ពិធីនៃការបិទបញ្ចប់ការរួមចំណែកគាំទ្រដល់ ICRC និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានៅខេត្តកំពង់ស្ពឺ និងបាត់ដំបង

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សេវាស្តារលទ្ធភាពពលកម្មត្រូវបានផ្តល់ជូនដោយជោគជ័យនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មនៅខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ (PRCs)។ បន្ថែមពីលើការកែលម្អការទទួលបានសេវាស្តារដែលមានគុណភាព កម្មវិធីនេះក៏បានរួមចំណែកដល់ការពង្រឹងការសម្របសម្រួល និងប្រព័ន្ធបញ្ជូនរវាង PRCs និងមូលដ្ឋានសុខាភិបាលផងដែរ។

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារ ACCESS 2 និងសមាជិកក្រុមការងារ ICRC ក៏ដូចក្រុមការងារមជ្ឈមណ្ឌលស្តារ និងតំណាងអង្គការជនមានពិការភាព (OPDs) បានចូលរួមកិច្ចប្រជុំមួយដើម្បីបិទបញ្ចប់ការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់កម្មវិធី តាមរយៈ ICRC ដល់PRC នៅខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ។

ក្រៅពីគាំទ្រដល់មជ្ឈមណ្ឌលស្តារចំនួនពីរនេះ ការផ្តល់ថវិកានេះក៏បានគាំទ្រសកម្មភាពផ្សព្វផ្សាយសំខាន់ៗនៅតាមសហគមន៍ផងដែរ រួមមានការតាមដាននៅសហគមន៍ ដូចជាការជួសជុលតិចតួចនូវឧបករណ៍អវយវៈសិប្បនិម្មិត ការកំណត់អតិថិជនថ្មី និងផ្សព្វផ្សាយការយល់ដឹងអំពីសេវា។ បរិយាបន្នសង្គមក៏ត្រូវបានគាំទ្រផងដែរ ដូចជា បាល់បោះរទេះរុញ ក៏ដូចជាការបញ្ជូនទៅរកសេវាសុខាភិបាល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ពេជ្រ សារឿន តំណាងអង្គការជនពិការមួយនៅខេត្តបាត់ដំបង នៅក្នុងកិច្ចប្រជុំបានលើកឡើងពីតួនាទីសំខាន់របស់មជ្ឈមណ្ឌលស្តារក្នុងការគាំទ្រដល់ជនមានពិការភាព។ លោកបាននិយាយថា៖ «មជ្ឈមណ្ឌលស្តារ គឺដូចជាសសៃឈាមសម្រាប់ជនមានពិការភាព។ ប្រសិនបើគ្មានសេវាទាំងនេះទេ ពួកគេនឹងប្រឈមមុខនឹងការលំបាកក្នុងការវិលត្រឡប់ទៅរកជីវិតប្រចាំថ្ងៃរបស់ពួកគេវិញ»។

លោកស្រី Sophia Cason ប្រធានកម្មវិធី ACCESS 2 បានទទួលស្គាល់ថា ទោះបីជាការគាំទ្រដោយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលស្តារទាំងនេះកំពុងបញ្ចប់ក៏ដោយ មិនមានន័យថាការប្តេជ្ញាចិត្តលើផ្នែកការស្តារលទ្ធភាពពកម្ម និងបរិយាបន្នពិការភាពនៅកម្ពុជានឹងបញ្ចប់ឡើយ។ កម្មវិធី ACCESS 2 នឹងបន្តការងាររបស់ខ្លួនរហូតដល់ឆ្នាំ២០២៨ ដើម្បីពង្រឹង និងពង្រីកសេវាស្តារនៅក្នុងប្រព័ន្ធសុខាភិបាល ស្របតាមគោលនយោបាយជាតិ និងកំណែទម្រង់ផ្សេងៗ ជាពិសេសផែនទីបង្ហាញផ្លូវស្តីពីការគ្របដណ្តប់សុខភាពជាសកល។

លោកស្រីបានសម្តែងការថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់ ICRC ចំពោះភាពជាអ្នកដឹកនាំផ្នែកបច្ចេកទេសដ៏រឹងមាំ និងការគាំទ្របន្តទៅកាន់មជ្ឈមណ្ឌលស្តារទាំងនេះ ហើយក៏បានអរគុណទៅដល់មូលនិធិជនពិការ បុគ្គលិកមជ្ឈមណ្ឌលស្តារ និង OPDs សម្រាប់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាជូនជនមានពិការភាព។ លោកស្រីក៏បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការស្តារលទ្ធភាពពលកម្ម និងបរិយាបន្នពិការភាព ហើយបានបញ្ជាក់ឡើងវិញពីការគាំទ្របន្តចំពោះអាទិភាពទាំងនេះ។

តាមរយៈលោក កែវ ផល្លា អនុប្រធានគ្រប់គ្រងមជ្ឈមណ្ឌលស្តារនៃ ICRC ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលស្តារនៅកំពង់ស្ពឺ និងបាត់ដំបង បានគាំទ្រដល់អតិថិជនសរុបចំនួន ២៩,៤៣៤ នាក់ ក្នុងការទទួលបានសេវាស្តារលទ្ធភាពពលកម្ម។

តាមរយៈកម្មវិធី ACCESS 2 រដ្ឋាភិបាលអូស្ត្រាលីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពសេវាសម្រាប់ជនមានពិការភាព។ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់ប្រទេសអូស្ត្រាលីក្នុងការរួមចំណែកធ្វើឱ្យមានបរិយាបន្នពិការភាព និងឱកាសស្មើភាពសម្រាប់ប្រជាជនកម្ពុជា៕