កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី–កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) កំពុងពង្រីកភាពជាដៃគូជាមួយក្រសួងកិច្ចការនារី ដើម្បីធានាបាននូវសេវាកាន់តែរឹងមាំនៅខេត្តគោលដៅទាំង៤ មានដូចជាខេត្តកំពង់ស្ពឺ កំពង់ចាម សៀមរាប និងរតនគិរី។ ACCESS 2 និងក្រសួងកិច្ចការនារី បាននឹងកំពុងធ្វើការជាមួយគ្នា ឆ្ពោះទៅរកលទ្ធផលវិនិយោគចុងបញ្ចប់នៃកម្មវិធី៖
- សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសេវាផ្នែកពិការភាព មានគុណភាពខ្ពស់ដែលផ្តល់ទៅដល់មនុស្សកាន់តែច្រើន
- ផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងអាទិភាពរបស់ជនរងគ្រោះ និងជនមានពិការភាព ស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី
សិក្ខាសាលាផ្តោតលើផែនការឆ្នាំទី៣ ឱ្យកាន់តែច្បាស់លាស់
នៅក្នុងខែឧសភា ឆ្នាំ២០២៥ មន្រ្តីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត បានជួបប្រជុំគ្នា នៅរាជធានីភ្នំពេញ នៅក្នុងសិក្ខាសាលាផែនការរួម ដែលក្រុមការងារ៖
- ឆ្លុះបញ្ចាំងនូវសមិទ្ធផលឆ្នាំទី២ រួមទាំងការចេញនូវទម្រង់របាយការណ៍ស្តង់ដារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បង្វឹកការគ្រប់គ្រងករណីដែលបានពង្រីក និងសាកល្បងអនុវត្តទម្រង់របាយការណ៍សម្រាប់សេវាជនរងគ្រោះ
- ផ្លាស់ប្តូរបទពិសោធមេរៀនដែលរៀនសូត្របាន អំពីកិច្ចអន្តរាគមន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- កំណត់ការងារអាទិភាពសកម្មភាពរួម សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តោតលើការបង្វឹក និងការណែនាំពីដៃគូរដ្ឋាភិបាល
សំឡេងពីសិក្ខាសាលា
លោកជំទាវ ទេស ចន្ទសារឿន អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ «សិក្ខាសាលានេះ បង្កើនការយល់ដឹងរបស់យើងកាន់តែច្បាស់លាស់ អំពីអ្វីដែលត្រូវអនុវត្តជារៀងរាល់ឆ្នាំ និងអ្វីដែលត្រូវការគាំទ្រ និងកិច្ចសហការរវាងរដ្ឋាភិបាល និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត»។
លោកស្រី Sophia Cason ប្រធានក្រុមកម្មវិធី ACCESS 2 បានមានប្រសាសន៍ដែរថា៖ «នៅឆ្នាំទី៣នេះ ACCESS 2 ផ្តោតលើការបង្វឹកដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យសេវាអនុលោមទៅនឹងប្រព័ន្ធរបស់រដ្ឋាភិបាល និងអាទិភាពរបស់ជនរងគ្រោះ»។
លទ្ធផលសំខាន់ៗ
- សេចក្តីព្រាងផែនការងាររួមដែលបានពិភាក្សាសម្រាប់ខេត្តនីមួយៗ បង្ហាញពីសូចនករ ពេលវេលា និងតួនាទីច្បាស់លាស់
- បន្តសាកល្បង និងពង្រីកបែបបទរាយការណ៍តាមទម្រង់នៃការរាយការណ៍ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងឧបករណ៍គ្រប់គ្រងករណីដែលផ្តោតលើជនរងគ្រោះ
- ប្តេជ្ញាពិនិត្យការរៀនសូត្រប្រចាំត្រីមាស ដើម្បីតាមដានពីវឌ្ឍនភាព និងសិក្សាស្វែងយល់ ដើម្បីកែតម្រូវឱ្យបានឆាប់រហ័ស។
សំឡឹងទៅមុខ
ផែនការឆ្នាំទី៣ ដែលបានព្រមព្រៀងគ្នា នឹងជំរុញសេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលផ្តោតលើទិន្នន័យ និងភាពស៊ីសង្វាក់គ្នាបន្ថែមទៀត។ តាមរយៈការពង្រឹងកិច្ចសហការរវាងក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត ACCESS 2 គឺបាននឹងកំពុងជួយដល់កម្ពុជាឱ្យខិតទៅជិតចក្ខុវិស័យចំពោះការគាំទ្រប្រកបដោយសុវត្ថិភាព បរិយាបន្ន និងឆ្លើយតបដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រទាំងអស់៕