នៅចន្លោះខែកញ្ញា និងខែតុលា ឆ្នាំ២០២៥ ACCESS 2 បានផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញ Microsoft 365 ដល់មន្រ្តីចំនួន២០នាក់ (ស្ត្រី១៣នាក់) ដែលមកពីមន្ទីរកិច្ចការនារីខេត្ត (PDoWA) នៅក្នុងខេត្តគោលដៅរបស់ ACCESS 2 រួមមាន ខេត្តកំពង់ស្ពឺ កំពង់ចាម រតនគិរី និងខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់នូវចំណេះដឹងបន្ថែមលើជំនាញ Microsoft 365 និងឧបករណ៍សហការដែលមានមូលដ្ឋានលើពពករបស់វា ដែលអនុញ្ញាតឱ្យអ្នកចូលរួមធ្វើការកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពនៅក្នុងមជ្ឈដ្ឋានឌីជីថល។ តាមរយៈការប្រើប្រាស់ឧបករណ៍ទាំងនេះ មន្រ្តី PDoWA អាចពង្រឹងទំនាក់ទំនង ធ្វើឱ្យលំហូរការងារមានភាពរលូន និងការគ្រប់គ្រងទិន្នន័យកាន់តែមានប្រសិទ្ធភាព។
លក្ខណៈពិសេសសំខាន់ៗ
- កម្មវិធីគ្របដណ្តប់លើ៖ SharePoint OneDrive Teams និង Outlook។
- ផ្តោតលើតំបន់សំខាន់ៗ៖ ការគ្រប់គ្រងឯកសារផ្អែកលើ Cloud សុវត្ថិភាព និងស្វ័យប្រវត្តិកម្ម។
- វិធីសាស្រ្តរៀនសូត្រ៖ សកម្មភាពជាក់ស្តែង និងការបង្ហាញផ្ទាល់ ដើម្បីបង្កើតទំនុកចិត្តក្នុងការប្រើប្រាស់ Microsoft 365 សម្រាប់កិច្ចការប្រចាំថ្ងៃ។
ផលជះវិជ្ជមាន
សិក្ខាកាមទទួលបានជំនាញជាក់ស្តែង និងទំនុកចិត្តក្នុងការប្រើប្រាស់ឧបករណ៍ Microsoft 365 ដើម្បីជួយសម្រួលដល់ការងាររបស់ពួកគេ។ វគ្គបណ្តុះបណ្តាលទាំងនេះបានបញ្ជាក់ពីសារៈសំខាន់នៃឧបករណ៍ឌីជីថលក្នុងការបង្កើនផលិតភាព និងកិច្ចសហការរបស់ស្ថាប័ន។
ចំណាប់អារម្មណ៍ពីអ្នកចូលរួម
លោក នើយ សុខនាម ប្រធានការិយាល័យការពារផ្លូវច្បាប់នៃមន្ទីរកិច្ចការនារី ខេត្តសៀមរាប
«ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបណ្តុះបណ្តាលនេះ។ វាស្របនឹងអាទិភាពយុទ្ធសាស្ត្រនៃការធ្វើផែនការថ្នាក់ក្រោមជាតិរបស់មន្ទីរ ដើម្បីប្រើប្រាស់បច្ចេកវិទ្យា Cloud ជាដំណោះស្រាយក្នុងការផ្ទុកទិន្នន័យចម្បងរបស់យើង ហើយវាក៏ស្របនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាផងដែរ»។
លោកស្រី ស៊ាន ចាន់ថន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម
«ខ្ញុំយល់ថាការបណ្តុះបណ្តាលនេះមានប្រយោជន៍ខ្លាំងណាស់ក្នុងការយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ ជាពិសេសនៅក្នុងវិស័យផ្ទុកទិន្នន័យ និងការសហការជាក្រុម។ ការរៀនពីរបៀបប្រើប្រាស់ SharePoint Online និង OneDrive សម្រាប់រក្សាទុក និងចែករំលែកព័ត៌មានមានតម្លៃសម្រាប់ការពង្រឹងការងារជាក្រុម និងផលិតភាពការងារ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុម ACCESS 2 ដែលបានផ្តល់ឱកាសទទួលបានវគ្គបណ្តុះបណ្តាលនេះ»។
លោកស្រី ភុន ភីន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺ
«វគ្គបណ្តុះបណ្តាលនេះបានជួយខ្ញុំឱ្យយល់ពីរបៀបប្រើប្រាស់ SharePoint និង OneDrive ប្រកបដោយប្រសិទ្ធភាព។ ឥឡូវនេះខ្ញុំមានអារម្មណ៍ជឿជាក់ជាងមុនក្នុងការគ្រប់គ្រងឯកសារ និងសហការជាមួយក្រុមរបស់ខ្ញុំតាមអ៊ីនធឺណិត»។
លោកស្រី រៀល ស៊ីណា អនុប្រធានមន្ទីរកិច្ចការនារីខេត្តរតនគីរី
«ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវគ្គបណ្តុះបណ្តាលនេះ។ ក្រុមរបស់យើងមានគម្រោងចាប់ផ្តើមប្រើប្រាស់ឧបករណ៍ផ្ទុកទិន្នន័យតាមអ៊ីនធឺណិតថ្មី ដើម្បីរក្សាទុក និងចែករំលែកទិន្នន័យប្រកបដោយប្រសិទ្ធភាពជាងមុន។ ការធ្វើបែបនេះ នឹងធ្វើឱ្យក្រុមការងារនៅថ្នាក់ស្រុកចូលមើល ធ្វើបច្ចុប្បន្នភាព និងសហការជាមួយយើងលើទិន្នន័យបានកាន់តែងាយស្រួល។ សូមអរគុណដល់ក្រុម ACCESS 2 សម្រាប់ការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានតម្លៃនេះ»។
ការគាំទ្របន្ថែម
ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ACCESS 2 បានប្រគល់កុំព្យូទ័រដែលប្រើរួចចំនួនមួយគ្រឿង ដល់មន្ទីរកិច្ចការនារីតាមខេត្តនីមួយៗ ដែលមានបញ្ចូលប្រព័ន្ធសម្រាប់ប្រើប្រាស់យ៉ាងពេញលេញរួចជាស្រេច ដើម្បីជាជំនួយក្នុងការដំណោះស្រាយតាមបែបឌីជីថលក្នុងដំណាក់កាលផ្លាស់ប្តូរនៃការប្រើប្រាស់នេះ។
នេះគឺជាដំណាក់កាលដំបូងនៃការគាំទ្រផ្នែកបច្ចេកទេសសម្រាប់មន្ត្រី PDoWA។ ការបង្វឹក និងការណែនាំជាបន្តបន្ទាប់នឹងបន្តពិនិត្យមើលយ៉ាងដិតដល់ ដើម្បីធានាថាប្រព័ន្ធវាដំណើរការប្រកបដោយប្រសិទ្ធភាព និងផ្តល់នូវផលជះដ៏មានអត្ថន័យនៅក្នុងការងារប្រចាំថ្ងៃ។
ការប្តេជ្ញាចិត្តរបស់យើង
រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 ប្តេជ្ញាកសាងសមត្ថភាពដល់អជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបយ៉ាងរហ័ស និងមានប្រសិទ្ធភាពចំពោះអាទិភាព និងតម្រូវការរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕






