ការជំរុញសេវាថ្នាក់ក្រោមជាតិដែលមានបរិយាបន្នតាមរយៈកិច្ចសហការរបស់គណៈកម្មការសម្របសម្រួលខេត្ត

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់គុណភាពសេវាសម្រាប់ជនមានពិការភាព ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងសហគមន៍ជនជាតិដើមភាគតិច។

នៅក្នុងខែមករា ឆ្នាំ២០២៦ កម្មវិធី ACCESS 2 បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រតនគិរី កំពង់ចាម និងកំពង់ស្ពឺ ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆមាសរបស់គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCC) ។ កិច្ចប្រជុំទាំងនេះបានប្រមូលផ្តុំសមាជិក PCC រួមមានអង្គការតំណាងជនមានពិការភាព (OPDs) និងអង្គការជនជាតិដើមភាគតិច ព្រមទាំងដៃគូអនុវត្តជាយុទ្ធសាស្រ្ត (SIPs) ស្ថានទូតអូស្ត្រាលី និងក្រុមការងារ ACCESS 2 ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព ចែករំលែកមេរៀនដែលរៀនសូត្របាន និងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះក៏រួមបញ្ចូលទាំងដំណើរទស្សនកិច្ចនៅមូលដ្ឋាន ដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធពិនិត្យមើលវឌ្ឍនភាពដោយផ្ទាល់ កំណត់បញ្ហាប្រឈមដែលនៅសេសសល់ និងស្វែងរកមធ្យោបាយសម្រាប់ ACCESS 2 ក្នុងការបន្តធ្វើឱ្យប្រសើរនូវការផ្តល់សេវា ។

ការពិភាក្សា និងការប្តេជ្ញាចិត្ត

អ្នកចូលរួមបានផ្តល់ធាតុចូលស្តីពីការពង្រឹងកិច្ចសហការរវាងដៃគូ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ព្រមទាំងបានពិនិត្យមើលវឌ្ឍនភាពសំខាន់ៗលើក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។

ទស្សនៈពីថ្នាក់ដឹកនាំខេត្ត និងម្ចាស់ជំនួយ

ខេត្តសៀមរាប៖ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងការផ្តល់សេវា និងកិច្ចសហការអន្តរវិស័យនៅទូទាំងខេត្តសៀមរាប ។

ខេត្តរតនគិរី៖ លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្ត បានសម្តែងនូវការដឹងគុណចំពោះការរួមចំណែកដ៏មានតម្លៃពីអ្នកចូលរួម និងបានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការបញ្ចូលការងារបរិយាបន្នទៅក្នុងអាទិភាពរបស់ខេត្ត។

ខេត្តកំពង់ចាម៖ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្ត បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តចំពោះការសម្របសម្រួល និងកិច្ចសហការឱ្យកាន់តែរឹងមាំជាមួយដៃគូសំខាន់ៗ រួមមានភាគីពាក់ព័ន្ធ ក្រុមការងារ ACCESS 2 និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងភាពជាម្ចាស់នៅថ្នាក់មូលដ្ឋាន និងការដឹកនាំសម្រាប់និរន្តរភាពយូរអង្វែង ។

ខេត្តកំពង់ស្ពឺ៖ លោកជំទាវ  គា សុភូ​ អភិបាលរងនៃគណៈអភិបាលខេត្ត បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពក្នុងឆមាសកន្លងមកលើវិស័យស្នូលចំនួនបីគឺ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម ផ្នែកGBV និងវិមជ្ឈការ ព្រមទាំងបានកត់សម្គាល់ពីសមិទ្ធផលនានាទោះបីជាមានបញ្ហាប្រឈមខ្លះៗក៏ដោយ។

លោកស្រី​ ហែល សុធារ័ត្ន ប្រធានគ្រប់គ្រងផ្នែកកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការសម្របសម្រួលថ្នាក់ខេត្ត ក្នុងការជំរុញផែនការសកម្មភាពរួម ការលើកកម្ពស់កិច្ចសហការអន្តរវិស័យ និងការធានាថាកម្មវិធីឆ្លើយតបទៅនឹងតម្រូវការនៅថ្នាក់មូលដ្ឋាន និងអាទិភាពរបស់ខេត្ត។

សេចក្តីសន្និដ្ឋាន និងជំហានបន្ទាប់

កិច្ចប្រជុំ PCC បានបញ្ចប់ដោយស្មារតីប្តេជ្ញាចិត្តខ្ពស់ ដោយផ្តល់នូវវេទិកាដ៏សំខាន់សម្រាប់ភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាប្រឈមនានា ពិនិត្យវឌ្ឍនភាព និងអនុសាសន៍នានា។ ACCESS 2 ក៏បានលើកឡើងពីការរៀបចំសម្រាប់ការវាយតម្លៃពាក់កណ្តាលគម្រោង (MTR) ដែលនឹងមកដល់ ដែលទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធពី SIPs និងដៃគូថ្នាក់ក្រោមជាតិ។ ប្រធានបទសំខាន់ គឺការផ្លាស់ប្តូរឆ្ពោះទៅរកភាពជាម្ចាស់ និងការដឹកនាំដោយមូលដ្ឋាន ដោយផ្តោតលើការធានាថា ក្រុមការងារថ្នាក់ខេត្តមានសមត្ថភាព និងភាពជាអ្នកដឹកនាំ ដើម្បីរក្សានិរន្តរភាពនៃគំនិតផ្តួចផ្តើមទាំងនេះទៅថ្ងៃអនាគត៕