កម្មវិធី ACCESS 2

កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី–កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌–ដំណាក់កាលទី២ (ACCESS 2) គឺជាការបន្តនៃការវិនិយោគទ្វេភាគីដ៏សំខាន់របស់ប្រទេសអូស្ត្រាលីលើការងារសមភាពយេនឌ័រ ពិការភាព ស្តារលទ្ធភាពពលកម្ម និងបរិយាបន្នសង្គមនៅក្នុងប្រទេសកម្ពុជា។ កម្មវិធី ACCESS 2 គាំទ្រសមាសភាពសំខាន់ៗនៃផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី (NAPVAW) និងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព (NDSP) របស់កម្ពុជា។ កម្មវិធីនេះផ្តល់ការប្តេជ្ញារួមគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា។

ACCESS 2 គឺជាកម្មវិធីរយៈពេលប្រាំឆ្នាំ ដែលមានទឹកប្រាក់ចំនួន៣០លានដុល្លារអូស្ត្រាលី ផ្តោតលើការបង្កើនលទ្ធភាពទទួលបានសេវាប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ កម្មវិធីACCESS 2 នឹងបន្តធ្វើការជាមួយរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសង្គមស៊ីវិល រួមទាំងអង្គការក្រៅរដ្ឋាភិបាល អង្គការតំណាងជនមានពិការភាព(OPDs) ក្រុមគាំទ្រស្រ្តី(WROs) និងអង្គការតំណាងជនជាតិដើមភាគតិច ដើម្បីអនុវត្តន៍នូវផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពរបស់កម្ពុជាយ៉ាងមានប្រសិទ្ធិភាព ដើម្បីធានាថា ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ទទួលបានសេវាដែលពួកគេត្រូវការកាន់តែប្រសើរ។

ដំណាក់កាលទី១ នៃកម្មវិធី ACCESS បានបង្ហាញពីប្រសិទ្ធភាពក្នុងការកសាងទំនាក់ទំនងរឹងមាំ ការកែលម្អស្តង់ដារនៃការផ្តល់សេវា និងការបង្កើនសមត្ថភាពបច្ចេកទេសរបស់អ្នកផ្តល់សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិការភាព[1]។ ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំទាំងនេះ និងនៅក្នុងបរិបទនៃរបៀបវារៈកំណែទម្រង់វិមជ្ឈការនៅកម្ពុជា កម្មវិធីACCESS 2 មានគោលបំណងបន្តកិច្ចសហការក្នុងក្រមខ័ណ្ឌនៃកំណែទម្រង់នៅថ្នាក់ជាតិដែលសម្រេចបានក្នុងដំណាក់កាលទី១នៃកម្មវិធី។ កម្មវិធីនេះក៏ទទួលស្គាល់ផងដែរនូវការតភ្ជាប់ការទំនាក់ទំនងរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ថាពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់ការអភិវឌ្ឍន៍គោលនយោបាយមូលដ្ឋាន និងការផ្តល់សេវាប្រកបដោយបរិយាបន្ន។ នេះមានន័យថា បង្កើនការចូលរួមនៅថ្នាក់ក្រោមជាតិ និងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងការអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៃកំណែទម្រង់ដែលដឹកនាំដោយថ្នាក់ជាតិទាំងនេះ ទាមទារមិនត្រឹមតែកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាមទារនូវការចូលរួមជាមួយអ្នកពាក់ព័ន្ធនៅកម្រិតមូលដ្ឋាន និងអ្នកទទួលផលផងដែរ។ ដូច្នេះ កម្មវិធី ACCESS 2 នឹងស្វែងរក និងសម្រិតសម្រាំងសកម្មភាពផ្សេងៗរបស់ខ្លួន ជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអង្គការជនមានពិការភាព (OPDs) ក្រុមគាំទ្រស្រ្តី និងអង្គការតំណាងជនជាតិដើមភាគតិច ដើម្បីផ្តោតលើការកសាងសមត្ថភាពនិងបច្ចេកទេសរបស់ពួកគេ ក៏ដូចជាជំរុញឱ្យមានវេទិកាគាំទ្រសម្រាប់កិច្ច សន្ទនាទ្វេភាគីប្រកបដោយអត្ថន័យ កិច្ចព្រមព្រៀង និងកិច្ចសហការជាមួយរដ្ឋាភិបាលនៅគ្រប់លំដាប់ថ្នាក់។

កម្មវិធី ACCESS 2 នឹងត្រូវបានអនុវត្តតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ។ នេះមានន័យថា ជាការជំរុញកិច្ចសហការតាមវិស័យ ដើម្បីលើកកម្ពស់ការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអង្គការ ស្ថាប័ននានា ដែលរួមចំណែកដល់លទ្ធផលរួមគ្នា។ វាក៏មានន័យផងដែរថា ជាកិច្ចសន្ទនាស្តីពី​ការកំណត់យុទ្ធសាស្ត្រ និងទិសដៅ និងការសម្របសម្រួលរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងដៃគូអនុវត្តន៍សំខាន់ៗ។

បរិបទនៃការអភិវឌ្ឍន៍

អំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) កំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ហើយភស្តុតាងបង្ហាញថា អំពើហិង្សាទាក់ទងនឹងយេនឌ័រ មានការកើនឡើងច្រើននៅក្នុងបរិបទនៃការរីករាលជំងឺកូវីដ-១៩ [២]។ស្ត្រី១នាក់ក្នុងចំណោមស្ត្រី៥នាក់នៅក្នុងប្រទេសកម្ពុជា បានទទួលរងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយមានការប៉ាន់ស្មានថា អត្រាប្រេវ៉ាឡង់នេះខ្ពស់ថែមមួយកម្រិតក្នុងចំណោមស្ត្រីមានពិការភាព ស្ត្រីនៅតាមទីជនបទ និង ស្ត្រីនិងក្មេងស្រីជនជាតិដើមភាគតិច។ ក្នុងករណីដែលគេបានដឹង អត្រានៃអំពើហិង្សាលើអ្នកស្រឡាញ់ភេទដូចគ្នា (LGBTI) នៅកម្ពុជា ត្រូវបានគេរាយការណ៍ថាមានកម្រិតខ្ពស់ខ្លាំង ដោយមានការសិក្សាខ្លះ បង្ហាញថា ៨០ភាគរយនៃពួកគាត់ទទួលរងអំពើហិង្សាក្នុងទម្រង់ណាមួយ [៣]។ ការទទួលបានយុត្តិធម៌របស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅមានកម្រិតនៅឡើយ រួមទាំងព័ត៌មាន និងការបញ្ជូនទៅទទួលសេវាផ្លូវច្បាប់ពេញលេញ ដែលជាផ្នែកមួយនៃកញ្ចប់សេវាសំខាន់ៗសម្រាប់ជនរងគ្រោះ ក៏ដូចជាការប្រឈមនឹងឧបសគ្គជាច្រើនក្នុងការទទួលបានការគាំទ្រផ្នែកសុខភាព និងផ្លូវចិត្ត។ បញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសមភាពយេនឌ័រ គឺជាក្តីបារម្ភសម្រាប់សហគមន៍ជនជាតិដើមភាគតិច [៤] ជាពិសេសនៅក្នុងតំបន់ដាច់ស្រយាល។ រដ្ឋបាលនានានៅកម្រិតខេត្ត រាយការណ៍អំពីការកើនឡើងនៃករណីអំពើហិង្សាផ្លូវភេទ និងអត្រានៃការរៀបការវ័យក្មេង ថានៅតែមានកម្រិតខ្ពស់ជាងគេក្នុងចំណោមស្ត្រីនិងក្មេងស្រីជនជាតិដើមភាគតិច ដោយក្នុងនោះ ៥៥ភាគរយនៃក្មេងស្រី រៀបការនៅអាយុ១៨ឆ្នាំ ធៀបនឹង៣៩,៧ភាគរយនៃក្មេងស្រីជនជាតិខ្មែរ [៥]។ សេវាឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅមិនទាន់មានការរៀបចំត្រឹមត្រូវនៅឡើយ នៅក្នុងតំបន់ដែលសហគមន៍ជនជាតិដើមភាគតិចរស់នៅ ហើយបញ្ហាវប្បធម៌ និងភាសា នៅតែជាឧបសគ្គរំខានដល់លទ្ធភាពទទួលបានសេវា ភាពអាចទទួលយកសេវា និងភាពសមស្របនៃការផ្តល់សេវា។

ផ្អែកលើរបាយការណ៍អង្កេតប្រជាសាស្រ្ត និងសុខភាព ឆ្នាំ២០២១-២២ បានរកឃើញ អត្រាប្រេវ៉ាឡង់ជនមានពិការភាពក្នុងចំណោមប្រជាជនកម្ពុជាដែលមានអាយុ៥ឆ្នាំឡើងមានចំនួន ២៤,៤% (ស្រ្តី ២៦,៩% និងបុរស ២១,៨%) [៦]។ ទោះបីជាពិការភាពផ្នែកគំហើញ ការចងចាំ និងការផ្តោតអារម្មណ៍ ជាប្រភេទពិការភាពដែលមានកម្រិតខ្ពស់ និងអត្រាពិការភាពក្នុងចំណោមស្ត្រីមានកម្រិតខ្ពស់ជាងក៏ដោយ [៧] សេវាទាក់ទងនឹងពិការភាពភាគច្រើនផ្តោតលើពិការភាពផ្នែករាងកាយ និងបំលាស់ទី ហើយភាគច្រើនអ្នកដែលបានប្រើប្រាស់សេវាជាបុរស។ តួយ៉ាង ក្នុងអំឡុងពេលនៃការឆ្លើយតបផ្នែកជំនួយសង្គមសម្រាប់ជំងឺកូវីដ-១៩ គេសង្កេតឃើញថា បុរសដែលមានពិការភាពផ្នែករាងកាយ និងបំលាស់ទីដែលបានចុះបញ្ជីប័ណ្ណក្រីក្រមានចំនួនច្រើនជាងស្រ្តី។ ការធ្វើសេចក្តីព្រាងច្បាប់ថ្មីស្តីពីកិច្ចការពារជនមានពិការភាព និងការរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព (NDSP) ដែលនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ មានភាពពាក់ព័ន្ធផ្នែកគោលនយោបាយចំពោះកម្មវិធីACCESS 2។ ទាំងនេះគឺជាឱកាសជាថ្មីសម្រាប់ការចូលរួមក្នុងអភិក្រមផ្អែកលើសិទ្ធិក្នុងការលើកកម្ពស់សេវាអាទិភាពរបស់កម្មវិធី ACCESS 2 ដូចជា សេវាស្តារលទ្ធភាពពលកម្ម និងសេវាសុខាភិបាលសំខាន់ៗ ព្រមទាំងកិច្ចគាំពារសង្គម។ អាកប្បកិរិយាសង្គម និងជំនឿបុរាណជុំវិញបញ្ហាពិការភាព ធ្វើឱ្យមានផលប៉ះពាល់ដល់ការកំណត់អត្តសញ្ញាណ និងការផ្តល់ការគាំទ្រសមស្របសម្រាប់ជនមានពិការភាព រួមទាំងសមាជិកសហគមន៍ជនជាតិដើមភាគតិចផងដែរ។ ទាំងនេះបានជះឥទ្ធិពលដល់ការទទួលបានព័ត៌មានពេញលេញពីតម្រូវការ និងឧបសគ្គដែលជនមានពិការភាពជួបប្រទះក្នុងការទទួលបានសេវា និងឱកាសនានា រួមទាំងការគាំទ្រកិច្ចគាំពារសង្គមតាមរយៈគម្រោងដែលផ្តោតលើពិការភាព។ ដោយសារតែកង្វះខាតអង្គការតំណាងជនមានពិការភាពដែលធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិច បានចោទជាបញ្ហាប្រឈមកាន់តែខ្លាំងក្នុងការកំណត់អត្តសញ្ញាណ និងការបំពេញតម្រូវការរបស់ជនមានពិការភាព។


១ របាយការណ៍វាយតម្លៃឯករាជ្យកម្មវិធី ACCESS ដំណាក់កាលទី១៖ https://www.dfat.gov.au/publications/development/australia-cambodia-cooperation-equitable-sustainable-services-end-program-evaluation

២ កំណត់ចំណាំ៖ តាមរយៈរបាយការណ៍ការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ជំពូកអំពី ពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលបោះពុម្ពផ្សាយនៅចុងឆ្នាំ២០២២ នឹងផ្តល់នូវទិន្នន័យថ្មីៗ និងព័ត៌មានអំពីនិន្នាការនៃវិស័យនីមួយៗ។ ឯកសារព័ត៌មានទី៦ អំពីការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ របស់អង្គការសហប្រជាជាតិនៅកម្ពុជា អំពើហិង្សាលើយេនឌ័រ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ | អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

​Astbury, J., & Walji, F (2013) Triple Jeopardy: អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការរំលោភសិទ្ធិមនុស្សដែលជួបប្រទះដោយស្រ្តីមានពិការភាពនៅកម្ពុជា (AusAID Research Working Paper 1) ។ Fulu, E., Warner, X., & Moussavi, S. (2013). បុរស យេនឌ័រ និងអំពើហិង្សាលើស្រ្តីនៅកម្ពុជា៖ ការរកឃើញពីការសិក្សាតាមគ្រួសារជាមួយបុរសលើការប្រព្រឹត្តិអំពើហិង្សា។ អង្គការ UN Women  ប្រចាំនៅកម្ពុជា។ សូមចូលទៅកាន់របាយការណ៍របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (២០២២)  ដែលមានចំណងជើងថា  Gender Equality Deep Dive for Cambodia – Common Country Analysis. Phnom Penh: UN.

៤​ តាមរយៈសហគមន៍ឥន្ទនូកម្ពុជា​ (រ៉ក់) (២០១៩) ខ្ញុំរៀបការជាមួយបុរសម្នាក់ដើម្បីបំពេញចិត្តឳពុកម្តាយ៖ អំពើហិង្សាក្នុងគ្រួសារ ទៅលើក្រុមស្រលាញ់ភេទដូចគ្នា ស្រី្ត/បុរសស្រឡាញ់ទាំងពីរភេទ ស្រ្តី/បុរសប្តូរភេទ នៅកម្ពុជា។

៥​ ក្រសួងផែនការ និងក្រសួងអភិវឌ្ឍជនបទ (២០២១)។ របាយការណ៍ថ្នាក់ជាតិអំពី ស្ថានភាពប្រជាសាស្រ្ត និងសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច។

៦​ ជនមានពិការភាពនៅកម្ពុជា៖ ការរកឃើញតាមរយៈរបាយការណ៍អង្កេតប្រជាសាស្រ្ត និងសុខភាព ឆ្នាំ១០១៤ & ២០២១-២២។

៧​ ជនមានពិការភាពនៅកម្ពុជា៖ ការរកឃើញតាមរយៈរបាយការណ៍អង្កេតប្រជាសាស្រ្ត និងសុខភាព ឆ្នាំ១០១៤ & ២០២១-២២។

ការផ្តល់សេវា

ការផ្តល់សេវាសំខាន់ៗសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ត្រូវការធនធានយ៉ាងច្រើនដើម្បីបំពេញតម្រូវការរបស់គាត់​។ វិសាលភាពនៃសេវាដែលផ្តល់ជូន​​ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ កំពុងតែវិវត្តន៍ ប៉ុន្តែបច្ចុប្បន្ននេះ វាផ្តោតជាចម្បងលើពិការភាពផ្នែក​រាងកាយ និងអំពើហិង្សា ហើយមិនផ្អែកលើភាពចម្រុះនៃប្រវត្តិរបស់អតិថិជននោះទេ។ ភាពឯករាជ្យផ្នែកសេដ្ឋកិច្ច និងជម្រើសមុខរបរការចិញ្ចឹមជីវិត មានសារៈសំខាន់ណាស់សម្រាប់ជនមានពិការភាព និងជនរងគ្រោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ឱកាសសេដ្ឋកិច្ចគឺជាមធ្យោបាយដ៏សំខាន់ដើម្បីចាកចេញពីភាពក្រីក្រ។ វាក៏សំខាន់ផងដែរសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីមានមធ្យោបាយចិញ្ចឹមជីវិតខ្លួនឯង និងកូនៗរបស់គាត់ដោយឯករាជ្យ។ ការអភិវឌ្ឍន៍ជំនាញ និងសេវាមុខរបរនិងការងារ ចាំបាច់ត្រូវផ្តល់ដោយអ្នកដែលពាក់ព័ន្ធស៊ីជម្រៅក្នុងវិស័យឯកជន និងមានការយល់ដឹងអំពីការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ដើម្បី​ឱ្យសេវាទាំងនេះត្រូវបានដាក់បញ្ចូលក្នុងបណ្តាញ និងអភិក្រមនានាដែលអាចប្រែក្លាយជំនាញទៅជាការងារសមរម្យនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។

នៅក្នុងបរិបទជំងឺកូវីដ-១៩ ដែលនៅតែបន្ត ដែលនាំឱ្យមានកង្វះខាតធនធាន  និងការធ្លាក់ចុះថវិការបស់ម្ចាស់ជំនួយ ក៏នៅតែជាឧបសគ្គចម្បង​ ហើយបញ្ហានេះតម្រូវជាចាំបាច់ក្នុងការបង្កើតអភិក្រមថ្មី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សម្រាប់ការផ្តល់សេវា រួមទាំងអភិក្រមដែលដោះស្រាយឧបសគ្គក្នុងការទទួលសេវា និងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់បញ្ចូលអភិក្រមទាំងនេះទៅក្នុងប្រព័ន្ធផ្តល់សេវា។ មជ្ឈមណ្ឌលផ្តល់សេវាចម្រុះកំពុងត្រូវបានសាកល្បងនៅក្នុងមូលដ្ឋានសុខាភិបាល ជាមធ្យោបាយនៃការផ្តល់សេវារួមបញ្ចូលគ្នាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការតំណាងជនមានពិការភាព អង្គការសិទ្ធិស្រ្តី (OPDs/WROs) ក្នុងការតាក់តែង ការរៀបចំផែនការ និងការអនុវត្តការផ្តល់សេវា គឺមានសារៈសំខាន់ណាស់។ OPDs/WROs ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ រួមទាំងការទទួលបានសេវាប្រកបដោយគុណភាព និងសេវារួមបញ្ចូលគ្នា ដែលឆ្លើយតបចំពោះតម្រូវការអាទិភាព និងចាំបាច់របស់ពួកគេ។

ការលើកកម្ពស់សំឡេងរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងជនមានពិការភាព

ការលើកកម្ពស់សំឡេងរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ក៏នឹងជាចំណុចស្នូលនៃអភិក្រមអនុវត្តន៍របស់កម្មវិធី ACCESS 2 ផងដែរ។ កម្មវិធី​នេះ​ផ្តល់ឱកាសអាទិភាពដល់​​ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ រួមទាំងជនជាតិដើមភាគតិច ដើម្បីចូលរួម​ក្នុងការ​រៀបចំ ការអនុវត្តន៍ និងការ​ត្រួតពិនិត្យតាមដានសកម្មភាព។ តម្រូវការ និងចំណង់ចំណូលចិត្តដែលបានបង្ហាញដោយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព និងលទ្ធផលនៃកម្មវិធី ACCESS 2 សម្រាប់ក្រុមមនុស្សទាំងនេះ គឺជាចំណុចស្នូលនៃកម្មវិធី និងការត្រួតពិនិត្យតាមដាននិងការវាយតម្លៃរបស់កម្មវិធី។ កម្មវិធី ACCESS 2 នឹងរៀបចំកិច្ចព្រមព្រៀងអាទិភាពជាយុទ្ធសាស្រ្តសមស្របមួយ ដើម្បីដោះស្រាយបញ្ហាអាទិភាពសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិការភាពរបស់ជនជាតិដើមភាគតិច ហើយដោយទទួលស្គាល់ថាការចូលរួមបច្ចុប្បន្ន និងបរិបទនៃការអភិវឌ្ឍន៍ដែលមានលក្ខណៈពិសេសរបស់ជនជាតិដើមភាគតិចនៅក្នុងដំណាក់កាលទី១ នៃកម្មវិធី ACCESS គឺមានសារៈសំខាន់។ ការបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបទៅនឹងតម្រូវការ និងអាទិភាពរបស់ជនជាតិដើមភាគតិច នឹងធានាថាការគាំទ្ររបស់ប្រទេសអូស្ត្រាលីគឺមានលក្ខណៈបរិយាបន្ន និងមានលទ្ធផលសម្រាប់ប្រជាជនជនជាតិដើមភាគតិច ស្របតាមរបៀបវារៈការទូតថ្មីសម្រាប់ជនជាតិដើមភាគតិចរបស់ប្រទេសអូស្ត្រាលី។

លទ្ធផលវិនិយោគចុងបញ្ចប់កម្មវិធីដែលបានរំពឹងទុក

គោលដៅទូទៅនៃកម្មវិធី ACCESS 2 គឺដើម្បីធ្វើឱ្យជនមានពិការភាព និងជនរងគ្រោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទទួលបានអត្ថប្រយោជន៍ពីការទទួលបានសេវាប្រកបដោយគុណភាព និងសេវាប្រកបដោយការសម្របសម្រួល ដូចមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី របស់រាជរដ្ឋាភិបាលកម្ពុជា។
កម្មវិធី ACCESS 2 មានលទ្ធផលវិនិយោគចុងបញ្ចប់កម្មវិធី (EOIOs) ចំនួន២ខាងក្រោម ដែលរួមចំណែកដល់ការសម្រេចបានគោលដៅទូទៅនៃកម្មវិធី៖

១. ត្រឹមឆ្នាំ ២០២៨ អ្នកផ្តល់សេវាដែលបានជ្រើសរើស (ដែលពាក់ព័ន្ធ) នឹងផ្តល់សេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសេវាទាក់ទងនឹងពិការភាព ដែលមានគុណភាពខ្ពស់ជាងមុន ដល់អ្នកទទួលផលកាន់តែច្រើននៅក្នុងខេត្តគោលដៅ។

២. ត្រឹមឆ្នាំ ២០២៨ គោលនយោបាយ និងដំណើរការរៀបចំផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការឆ្លើយតបទៅនឹងអាទិភាពរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។