យុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ត្រូវបានប្រារព្ធឡើងជាសកលជារៀងរាល់ឆ្នាំ ដើម្បីអំពាវនាវដល់មនុស្សគ្រប់រូប ឱ្យចាត់វិធានការដើម្បីបញ្ឈបប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ប្រធានបទសកលសម្រាប់ឆ្នាំនេះគឺ «រួបរួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី» គូសបញ្ជាក់ថា អំពើហិង្សាអាចកើតឡើងទាំងក្រៅបណ្តាញ និងអនឡាញ ហើយការទប់ស្កាត់ និងការគាំទ្រត្រូវតែបន្តទៅមុខទៀត។
ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានគាំទ្រយុទ្ធនាការនៅសហគមន៍រយៈពេល១៦ថ្ងៃ នៅក្នុងខេត្តគោលដៅ។ ជាក់ស្តែងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យើងបានគាំទ្រយុទ្ធនាការនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយអំពាវនាវឱ្យមានសកម្មភាពរួមដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ព្រឹត្តិការណ៍នេះបានអញ្ជើញអ្នកចូលរួមចំនួន១២០នាក់ រួមទាំងសិស្ស គ្រូបង្រៀន ជនមានពិការភាព ជនជាតិដើមភាគតិច ដៃគូអនុវត្តជាយុទ្ធសាស្ត្ររបស់ ACCESS 2 (SIPs) និងអាជ្ញាធរមូលដ្ឋាន។ ការពិភាក្សាផ្តោតលើប្រភេទនៃអំពើហិង្សាគ្រប់ រួមទាំងអំពើហិង្សាទាក់ទងនឹងយេនឌ័រតាមបច្ចេកវិទ្យា(TF-GBV) និងវិធីសាស្រ្តក្នុងការរាយការណ៍ និងការទទួលបានសេវាគាំទ្រ។
សារស្តីពីសុខភាព សុវត្ថិភាព និងយុត្តិធម៌ត្រូវបានពង្រឹងដោយអ្នកផ្តល់សេវា និងអាជ្ញាធរមូលដ្ឋាន។ លោក ជា ហ៊ីម ប្រធានមណ្ឌលសុខភាពជាស៊ីមឱរ៉ាល់ បានលើកទឹកចិត្តដល់ជនរងគ្រោះឱ្យស្វែងរកការថែទាំ និងការគាំទ្រ ដោយលោកបានមានប្រសាសន់៍ថា៖ «ខ្ញុំសូមលើកទឹកចិត្តអ្នកជំងឺទាំងអស់ រួមទាំងជនរងគ្រោះដោយអំពើហិង្សា ឱ្យស្វែងរកការគាំទ្រពីមណ្ឌលសុខភាព។ សូមនិយាយចេញមក ហើយកុំស្ទាក់ស្ទើរក្នុងការចែករំលែកកង្វល់របស់អ្នក។ សុខភាពគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប»។
អ្នកចូលរួមម្នាក់បានចែករំលែកថា៖ «ការរៀបចំការពិភាក្សានេះគឺល្អណាស់។ ខ្ញុំបានរៀនសូត្រអំពីទម្រង់ជាច្រើននៃអំពើហិង្សាពីវគ្គនេះ។ ឥឡូវនេះខ្ញុំយល់ពីអ្វីដែលជាអំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថល ហើយវាអាចងាយប៉ះពាល់ដល់យើង។ លើសពីនេះ យើងដឹងថាយើងអាចទាក់ទងអ្នកផ្តល់សេវាសម្រាប់ការគាំទ្រ តាមរយៈការចែករំលែរបស់វាគ្មិន»។
លោកអន យុទ្ធហុង អធិការរងស្រុកឱរ៉ាល់ បានគូសបញ្ជាក់ពីវិធីរាយការណ៍ និងការគាំទ្រក្នុងមូលដ្ឋានថា៖ «ប្រសិនបើអ្នកជួបប្រទះអំពើហិង្សាណាមួយ សូមទាក់ទងមកខ្ញុំ ឬទាក់ទងអាជ្ញាធរមូលដ្ឋានដែលនៅក្បែរនោះ»។
លោកស្រី ប៉ឹង កល្យាណ មេធាវីជាមួយអង្គការជំនួយផ្នែកច្បាប់ បានគូសបញ្ជាក់ពីអំពីសិទ្ធិ និងការទទួលបានយុត្តិធម៌។ លោកស្រីបានមានប្រសាសន៍ថា៖ «បំបែករនាំងឧបសគ្គនៃទំនៀមទំលាប់យេនឌ័រ។ យើងមានសិទ្ធិស្មើរភាពគ្នា។ យើងត្រូវឱ្យតម្លៃខ្លួនយើង និងរៀនសូត្រអំពីសិទ្ធិរបស់យើង។ អ្នកនឹងទទួលបានយុត្តិធម៌ នៅពេលអ្នកមានចំណេះដឹងអំពីសិទ្ធិ»។
កម្មវិធីACCESS 2 ធ្វើការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងការផ្តល់សេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព និងគាំទ្រការចូលរួមរបស់សហគមន៍ប្រកបដោយបរិយាបន្ន។ មនុស្សគ្រប់រូបមានតួនាទីក្នុងការទប់ស្កាត់អំពើហិង្សា និងគាំទ្រជនរងគ្រោះឱ្យទទួលបានសេវាដែលមានសុវត្ថិភាព និងមានគុណភាព។
ACCESS 2 ទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global៕







