ACCESS 2 ប្រគល់កុំព្យូទ័រយួរដៃ ដើម្បីជាប្រយោជន៍ក្នុងការគាំទ្រការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ — ដំណាក់កាលទី២ (ACCESS 2) មានមោទនភាពដែលបានផ្តល់នូវកុំព្យូទ័រយួរដៃចំនួន៦គ្រឿងដល់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា(LAC)។

អង្គការ LAC គឺជាដៃគូអនុវត្តជាយុទ្ធសាស្រ្តមួយរបស់កម្មវិធី ACCESS 2 ដែលកំពុងធ្វើការផ្តល់នូវជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ក្រោមគម្រោងដែលមានឈ្មោះថា៖ គម្រោងលទ្ធភាពទទួលបានយុត្តិធម៌សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។

ព្យូទ័រយួរដៃទាំងនេះ នឹងប្រើប្រាស់ដោយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដើម្បីរក្សានូវទិន្ន័យចុះបញ្ជីករណី និងជួយដល់អង្គការ LAC ក្នុងការគ្រប់គ្រងករណីរបស់អតិថិជនឱ្យកាន់តែប្រសើរឡើង នៅក្នុងខេត្តសៀមរាប កំពង់ស្ពឺ និងកំពង់ចាម។​ អង្គការ LAC ផ្តល់ជាយោបល់ផ្នែកច្បាប់ និងតំណាងផ្នែកច្បាប់ ដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ក្នុងបទព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៅក្នុងខេត្តទាំងនេះ។ កុំព្យូទ័រទាំងនេះ នឹងជួយដល់អង្គការ LAC ដើម្បីធ្វើការងារដ៏សំខាន់នេះ។​

រដ្ឋាភិបាលអូស្រ្តាលី​ តាមរយៈកម្មវិធី ACCESS 2 បន្តធ្វើការគាំទ្រ ដោយផ្តោតលើការបង្កើនលទ្ធភាពទទួលបានសេវាប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពនៅកម្ពុជា៕