កម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនីរន្តរភាព និងសមធម៌ – ដំណាក់កាលទី 2 (ACCESS 2) ផ្នែកបរិយាបន្នពិការភាព (DI) ក្នុងភាពជាដៃគូជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) ក្រុមប្រឹក្សាសកម្មភាពពិការភាព (DAC) និងភាគីពាក់ព័ន្ធផ្សេងទៀត កំពុងជំរុញការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងការគាំទ្រ ពង្រឹងអង្គការតំណាងជនមានពិការភាព (OPD) និងកែលម្អផែនការថ្នាក់ក្រោមជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពលើកទី៣ តាមរយៈការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។ វិស័យអាទិភាពរួមមាន ការកសាងសមត្ថភាព OPD ការពង្រឹងប្រព័ន្ធនៅថ្នាក់ក្រោមជាតិ ជាពិសេសក្រុមប្រឹក្សាសកម្មភាពពិការខេត្ត (PDAC) និងកម្មវិធីវិនិយោគ (IP) និងការបង្កើនទំនាក់ទំនងជាមួយកម្មវិធីការពារសង្គម។
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ កម្មវិធី ACCESS 2 បានរៀបចំសិក្ខាសាលាផែនការការងារប្រចាំឆ្នាំរបស់ក្រុមការងារផ្នែកបរិយាបន្នពិការភាព នៅរាជធានីភ្នំពេញ ដោយបានអញ្ញើញតំណាងមកពីក្រសួងសង្គមកិច្ច អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពពិការ ក្រុមប្រឹក្សាសកម្មភាពខេត្ត មូលនិធិជាតិជំនួយសង្គមជាតិ ស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (រួមទាំងនាយកដ្ឋាន IDPoor របស់ក្រសួងផែនការ) OPD និងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs)។
សិក្ខាសាលានេះបានពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងផ្នែកបរិយាបន្នពិការភាព និងបានពិភាក្សាអំពីផែនការការងារឆ្នាំ ២០២៦-២០២៧។ ការពិភាក្សាផ្តោតលើការពង្រឹងការចូលរួមរបស់ OPD ការកែលម្អការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងទំនាក់ទំនងរបស់វាទៅនឹងកិច្ចគាំពារសង្គម និងការគាំទ្រដល់ការរួមបញ្ចូលមប្រឹក្សាសកម្មភាពខេត្ត និង IP ទៅក្នុងប្រព័ន្ធរដ្ឋាភិបាល។
អ្នកចូលរួមបានពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម មេរៀនដែលបានរៀន និងអនុសាសន៍។ អ្នកចូលរួមក៏បានផ្តោតលើការចូលរួមរបស់ OPD ការពង្រីកការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងទំនាក់ទំនងរបស់វាទៅនឹងកិច្ចគាំពារសង្គម និងការកែលម្អកម្រិតផែនការ និងថវិកាថ្នាក់ក្រោមជាតិ។
ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាសហប្រធានក្រុមការងារផ្នែកបរិយាបន្នពិការភាព បានអំពាវនាវដល់ក្រសួង ដៃគូ OPD និងអ្នកពាក់ព័ន្ធផ្សេងទៀតឱ្យពង្រឹងកិច្ចសហការ និងចែករំលែកចំណេះដឹង ដូច្នេះបរិយាបន្នពិការភាពក្លាយជាផ្នែកស្នូលនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការផ្តល់សេវាសាធារណៈ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ACCESS 2 និងដៃគូទាំងអស់ចំពោះការគាំទ្រ និងការរួមចំណែកជាបន្តបន្ទាប់។
លោកស្រី Sophia Cason ប្រធានកម្មវិធី ACCESS 2 បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ដើម្បីកសាងសង្គមមួយប្រកបដោយបរិយាបន្ន និងសមធម៌ ដែលលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព។ លោកស្រីបានថ្លែងអំណរគុណដល់ក្រសួងសង្គមកិច្ច និង DAC ចំពោះភាពជាអ្នកដឹកនាំ និងទទួលស្គាល់ការចូលរួមចំណែកដ៏សំខាន់របស់ SIPs OPDs និងអាជ្ញាធរមូលដ្ឋានក្នុងការលើកកម្ពស់បរិយាបន្នពិការភាពនៅទូទាំងប្រទេសកម្ពុជា។
លោកស្រី ចាន់ ស្រីទន់ តំណាងគណៈកម្មាធិការឃុំដើម្បីស្ត្រី និងកុមារក្នុងខេត្តកំពង់ចាម និងជាជំនួយការផ្នែកសេវាសង្គម បានចែករំលែកបទពិសោធន៍របស់គាត់ក្នុងការគាំទ្រដល់ជនមានពិការភាពឱ្យទទួលបានប័ណ្ណសម្គាល់ជនមានពិការភាព និងសេវាសង្គមពាក់ព័ន្ធ។
សិក្ខាសាលានេះបានបញ្ចប់ទៅ ដោយទទួលបានធាតុចូលសំខាន់ៗពីដៃគូ ដើម្បីពង្រឹងបន្ថែមទៀតនូវក្រុមការងារផ្នែកបរិយាបន្នពិការភាព រួមទាំងការបង្កើនសមត្ថភាព OPD ការកែលម្អការសម្របសម្រួលនៅថ្នាក់ក្រោមជាតិ និងការពង្រីកការគ្របដណ្តប់អត្តសញ្ញាណកម្មពិការភាព និងទំនាក់ទំនងរបស់វាទៅនឹងកិច្ចគាំពារពារសង្គម។ ដោយមើលទៅមុខ កិច្ចខិតខំប្រឹងប្រែងនឹងបន្តផ្តោតលើការពង្រឹងប្រព័ន្ធ ការសម្របសម្រួល និងចំណេះដឹងនៅថ្នាក់ក្រោមជាតិ ជាពិសេស PDACs និងកម្មវិធីវិនិយោគ ខណៈពេលដែលកំពុងកែលម្អបន្ថែមទៀតនូវអត្តសញ្ញាណកម្មពិការភាព និងការធ្វើសមាហរណកម្មរបស់វាជាមួយកម្មវិធីកិច្ចគាំពារសង្គម៕










