រដ្ឋាភិបាលភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 បន្តគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា។
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ អង្គការ OIC Cambodia រួមជាមួយរដ្ឋបាលខេត្តក្រចេះ និងវិស័យសុខាភិបាលខេត្ត បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវសេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ព្រឹត្តិការណ៍នេះ បានសម្គាល់ពីការបង្កើតជាផ្លូវការនៃបន្ទប់សេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសា ដែលជួយពង្រីកដល់ការទទួលបានការគាំទ្រផ្នែកការប្រាស្រ័យទាក់ទង និងភាសានៅកម្រិតថ្នាក់ខេត្ត។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់សេវាការព្យាបាលការប្រាស្រ័យទាក់ទងដែលអាចរកបាននៅក្នុងមន្ទីរពេទ្យ បង្កើនការយល់ដឹងបន្ថែមនូវការលំបាកក្នុងការប្រាស្រ័យទាក់ទង និងភាសាចំពោះកុមារ និងពង្រឹងការកំណត់អត្តសញ្ញាណពីដំបូង និងការបញ្ជូនរវាងមណ្ឌលសុខភាព សហគមន៍ និងដៃគូពាក់ព័ន្ធ។
ការព្យាបាលការនិយាយអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារនីតិសម្បទា រួមទាំងការគាំទ្រដល់អ្នកដែលកំពុងជាសះស្បើយពីជំងឺដាច់សរសៃឈាមខួរក្បាល ដើម្បីធ្វើឱ្យប្រសើរនូវការប្រាស្រ័យទាក់ទង និងការលេបអាហារ។ ការព្យាបាលការនិយាយក៏អាចជួយកុមារដែលមានតម្រូវការទំនាក់ទំនង រួមទាំងកុមារដែលមានជំងឺអូទីហ្សឹមផងដែរ ដើម្បីពង្រឹងជំនាញទំនាក់ទំនង និងការចូលរួមក្នុងជីវិតប្រចាំថ្ងៃ។
លោកវេជ្ជបណ្ឌិត ខេង ម៉ាប់ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងសេវាព្យាបាលការនិយាយនៅថ្នាក់ខេត្ត ជាពិសេសសម្រាប់កុមារដែលមានបញ្ហាក្នុងការទំនាក់ទំនង និងភាសា។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា សេវានេះនឹងឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងក្រុមគ្រួសាររបស់ពួកគេ ទាំងនៅក្នុងខេត្តក្រចេះ និងនៅខេត្តជិតខាង ដោយធានាបាននូវការទទួលបានសេវាទំនាក់ទំនង និងភាសាដែលមានគុណភាពទាន់ពេលវេលា»៕
លោក Sasha Cigljarevic អនុប្រធានកម្មវិធី ACCESS 2 បានមានប្រសាសន៍ថា៖ «ក្នុងនាមកម្មវិធី ACCESS 2 ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តក្រចេះ ចំពោះភាពជាដៃគូដ៏រឹងមាំ និងបន្តទៅមុខ»។
អង្គការ OIC កម្ពុជា គឺជាដៃគូអនុវត្តយុទ្ធសាស្ត្រមួយរបស់ ACCESS 2 ដោយអនុវត្តគម្រោង «ការដាក់បញ្ចូលចំណេះដឹង និងការអនុវត្តន៍ស្តីពីការព្យាបាលការប្រាស្រ័យទាក់ទងទៅក្នុងសេវា និងកម្លាំងការងាររបស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ប្រជាជនដែលមានការលំបាកក្នុងការទំនាក់ទំនង និងពិបាកក្នុងការលេបលេបអាហារនៅក្នុងខេត្តក្រចេះ និងខេត្តកំពង់ស្ពឺ»។
តាមរយៈភាពជាដៃគូ ជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត រួមទាំងអង្គការ OIC កម្ពុជា និងអង្គការ Exceed Worldwide និងក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងគ្រឹស្ថានសុខាភិបាលពាក់ព័ន្ធ ACCESS 2 នៅតែប្តេជ្ញាគាំទ្រដល់សេវាស្តារលទ្ធភាពពលកម្ម ដែលអាចរកបាន មានតម្លៃសមរម្យ និងសមធម៌ និងពង្រឹងប្រកបដោយនិរន្តរភាពនៅទូទាំងប្រព័ន្ធសុខាភិបាលកម្ពុជា៕






