នាពេលថ្មីៗនេះ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) សហការជាមួយក្រុមប្រឹក្សាសកម្មភាពខេត្ត(PDAC) សៀមរាប បានគាំទ្រដល់វគ្គបណ្តុះបណ្តាល ស្តីពីបរិយាបន្នពិការភាព និងផាសុកវត្ថុ ដល់អជ្ញាធរឃុំ ស្រុក នៅក្នុងស្រុកសូត្រនិគម និងស្រុកពួក។
វគ្គបណ្តុះបណ្តាលនេះ កសាងនូវសមិទ្ធផលពី ACCESS ដំណាក់កាលទី១ និងពង្រឹងការបេ្តជ្ញាចិត្តរយៈពេលវែងរបស់កម្មវិធី ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានសេវាសាធារណៈ ប្រកបដោយគុណភាព សម្រាប់ជនមានពិការភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកស្រី ប៉ុក វង្សាចម្រុង ជាជំនួយការការិយាល័យ និងជាអ្នកទទួលភ្ញៀវនៃកម្មវិធី ACCESS 2 ព្រមទាំងជាសិក្ខាកាមមួយរូប បានចែករំលែកថា៖ «ការគិតគូរ ពីផាសុកវត្ថុ និងផាសុកសមរម្យគឺជាផ្នែកមួយនៃការឈានទៅសម្រេចបានបរិយាបន្នពិការភាព»។
ការផ្តោតលើ និងលទ្ធផលនៃវគ្គបណ្តុះបណ្តាល៖
វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់៖
- គោលគំនិតនៃបរិយាបន្នពិការភាព និងការផ្តល់សេវាពាក់ព័ន្ធ
- ស្តង់ដារជាតិ ស្តីពីផាសុកវត្ថុ
- ឧបករណ៍ និងធនធានដើម្បីគំាទ្រដល់ការអនុវត្តន៍ក្នុងមូលដ្ឋាន
- យុទ្ធសាស្រ្តជាក់ស្តែងសម្រាប់ការគៀងគរថវិកាថ្នាក់ក្រោមជាតិ សម្រាប់សកម្មភាពបរិយាបន្នពិការភាព
លទ្ធផលសំខាន់ៗ
- បង្កើនចំណេះដឹងក្នុងចំណោមអ្នកចូលរួម ស្តីពីបរិយាបន្នពិការភាព និងស្តង់ដារផាសុកវត្ថុ
- សកម្មភាពរួមត្រូវបានកំណត់ ដើម្បីបញ្ចូលទៅក្នុងផែនការការងារប្រចាំឆ្នាំរបស់ស្ថាប័ននៅតាមមូលដ្ឋាន
លោក ស៊ីន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក បានចែករំលែកថា អជ្ញាធរមូលដ្ឋាន កំពុងបង្កើនការពិគ្រោះយោបល់ជាមួយជនមានពិការភាព ដើម្បីយល់កាន់តែច្បាស់អំពីតម្រូវការរបស់ពួកគេ និងដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធិភាព តាមរយៈបរិយាបន្នអភិបាលកិច្ច។
លោកស្រី ទុយ លាំ អភិបាលរងស្រុកសូត្រនិគម បានមានមតិស្វាគមន៍នៅក្នុងវគ្គបណ្តុះបណ្តាល ដោយចែករំលែកថា៖ «វគ្គបណ្តុះបណ្តាលនេះ ជួយយើងពង្រឹងការយល់ដឹងបន្ថែមទៀត ដើម្បីគាំទ្រជនមានពិការភាពនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរ»។
សកម្មភាពសំខាន់ៗដែលកំណត់ដោយសិក្ខាកាម៖
សិក្ខាកាមនីមួយៗ ស្នើរតាមដានសកម្មភាព សម្រាប់ផែនការសកម្មភាពប្រចាំឆ្នាំ រួមទាំង៖
- រៀបចំវគ្គបណ្តុះបណ្តាលស្តីពីបរិយាបន្នពិការភាព និងកិច្ចគាំពារសង្គម
- ពង្រឹងផាសុកវត្ថុនៃអគារសធារណៈ ដូចជា សាលារៀន មណ្ឌលសុខភាព និងសេវាពាក់ព័ន្ធនឹងអនាម័យ ទឹកស្អាត (WASH)
- គាំទ្រដំណើរការកំណត់អត្តសញ្ញាណជនមានពិការភាព និងការចែកប័ណ្ណសម្គាល់ជនមានពិការភាព
- សម្របសម្រួលលទ្ធភាពទទួលបានសេវាសម្រាប់ក្រុមងាយរងគ្រោះ រួមទាំងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។
កសាងភាពជោគជ័យពី ACCESS ដំណាក់កាលទី១
ក្នុង ACCESS ដំណាក់កាលទី១ ជម្រាលចំនួន២៥ ត្រូវបានសាងសង់ ឬជួសជុលនៅតាមសាលាឃុំទូទាំងខេត្តចំនួន៥។ បច្ចុប្បន្ននេះ ជម្រាលទាំងនេះត្រូវបានប្រើប្រាស់ជាគម្រូ ដើម្បីលើកទឹកចិត្តក្នុងការគៀងគរធនធាន និងការវិនិយោគក្នុងស្រុកក្នុងការធ្វើឱ្យប្រសើរឡើងនូវផាសុកវត្ថុ។
កម្មវិធី ACCESS 2 បន្តធ្វើការ ដោយធ្វើការក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត អជ្ញាធរមូលដ្ឋាន ដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងអង្គការតំណាងជនមានពិការភាព ដើម្បីពង្រីក និងទ្រទ្រង់ការអនុវត្តន៍ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន ដោយធានាថា មិនមានអ្នកណាម្នាក់ត្រូវបានទុកចោល៕