី។
ការទទួលស្គាល់ និងការប្តេជ្ញាចិត្ត
លោកស្រី ហ៊ែល សុធារតន៍ អ្នកគ្រប់គ្រងកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានកោតសរសើរចំពោះក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី ចំពោះការដឹកនាំ និងការប្តេជ្ញាចិត្តជំរុញការផ្លាស់ប្តូរនៅថ្នាក់ខេត្ត។ លោកស្រីក៏បានថ្លែងអំណរគុណដល់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងដៃគូពាក់ព័ន្ធផ្សេងៗ សម្រាប់ការយកចិត្តទុកដាក់ និងភាពជាដៃគូ ក្នុងការសម្រេចបាននូវគោលដៅរបស់ ACCESS 2។
កិច្ចប្រជុំនេះបានបញ្ចប់ ដោយមានការឆ្លុះបញ្ចាំងជាវិជ្ជមានពីលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី។ លោកជំទាវបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រឹងប្រែងរួមគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវសេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងភាពជោគជ័យក្នុងការប្រារព្វយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ទិសដៅខាងមុខ
ដោយសារតែ ACCESS 2 កំពុងវិឌ្ឍន៍ទៅមុខ កិច្ចប្រជុំក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បន្តដើរតួនាទីមួយយ៉ាងសំខាន់ៗនៅក្នុងការធ្វើឱ្យកាន់តែប្រសើរដែលអាចវាស់វែងបាន ដោយធានាថា សំឡេងរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ជាអាទិភាពនៅក្នុងគោលនយោបាយជាតិ និងថ្នាក់ក្រោមជាតិ និងការផ្តល់សេវា។ កិច្ចប្រជុំបន្ទាប់របស់ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺកំណត់ធ្វើឡើងនៅកំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខ ដែលជាការបោះជំហ៊ានទៅមុខមួយជំហ៊ានទៀត ក្នុងការសម្រេចបាននូវចក្ខុវិស័យរួមគ្នានៃការគាំទ្រប្រកបដោយសមធម៌ និងគុណភាពខ្ពស់សម្រាប់សហគមន៍ងាយរងគ្រោះ៕