ដំណើរឆ្ពោះទៅរកបរិយាបន្នពិការភាពកាន់តែទូលំទូលាយ៖ រំលេចពីកិច្ចប្រជុំលើកទី៣ផ្នែកបរិយាបន្នពិការភាព

កាលបរិច្ឆេទ៖ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥

ទីតាំង៖ ទីក្រុងភ្នំពេញ

ក្រុមការងារផ្នែកបរិយាបន្នពិការភាព គឺជាក្រុមការងារមួយក្នុងចំណោមក្រុមការងារទាំងបីនៅក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធី ACCESS 2 រួមជាមួយនឹងក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការស្តារលទ្ធភាពពលកម្ម។ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាសហដឹកនាំកិច្ចប្រជុំស្តីពីក្រុមការងារផ្នែកបរិយាបន្នពិការភាពដែលរៀបចំឡើងរៀងរាល់៦ខែ។ សមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដៃគូរបស់ ACCESS 2 និងតំណាងស្ថានទូតអូស្រ្តាលី បានពិនិត្យមើលវឌ្ឍនភាព និងបញ្ជាក់ពីអាទិភាពសម្រាប់រយៈពេល៦ខែបន្ទាប់។​

អ្នកចូលរួមនៅក្នុងកិច្ចប្រជុំ

តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC) តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា / ក្រុមប្រឹសកម្មភាពខេត្ត និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត រួមមាន៖ អង្គការជនពិការកម្ពុជា(CDPO) អង្គការ CARE អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) និង UNICEF ព្រមទាំងតំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 បានចូលរួមចែករំលែកនូវវឌ្ឍនភាព និងមេរៀនដកពិសោធ។

ទិសដៅឆ្ពោះទៅមុខ

  • ការធ្វើផែនទីនៃវឌ្ឍនភាព និងអាទិភាពសម្រាប់ការអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៤ ដល់ ២០២៨ (NDSP 3)
  • អាទិភាពពីនាយកដ្ឋានសុខមាលភាពជនពិការ ស្តីពីកម្មវិធីកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងបរិយាបន្នពិការភាពនៅក្នុងកញ្ចប់គ្រួសារ
  • អាទិភាពក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤ ដល់២០៣៥ ទាក់ទងនឹងពិការភាព។
  • UNICEF PafID CDPO និងអង្គការ CARE បានគូសបញ្ជាក់អំពីវឌ្ឍនភាព មេរៀនដកពិសោធ បញ្ហាប្រឈមនានា ដែលរួមចំណែកដល់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា
  • ផែនការសកម្មភាពអាទិភាពប្រចាំឆ្នាំទី៣ និងសូចនករ ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦
  • ព្រឹត្តិការសំខាន់ៗ នាពេលខាងមុខក្នុងរយៈពេល៦ខែបន្ទាប់ រួមទាំងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាមួយសមភាគីរដ្ឋាភិបាល

ឯកឧត្តម ស្រី ចាន់ អគ្គលេខាធិការរងក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា៖
«ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី សម្រាប់ការគាំទ្រវិស័យពិការភាពនៅកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មកនេះ ជាពិសេសតាមរយៈកម្មវិធី ACCESS ដំណាក់កាលទី២។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការ និងក្នុងភាពជាដៃគូនៅក្នុងក្របខ័ណ្ឌការងារ ACCESS 2 ជនមានពិការភាពនឹងទទួលបានអត្ថប្រយោជន៍យ៉ាងពិតប្រាកដ»។

ជំហ៊ានបន្ទាប់

  • ពង្រឹងបរិយាន្នពិការភាពនៅក្នុងការរៀបចំផែនការ និងថវិកានៅថ្នាក់ក្រោមជាតិ
  • អនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មជនមានពិការភាពកាន់តែមានប្រសិទ្ធភាព
  • ពង្រឹងកិច្ចគាំពារសង្គមបរិយាបន្នពិការភាព ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាសម្រាប់ជនមានពិការភាព

ហេតុអ្វីបានការងារនេះមានសារសំខាន់

ក្រុមការងារផ្នែកបរិយាបន្នពិការភាព រួមចំណែកដោយផ្ទាល់ដល់ការវិនិយោគពាក់កណ្តាលកម្មវិធី ក្នុងការផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ រួមទាំងគោលនយោបាយ និងការធ្វើផែនការឆ្លើយតបទៅនឹងអាទិភាពរបស់ជនមានពិការភាព។ តាមរយៈការគាំទ្រ NDSP 3 និងអាទិភាពរបស់រាជរដ្ឋាភិបាលកាន់តែទូលំទូលាយ កម្មវិធី ACCESS 2 មានគោលបំណងធានាឱ្យបាននូវការផ្តល់សេវាប្រកបដោយគុណភាព និងការសម្របសម្រួលដល់ជនមានពិការភាពកាន់តែច្រើននៅចុងបញ្ចប់នៃការវិនិយោគរបស់កម្មវិធី៕