ការិយាយល័យរដ្ឋបាលនៅតាមខេត្តរបស់ ACCESS 2 បានដំណើរការ៖ លើកកម្ពស់ការគាំទ្រនៅថ្នាក់ក្រោមជាតិ សម្រាប់បរិយាបន្នសង្គមមួយនៅកម្ពុជា

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី កម្មវិធី ACCESS 2 បន្តជាមូលដ្ឋានគ្រឹះនៅក្នុងការវិនិយោគទ្វេរភាគីរបស់អូស្រ្តាលី ក្នុងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្មនៅកម្ពុជា។ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល អង្គការតំណាងជនមានពិការភាព និងសហគមន៍ជនជាតិដើមភាគតិច ACCESS 2 មានគោលបំណងធានាថា ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទទួលបានសេវាចាំបាច់កាន់តែប្រសើរ។

ពង្រីកសាខាតាមខេត្តឱ្យកាន់តែមានផលជះ

ACCESS 2 ដំណើរការនៅក្នុងខេត្តគោលដៅចំនួន៤ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ចាម សៀមរាប និងរតនគិរី ព្រមទាំងការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ។ ដើម្បីជំរុញកិច្ចប្រឹងប្រែងរបស់ខ្លួននៅថ្នាក់ក្រោមជាតិ ACCESS 2 បានជ្រើសតាំងទីប្រឹក្សាថ្នាក់ខេត្តចំនួនបី គឺនៅខេត្តកំពង់ស្ពឺ កំពង់ចាម និងសៀមរាប។ ទីប្រឹក្សាទាំងនេះ ដើរតួនាទីសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមរបស់កម្មវិធី ដោយសម្របសម្រួលការអនុវត្ត បង្កើនកិច្ចហប្រតិបត្តិការ និងធានាឱ្យមានការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព។

ការបង្កើតការិយាល័យនៅក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលមូលដ្ឋានដែលស្ថិតនៅក្នុងសាលាខេត្តសៀមរាប និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងខេត្តកំពង់ស្ពឺ និងកំពង់ចាម ប្រកបដោយភាពជោគជ័យនេះ បានបន្តកិច្ចប្រឹងប្រែងរបស់ ACCESS 2 នៅក្នុងសហគមន៍។ ការិយាល័យទាំងនេះ មិនត្រឹមតែជំរុញកិច្ចសហប្រតិបត្តិការជាមួយសមភាគីរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការទំនាក់ទំនង ក្នុងការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃគំនិតផ្តួចផ្តើមរបស់ ACCESS 2។

សំឡេងពីសហគមន៍៖ ការផ្លាស់ប្តូរនាំមុខនៅក្នុងមូលដ្ឋាន

លោក សារុន កី ជាទីប្រឹក្សាប្រចាំខេត្តកំពង់ស្ពឺ បានចែករំលែកនូវការលើកទឹកចិត្តក្នុងការធ្វើការជាមួយជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោក កី បាននិយាយថា៖ «ធ្វើការជាមួយ ACCESS 2 បានអនុញ្ញាតឱ្យខ្ញុំបានរួមចំណែកនៅក្នុងការបង្កើតសហគមន៍មួយឱ្យកាន់តែមានសមធម៌ និងបរិយាបន្ន។ តាមរយៈការផ្លាស់ប្តូរជាក់ស្តែង ដែលយើងសម្របសម្រួល បានលើកទឹកចិត្តខ្ញុំជារៀងរាល់ថ្ងៃ​ ដែលនេះបញ្ជាក់ឱ្យដឹងថា ការប្រឹងប្រែងរបស់យើងត្រូវបានទទួលស្គាល់ និងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ»។

លោក គី អឿន ដែលប្រចាំការនៅខេត្តកំពង់ចាម បានបញ្ជាក់ពីសារៈសំខាន់នៃតួនាទីការងាររបស់លោក ក្នុងការគៀងគរមតិ ដោយលោក អឿន បានបញ្ជាក់ថា៖ «ខ្ញុំប្រើជំនាញរបស់ខ្ញុំ ដើម្បីគាំទ្រដល់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងជំរុញឱ្យមានបរិយាបន្ន និងការផ្លាស់ប្តូរវិជ្ជមាន។ បរិយាកាសការងារ និងទីតាំងការិយាល័យ បានអំណោយផល​ដល់ខ្ញុំក្នុងការបង្កើតបណ្តាញទំនាក់ទំងជាមួយមន្រ្តីនៅថ្នាក់ក្រោមជាតិ និងបង្កើនកិច្ចសហការរបស់យើង»។

លោកស្រី ភឿក ស៊ីដា ទីប្រឹក្សាប្រចាំខេត្តសៀមរាប បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សង្គមមួយប្រកបដោយបរិយាបន្ន និងសេចក្តីថ្លៃថ្នូរ។ លោកស្រីបានមានប្រសាសន៍ថា៖ «ការងាររបស់ខ្ញុំជាមួយ ACCESS 2 ផ្តោតលើការបង្កើតសង្គមមួយសម្រាប់ទាំងអស់គ្នា ដោយគ្មានការរើសអើង និងធានាថា អ្នករាល់គ្នាទទួលបានគុណភាពជីវិតកាន់តែប្រសើរ។ បរិយាកាសការងារនៅទីនេះ អាចធ្វើឱ្យខ្ញុំសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាព ជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងសមភាគីរដ្ឋាភិបាល ដើម្បីបង្កើននូវផលជះរបស់យើង»។

ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសម្រាប់លទ្ធផលប្រកបដោយនិរន្តរភាព

កិច្ចប្រឹងប្រែងរបស់ប្រធានផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម ទីប្រឹក្សាប្រចាំខេត្តនីមួយៗ និងក្រុមការងារផ្នែកប្រតិបត្តិការ បានប្រែក្លាយការិយាល័យនៅខេត្តឱ្យកាន់តែមានសកម្មភាព និងបង្កបរិយាកាសងាយស្រួលក្នុងការអនុវត្តការងារ។ ដោយមានការជ្រើសតាំងប្រធានផ្នែកវិមជ្ឈការ ដែលចាប់ផ្តើមការងារនៅការិយាល័យកណ្តាល ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ នេះ ទីប្រឹក្សាខេត្ត នឹងទទួលបាននូវការជួយជ្រោមជ្រែង និងគាំទ្រ ព្រមទាំងការពង្រឹងសមត្ថភាព ក្នុងការសម្រេចបាននូវលទ្ធផលវិនិយោគចុងបញ្ចប់នៃកម្មវិធី។

ការជំរុញវឌ្ឍនភាពរួមគ្នានៅកម្ពុជា

ការបង្កើតការិយាល័យនៅតាមខេត្តរបស់ ACCESS 2 គឺជាព្រឹត្តិការដ៏សំខាន់មួយ ក្នុងការបញ្រ្ជាបបរិយាបន្ននៅកម្រិតថ្នាក់ក្រោមជាតិ។ តាមរយៈការដាក់បញ្ចូលទីប្រឹក្សានៅក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលមូលដ្ឋាន  ACCESS 2 ពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយពីតម្រូវការរបស់ជនងាយរងគ្រោះបំផុតរបស់កម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមនេះ ​ACCESS 2 បានដើរតួនាទីសំខាន់ក្នុងការជំរុញឱ្យមានសង្គមមួយឱ្យកាន់តែមានបរិយាបន្ន និងផ្តល់នូវការផ្លាស់ប្តូរដ៏មានអត្ថន័យ និងយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា។ យើងរួមគ្នាកសាងសង្គមមួយប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា៕