វគ្គបណ្តុះបណ្តាលរំលឹក ពង្រឹងកន្លែងធ្វើការប្រកបដោយបរិយាបន្ន និងសុវត្ថិភាព

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវា ប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី 2 (ACCESS2) បន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាកន្លែងធ្វើការដែលមានសុវត្ថិភាព បរិយាបន្ន និងផ្អែកលើស្តង់ដារនៅទូទាំងបរិយាកាសកម្មវិធី។ នៅក្នុងខែមេសា និងឧសភា ឆ្នាំ២០២៦ ACCESS 2 បានផ្តល់វគ្គបណ្តុះបណ្តាលរំលឹក ស្តីពីគោលការណ៍កិច្ចការពារសុវត្ថិភាព (ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កិច្ចការពារកុមារ) ការគ្រប់គ្រងការក្លែងបន្លំ និងអំពើពុករលួយ នៅខេត្តគោលដៅ។ បន្ថែមពីនេះទៀត នៅរាជធានីភ្នំពេញ វគ្គបណ្តុះបណ្តាលក៏បានផ្តោតលើគោលការណ៍ណែនាំផ្នែកទំនាក់ទំនង ការគ្រប់គ្រងមូលនិធិ និងការគ្រប់គ្រងហានិភ័យផងដែរ។


វគ្គបណ្តុះបណ្តាលនេះផ្តល់ដល់ដៃគូរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs)។ បច្ចុប្បន្ននេះ នៅចុងបញ្ចប់នៃឆ្នាំទីបីរបស់កម្មវិធី វគ្គបណ្តុះបណ្តាលនៅតែបន្តផ្តល់លទ្ធផលដ៏រឹងមាំ។ សិក្ខាកាមទទួលបានការយល់ដឹងកាន់តែច្បាស់អំពីវិធានការកិច្ចការពារសុវត្ថិភាពរបស់ ACCESS2 នីតិវិធីរាយការណ៍ជាជំហានៗ និងការទទួលខុសត្រូវខាងក្រមសីលធម៌។ សមត្ថភាពរបស់សិក្ខាកាម ក្នុងការចែករំលែកបន្តដល់អ្នកដទៃនៅក្នុងស្ថាប័នរបស់ត្រូវបានបង្កើន ដែលគាំទ្រដល់ការអនុម័តយ៉ាងទូលំទូលាយនៃការអនុវត្តការការពារ។ វគ្គទាំងនេះក៏បានអនុញ្ញាតឱ្យដៃគូពិនិត្យ និងកែលម្អគោលនយោបាយរបស់ស្ថាប័នរបស់ខ្លួន ខណៈពេលដែលពង្រឹងជំនាញក្នុងការអភិវឌ្ឍសម្ភារព័ត៌មាន ការអប់រំ និងការទំនាក់ទំនង (IEC) សម្រាប់សហគមន៍។ លើសពីនេះ អ្នកចូលរួមបានពង្រឹងចំណេះដឹង អំពីការគ្រប់គ្រងការក្លែងបន្លំ ការគ្រប់គ្រងជំមូលនិធិ ការគ្រប់គ្រងហានិភ័យ និងការទំនាក់ទំនងស្របតាមស្តង់ដារ DFAT និង Abt។
សំឡេងពីអភិបាលរងខេត្ត
ដោយឆ្លុះបញ្ចាំងពីវគ្គបណ្តុះបណ្តាលនៅខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្ត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលថា៖ «យើងត្រូវតែធានាការផ្តល់សេវាប្រកបដោយសុវត្ថិភាព និងការងារសង្គមប្រកបដោយយុត្តិធម៌ ដើម្បីឱ្យកម្មវិធីនេះអាចសម្រេចបាននូវគោលដៅរបស់ខ្លួនដោយផ្អែកលើសិទ្ធិមនុស្ស និងសុចរិតភាព»។
ឯកឧត្តម ហាន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា៖ «វគ្គបណ្តុះបណ្តាលនេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ ប៉ុន្តែវាគឺជាការរំលឹកអំពីការប្តេជ្ញាចិត្ត និងមនសិការវិជ្ជាជីវៈរបស់យើងក្នុងការបម្រើប្រជាពលរដ្ឋប្រកបដោយសុចរិតភាព។ ការការពារមិនមែនគ្រាន់តែជាទ្រឹស្តីមួយនោះទេ។ វាគឺជាខែលដ៏រឹងមាំសម្រាប់អ្នកទទួលសេវា បុគ្គលិក មន្ត្រីអនុវត្ត និងស្ថាប័ននានា»។
លោកជំទាវ ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងវិធានការការពារ៖ «សូមអបអរសាទរដល់កម្មវិធី ACCESS 2 និងអ្នកទាំងអស់គ្នាដែលបានខិតខំប្រឹងប្រែងដើម្បីជំរុញបេសកកម្មសង្គមដ៏សំខាន់នេះ។ ខ្ញុំជឿជាក់ថាកម្មវិធីនេះនឹងបន្តលើកកម្ពស់វិបុលភាព និងសមភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់នៅក្នុងសង្គមរបស់យើង»។
លោកជំទាវ ញាណ ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ក៏បានមានប្រសាសន៍កោតសរសើរដល់ក្រុមការងារផ្នែក GBV សមាជិកក្រុមការងារពាក់ព័ន្ធ និងដៃគូ សម្រាប់ការចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកជំទាវក៏បានសម្តែងការដឹងគុណចំពោះ ACCESS2 សម្រាប់ការរៀបចំ និងសម្របសម្រួលវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។
សំឡេងពីតំណាងកម្មវិធី ACCESS 2
លោកស្រី Sophia Cason ប្រធានកម្មវិធី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ACCESS 2 ក្នុងការផ្តល់សេវាដែលមានគុណភាពខ្ពស់សម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដោយផ្តល់អាទិភាពដល់សុវត្ថិភាព ការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះស្តង់ដារការពារកុមារ និង PSEAH និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។
ចំណែកឯអនុប្រធានកម្មវិធី លោក Sasha Cigljarevic បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលនេះគឺជាការទទួលខុសត្រូវរួមគ្នា និងជាក់ស្តែង ដោយតួនាទីនីមួយៗរួមចំណែកក្នុងការការពារមនុស្ស និងលើកកម្ពស់ស្តង់ដារសុវត្ថិភាព ព្រមទាំងក្រមសីលធម៌នៅទូទាំងកម្មវិធី។
វគ្គបណ្តុះបណ្តាលនេះលើសពីការអនុលោមតាមច្បាប់។ វាផ្តល់នូវវេទិកាសម្រាប់ការរៀនសូត្រ ការសន្ទនាបើកចំហ និងការកសាងសមត្ថភាព ដោយធានាថាប្រព័ន្ធ និងការអនុវត្តនៅតែមាននិរន្តរភាព និងមានប្រសិទ្ធភាព លើសពីរយៈពេលនៃការអនុវត្តកម្មវិធី៕