កម្មវិធី ACCESS 2 ប្រារព្ធទិវាអន្តរជាតិនារី ឆ្នាំ២០២៥ ៖ ការអំពាវនាវរួមគ្នាសម្រាប់ធ្វើសកម្មភាព

កម្មវិធី ACCESS 2 បានប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី (IWD) ក្រោមប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។ ព្រឹត្តិការណ៍នៅឆ្នាំនេះ សម្របសម្រួល និងដឹកនាំដោយបុគ្គលិកបុរសនៃកម្មវិធី ACCESS 2 បានសង្កត់ធ្ងន់លើអ្វីដែលថា សមភាពយេនឌ័រមិនគ្រាន់តែជាបញ្ហារបស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាទំនួលខុសត្រូវរួមដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីបុរសជាសម្ព័ន្ធមិត្ត អ្នកស្វែងរកការគាំទ្រមតិ ព្រមទាំងជាអ្នកដឹកនាំ។

អបអរសាទរសមិទ្ធិផលរបស់ស្ត្រីតាមរយៈសកម្មភាព

ព្រឹត្តិការណ៍ IWD ឆ្នាំ ២០២៥ ជាវេទិកាដ៏មានឥទ្ធិពលមួយដើម្បីទទួលស្គាល់ពីការរួមចំណែករបស់ស្ត្រី ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្មវិធី ACCESS 2 ចំពោះសមភាពយេនឌ័រ និងស្វែងរកវិធីអនុវត្តជាក់ស្តែងដែលបុរសអាចធ្វើជាបុគ្គលឆ្នើមក្នុងការពង្រឹងអំណាចរបស់ស្ត្រី។ របៀបវារៈនៅក្នុងព្រឹត្តិការណ៍នេះ រួមមានការធ្វើបទបង្ហាញដែលមានឥទ្ធិពល ការពិភាក្សាសំណួរចម្លើយ និងការប្រមូលផ្តុំនូវការប្តេជ្ញាចិត្ត ដែលអ្នកចូលរួមបានលើកឡើងនូវសកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងជីវិតផ្ទាល់ខ្លួន និងក្នុងវិជ្ជាជីវៈរបស់ពួកគេ។

ការពិភាក្សា និងសកម្មភាពសំខាន់ៗរួមមាន៖

  • ការផ្តល់ភាពអង់អាចចំពោះស្ត្រីតាមរយៈកម្មវិធី ACCESS 2៖ បទបង្ហាញពីភាពជោគជ័យរបស់កម្មវិធី ACCESS 2 ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការបង្កើនលទ្ធភាពទទួលបានសេវាដែលមានគុណភាពសម្រាប់ជនរងគ្រោះពី GBV និងជនមានពិការភាព និងការពង្រឹងក្របខ័ណ្ឌគោលនយោបាយនៅកម្ពុជា។
  • បុរសជាអ្នកស្វែងរកការគាំទ្រមតិសម្រាប់សមភាពយេនឌ័រ៖ ជាវគ្គដែលផ្តល់នូវយុទ្ធសាស្រ្តដែលអាចធ្វើសកម្មភាពបានសម្រាប់បុរសដើម្បីបង្កើតកន្លែងធ្វើការប្រកបដោយដោយបរិយាបន្ន ប្រឈមមុខនឹងទស្សនៈអវិជ្ជមានចំពោះស្រ្តី និងគាំទ្រដល់ការរីកចម្រើនឈានទៅមុខរបស់ស្ត្រី។
  • សំណួរចម្លើយអំពីសមិទ្ធិផលរបស់ស្ត្រី៖ ជាការភ្ជាប់ទំនាក់ទំនងរវាងអ្នកចូលរួមទៅនឹងរឿងពិតជាក់ស្តែងអំពីការរួមចំណែករបស់ស្ត្រីទូទាំងពិភពលោក។
  • ការសន្ទនាជាចំហ និងសកម្មភាពនៃការប្តេជ្ញាចិត្ត៖ ជាឱកាសសម្រាប់ទាំងបុរស និងស្ត្រីដើម្បីឆ្លុះបញ្ចាំងពីរបៀបដែលពួកគេអាចរួមចំណែកដល់សមភាពយេនឌ័រ លើកកម្ពស់វប្បធម៌នៃទំនួលខុសត្រូវរួមគ្នា។

ក្នុងអំឡុងពេលនៃសុន្ទរកថាបើក អនុប្រធានកម្មវិធី ACCESS 2 បានពង្រឹងការប្តេជ្ញាចិត្តមិនងាករេរបស់កម្មវិធីចំពោះសមភាពយេនឌ័រ ដោយបានមានប្រសាសន៍ថា៖

សព្វថ្ងៃនេះ នៅពេលដែលយើងជួបជុំគ្នាដើម្បីអបអរសាទរសមិទ្ធិផលរបស់ស្ត្រី យើងក៏ទទួលស្គាល់ឧបសគ្គដែលនៅតែមាន។ សមភាពយេនឌ័រមិនគ្រាន់តែជាការទទួលស្គាល់ការរួមចំណែករបស់ស្ត្រីនោះទេ គឺវាជាការធានាថាស្ត្រីមានឱកាសដូចគ្នាក្នុងការដឹកនាំ សម្លេងស្រ្តីត្រូវបានគេស្តាប់ឮ និងស្ត្រីមានការរីកចម្រើន។ តាមរយៈ កម្មវិធី ACCESS 2 យើងមិនគ្រាន់តែនិយាយអំពីការផ្លាស់ប្តូរប៉ុណ្ណោះទេ គឺយើងកំពុងធ្វើសកម្មភាព។ យើងទាំងអស់គ្នាត្រូវតែធ្វើការជាមួយគ្នា ទាំងស្ត្រី និងបុរស ដើម្បីបង្កើតអនាគតមួយដែលសមភាពមិនមែនជាឯកសិទ្ធិរបស់អ្នកណាម្នាក់ឡើយ តែវាជាតថភាពជាក់ស្តែងនៃយើងរាល់គ្នា។

ពេញមួយព្រឹត្តិការណ៍នេះ អ្នកចូលរួមបានសម្តែងការពេញចិត្តចំពោះការពិភាក្សា និងតួនាទីរបស់បុរសជាសម្ព័ន្ធមិត្តក្នុងសមភាពយេនឌ័រ ៖

  • «ខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីដែលផ្តល់តម្លៃយ៉ាងពិតប្រាកដដល់ការពង្រឹងអំណាចរបស់ស្ត្រី និងលើកទឹកចិត្តបុរសឱ្យដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រសមភាពយេនឌ័រ» ចែករំលែកដោយ លោកស្រី មករា អ្នកចូលរួមកម្មវិធី ACCESS 2
  • «ការមើលឃើញមិត្តរួមការងារជាបុរសដឹកនាំនៅក្នុងព្រឹត្តិការណ៍នេះគឺជាលើកទឹកចិត្តមួយ។ បញ្ជាក់ឱ្យឃើញថា សមភាពយេនឌ័រមិនគ្រាន់តែជាការសន្ទនាសម្រាប់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបេសកកម្មរួមគ្នាសម្រាប់ទាំងអស់គ្នា» ចែករំលែកដោយ លោកស្រី ពីវ័ន អ្នកចូលរួមកម្មវិធី ACCESS 2
  • «ព្រឹត្តិការណ៍ IWD ឆ្នាំ២០២៥ នៅក្នុងកម្មវិធី ACCESS 2 គឺជាបទពិសោធន៍មិនគួរឱ្យជឿ។ ការពិភាក្សា ការសន្យា ការប្តេជ្ញាចិត្ត និងថាមពលនៅក្នុងបន្ទប់បានធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមានសង្ឃឹមសម្រាប់ការផ្លាស់ប្តូរពិតប្រាកដ» ចែករំលែកដោយ លោកស្រី ពិសី អ្នកចូលរួមកម្មវិធី ACCESS 2
  • «ព្រឹត្តិការណ៍នេះគឺជាការបើកភ្នែក ហើយខណៈពេលដែលខ្ញុំកោតសរសើរចំពោះការពិភាក្សា ខ្ញុំក៏បានទទួលស្គាល់ពីតម្រូវការសម្រាប់ឱកាសកាន់តែច្រើនសម្រាប់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ។ សមភាពយេនឌ័រមិនគ្រាន់តែអំពីបរិយាបន្ននោះទេ វាគឺជាការបង្កើតបរិយាកាសដែលស្ត្រីអាចរីកចម្រើន» ចែករំលែកដោយ លោកស្រី កាណែល អ្នកចូលរួមកម្មវិធី ACCESS 2

ការបន្ស៊ីជាមួយលទ្ធផលនៃការវិនិយោគរបស់កម្មវិធី ACCESS 2

គំនិតផ្តួចផ្តើមនេះរួមចំណែកដោយផ្ទាល់ដល់លទ្ធផលពាក់កណ្តាលកម្មវិធី និងលទ្ធផលចុងបញ្ចប់របស់កម្មវិធី ACCESS 2 ដោយពង្រឹង៖

  • IO1៖ ធ្វើឱ្យប្រសើរនូវគុណភាពនៃសេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។
  • IO2៖ ការពង្រឹងបណ្តាញបញ្ជូនបន្ត និងការទទួលបានការថែទាំដែលមានការសម្របសម្រួល។
  • IO4៖ ការលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើននៅក្នុងដំណើរការរៀបចំគោលនយោបាយ ថវិកា និងផែនការ ធានាឱ្យស្ត្រី និងក្រុមងាយរងគ្រោះមានសម្លេងក្នុងការសម្រេចចិត្ត។

នៅឆ្នាំ ២០២៨ កម្មវិធី ACCESS 2 មានគោលបំណងធានាថាអ្នកផ្តល់សេវាដែលបានជ្រើសរើស បានផ្តល់សេវា GBV និងពិការភាពដែលមានគុណភាពខ្ពស់ដល់អ្នកទទួលផលដែលមានចំនួនកើនឡើង ខណៈដែលដំណើរការគោលនយោបាយ ផែនការ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអាទិភាពរបស់ស្ត្រី ជនរងគ្រោះពី GBV និងជនមានពិការភាព។ ព្រឹត្តិការណ៍នេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះចក្ខុវិស័យនេះ។

ការ​អំពាវនាវ​ឱ្យ​មាន​សកម្មភាពរួមគ្នា

នៅពេលដែលយើងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទិវាអន្តរជាតិនារី កម្មវិធី ACCESS 2 អំពាវនាវដល់មនុស្សគ្រប់រូប ទាំងបុរស និងស្ត្រី ឱ្យធ្វើសកម្មភាពក្នុងតួនាទីរៀងៗខ្លួន។ សមភាពយេនឌ័រមិនគ្រាន់តែជាគោលនយោបាយ ឬគោលដៅរបស់កម្មវិធីប៉ុណ្ណោះទេ គឺវាជាគោលការណ៍គ្រឹះដែលផ្តល់ផលប្រយោជន៍ដល់សង្គមទាំងអស់។ នៅពេលដែលស្ត្រី និងក្មេងស្រីមានសិទ្ធិ ឱកាស និងការការពារស្មើគ្នា សហគមន៍មានការរីកចម្រើន សេដ្ឋកិច្ចរីកចម្រើន ហើយប្រទេសជាតិក៏រីកចម្រើន។

ស្របតាមការប្ដេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីចំពោះសមភាពយេនឌ័រ កម្មវិធី ACCESS 2 នឹងបន្តជំរុញគំនិតផ្តួចផ្តើមដែលបង្កើតឱកាសដែលមានបរិយាបន្ន សមធម៌ និងនិរន្តរភាពកាន់តែច្រើនសម្រាប់យើងទាំងអស់គ្នា។ សូមយើងទាំងអស់គ្នា ចូលរួមពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកពិភពលោកមួយដែលស្ត្រី និងក្មេងស្រីគ្រប់រូបអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងឱកាស។

យើងឈរជាមួយគ្នា ពីព្រោះសមភាពមិនមែនគ្រាន់តែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តៃវាជាការទទួលខុសត្រូវរួមគ្នា