ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្មវិធី ACCESS ២ បានអញ្ជើញថ្នាក់ដឹកនាំខេត្ត និងដៃគូពាក់ព័ន្ធនៅខេត្តកំពត ក្នុងវគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍សមត្ថភាពរយៈពេលបីថ្ងៃ ស្តីពី “ការអភិវឌ្ឍន៍ជំនាញសមត្ថភាព”។ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងអនុសាសន៍នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលខេត្តនាពេលថ្មីៗនេះ និងមានគោលបំណងពង្រឹងជំនាញអនុវត្តជាក់ស្តែងដែលចាំបាច់ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តផ្នែកគោលនយោបាយ ទៅជាសកម្មភាពមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ នៃសមាជិកគណៈកម្មាធិការសម្របសម្រួលខេត្តមកពីខេត្តកំពង់ចាម សៀមរាប កំពង់ស្ពឺ និងរតនគិរី រួមជាមួយដៃគូអនុវត្តជាយុទ្ធសាស្ត្រដែលធ្វើការងារលើវិស័យទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្ថារលទ្ធភាពពលកម្ម។ សិក្ខាកាមទាំងអស់បានរួមគ្នាស្វែងយល់ថា តើការសម្របសម្រួលដែលរឹងមាំ ការប្រាស្រ័យទាក់ទងកាន់តែប្រសើរ និងការរៀបចំផែនការដែលបានកែលម្អ អាចជួយផ្តល់សេវាប្រកបដោយបរិយាបន្នបន្ថែមទៀតនៅថ្នាក់ក្រោមជាតិយ៉ាងដូចម្តេច។

ក្នុងរយៈពេលបីថ្ងៃនេះ សិក្ខាកាមបានសិក្សាតាមរយៈប្រធានបទបណ្តុះបណ្តាលចំនួន ១០ ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងទាំងការអនុវត្តបច្ចេកទេស និងវិជ្ជាជីវៈ។ វគ្គនីមួយៗបានគ្របដណ្តប់លើ៖ ការរៀបចំសេចក្តីព្រាងគម្រោង (Concept Note) និងសំណើគម្រោង ការតាមដាន និងវាយតម្លៃ, ការសម្របសម្រួល និងការចរចា ទ្រឹស្តីនៃការផ្លាស់ប្តូរ (Theory of Change) ការវិភាគសេដ្ឋកិច្ចនយោបាយ ការគ្រប់គ្រងព្រឹត្តិការណ៍ ការសរសេរករណីសិក្សា និងការប្រើប្រាស់បណ្តាញសង្គមបែបយុទ្ធសាស្ត្រ។ វគ្គបណ្តុះបណ្តាលនេះបានប្រើប្រាស់វិធីសាស្ត្ររៀនតាមរយៈការអនុវត្ត រួមមានការធ្វើលំហាត់ជាក់ស្តែង និងការត្រាប់សម្តែង ដើម្បីជួយឱ្យសិក្ខាកាមយកជំនាញថ្មីៗទៅអនុវត្តចំពោះបញ្ហាប្រឈមជាក់ស្តែងដែលពួកគេជួបប្រទះក្នុងខេត្តរបស់ខ្លួន។
លទ្ធផលបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ការវាយតម្លៃមុនវគ្គបណ្តុះបណ្តាលបានកត់ត្រាកម្រិតជំនាញបច្ចេកទេសជាមធ្យមត្រឹម ៤៨ ភាគរយ លើមេរៀនគោលៗ ប៉ុន្តែនៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលបានទទួលរហូតដល់៨០ ភាគរយ ។ ការកើនឡើង ៣២ភាគរយនេះ ឆ្លុះបញ្ចាំងពីភាពពាក់ព័ន្ធនៃខ្លឹមសារមេរៀន និងការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាមរួមពេញមួយវគ្គសិក្ខាសាលា។
តំណាងអង្គភាពរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធក៏បានគូសបញ្ជាក់ពីតម្លៃនៃការអនុវត្តជាក់ស្តែងនៃវគ្គបណ្តុះបណ្តាលនេះផងដែរ។ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានកត់សម្គាល់ថា «ឧបករណ៍ និងចំណេះដឹងដែលទទួលបាននឹងជួយឱ្យអ្នកចូលរួមបំពេញការងារកាន់តែមានប្រសិទ្ធភាព និងជួយគាំទ្រដល់សហគមន៍របស់ពួកគេបានកាន់តែប្រសើរ»។ លោក តុល កាណាល់ អនុប្រធានអង្គភាពផែនការ និងវិនិយោគខេត្តកំពង់ចាម បានគូសបញ្ជាក់ថា «នេះជាវគ្គបណ្តុះបណ្តាលដំបូងក្នុងអាជីពរបស់លោកដែលគ្របដណ្តប់លើប្រធានបទទាំង១០ ក្នុងវគ្កសិក្សាតែមួយ ហើយលោកនឹងយកចំណេះដឹងនេះទៅអនុវត្តក្នុងការបណ្តុះបណ្តាលបន្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិនាពេលអនាគត»។
នៅក្នុងពិធីបិទវគ្គ លោក Sasha Cigljarevic អនុប្រធានក្រុមការងារនៃកម្មវិធី ACCESS ២ បានអបអរសាទរដល់គ្រូឧទ្ទេសដែលទើបទទួលបានវិញ្ញាបនបត្រថ្មីៗ និងបានទទួលស្គាល់នូវភាពម្ចាស់ការយ៉ាងរឹងមាំរបស់រដ្ឋបាលខេត្តនីមួយៗ។ អ្នកចូលរួមមកពីខេត្តទាំងបួនក៏បានចែករំលែកនូវការប្តេជ្ញាចិត្តក្នុងការយកឧបករណ៍ទាំងនេះទៅអនុវត្តក្នុងបរិបទផ្ទាល់ខ្លួន រួមមានការពង្រឹងកិច្ចសហការ ការផ្ទេរចំណេះដឹងដល់ក្រុមការងារមូលដ្ឋាន និងការកែលម្អការផ្តល់សេវាប្រកបដោយបរិយាបន្ន។
តាមរយៈការវិនិយោគលើភាពជាអ្នកដឹកនាំ និងជំនាញអនុវត្តជាក់ស្តែងរបស់តួអង្គថ្នាក់ក្រោមជាតិ កម្មវិធី ACCESS 2 កំពុងជួយកសាងប្រព័ន្ធកាន់តែរឹងមាំសម្រាប់ការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាបន្ន។ វគ្គបណ្តុះបណ្តាលនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពម្ចាស់ការនៅកម្រិតខេត្ត ការសម្របសម្រួលដែលមានប្រសិទ្ធភាពជាងមុន និងសេវាដែលកាន់តែល្អប្រសើរសម្រាប់សហគមន៍ រួមទាំងស្ត្រី ជនមានពិការភាព និងអ្នករស់រានមានជីវិតពីអំពើហិង្សា៕











