ជំរុញការប្តេជ្ញាចិត្តរបស់អូស្រ្តាលីចំពោះសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម នៅក្នុងកម្មវិធីវិនិយោគឃុំរបស់កម្ពុជា

អូស្រ្តាលីតាមរយៈកម្មវិធី ACCESS 2 បន្តគាំទ្រដល់ភាពប្រទាក់ក្រឡានៃសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម(GEDSI) នៅក្នុងកម្មវិធីវិនិយោគឃុំរបស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះ អនុលោមទៅតាមផែនការយុទ្ធសាស្រ្តជាតិ ដូចជាផែនការសកម្មភាពជាតិស្តីពីពិការភាព និងផែនការយុទ្ធសាស្រ្តជាតិទប់ស្កាត់អំពើហិង្សាលើស្រ្តី​ ដើម្បីធានាថា ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទទួលបានសេវាកាន់តែប្រសើរប្រកដោយគុណភាព និងបរិយាបន្ន។

នៅក្នុងកិច្ចសហការជាមួយរដ្ឋាបាលខេត្ត និងដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី នាពេលថ្មីៗនេះ ACCESS 2 បានរៀបចំសិក្ខាសាលាតម្រង់ទិស ស្តីពីការបញ្រ្ជាបសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គមនៅក្នុងផែនការវិនិយោគឃុំ ៣ឆ្នាំរំកិល។ ដៃគូពាក់ព័ន្ធសំខាន់ៗ បានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលានេះ ដែលមានតំណាងមកពី មន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋាបាលស្រុក សមាជិកក្រុមការងារឆ្លើយតបពហុវិស័យផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ​ អជ្ញាធរឃុំ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់កម្មវិធី ACCESS 2។

សិក្ខាសាលានេះ បានលើកឡើងពីគោលការណ៍ស្នូលរបស់ GEDSI មានដូចជា ភាពខុសគ្នារវាងភេទ និងយេនឌ័រ ការយល់ដឹងពីសមភាព និងសមធម៌ និងការទទួលស្គាល់ពីផលជះនៃភាពប្រទាក់ក្រឡាគ្នាលើជនងាយរងគ្រោះ រួមទាំងជនជាតិដើមភាគតិច ជនមានពិការភាព និងសហគមន៍ក្រុមស្រឡាញ់ភេទដូចគ្នា។

សិក្ខាសលានេះផ្តល់នូវលទ្ធផលគួរឱ្យកត់សម្គាល់ រួមមាន៖

  • អ្នកសម្របសម្រួលមកពី ACCESS 2 និងមន្ទីរនានា បានចូលរួមយ៉ាងមានប្រសិទ្ធភាព តាមរយៈការចូលរួមធ្វើបទបង្ហាញ ពិភាក្សាជាក្រុម និងករណីសិក្សា។
  • អ្នកចូលរួមបានបង្កើនការយល់ដឹង អំពីគោលការណ៍របស់ GEDSI និងការមិនបង្កគ្រោះថ្នាក់ (Do No Harm) ព្រមទាំងទទួលបានការយល់ដឹងបន្ថែមនៅក្នុងការអនុវត្តន៍គំនិតទាំងនេះនៅក្នុងផែនការវិនិយោគឃុំ ៣ឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍ឃុំប្រាំឆ្នាំ។​

ជាងនេះទៀត សិក្ខាសាលានេះផ្តល់ដល់អ្នកចូលរួមនូវជំនាញជាក់ស្តែង​សម្រាប់បញ្ជ្រាបគោលការណ៍GEDSI ទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ។ អ្នកចូលរួមបានសម្តែងនូវទំនុកចិត្តយ៉ាងមុតមាំង ក្នុងការគៀងគរមតិសម្រាប់ការរៀបចំថវិកានៅក្នុងផែនការឃុំដែលឆ្លើយតបទៅនឹងយេនឌ័រ និងបរិយាបន្នក្នុងផែនការឃុំ ដោយអនុលោមទៅនឹងលទ្ធផលចុងបញ្ចប់នៃកម្មវិធីរបស់ACCESS 2 ក្នុងការបង្កើនគុណភាពសេវាកាន់តែប្រសើរនៅក្នុងខេត្តគោលដៅ និងធានាបាននូវការបញ្ជូនប្រកបដោយប្រសិទ្ធភាពនៅក្នុងការផ្តល់សេវាចាំបាច់ផ្នែកពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លទ្ធផលវិជ្ជមានពីសិក្ខាសាលាតម្រង់ទិស បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពឆ្ពោះទៅរកលទ្ធផលវិនិយោគចុងបញ្ចប់របស់ACCESS 2 ជាពិសេសការលើកកម្ពស់គុណភាព និងការទទួលបានសេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិការភាពនៅទូទាំងខេត្តគោលដៅ និងបញ្ចូលGEDSI ក្នុងការគិតគូរនៅក្នុងក្របខណ្ឌគោលនយោយបាយនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។​

ACCESS 2 នៅតែប្តេជ្ញាចិត្តក្នុងការជំរុញការដឹកនាំដោយមូលដ្ឋាន និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តាមរយៈភាពជាដៃគូយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព ដោយពង្រឹងការគាំទ្រជាបន្តបន្ទាប់របស់អូស្រ្តាលីសម្រាប់សេវាសហគមន៍័ប្រកបដោយសមធម៌ និងបរិយាបន្ននៅកម្ពុជា៕