ចូលរួមជាមួយយើងដើម្បីបញ្ឈប់អំពើហិង្សា៖ ACCESS 2 ប្រារព្ធយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ

យុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ត្រូវបានគេប្រារព្ធឡើងអស់រយៈពេលជាងបីទសវត្សរ៍មកហើយ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន ជម្នះនឹងអាកប្បកិរិយារើសអើង និងអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាលើស្ត្រីនៅទូទាំងពិភពលោក។

ប្រធានបទយុទ្ធនាការជាសកលសម្រាប់ឆ្នាំនេះគឺ «រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី»។ ប្រធានបទនេះគឺជាការរំលឹកថា ការបញ្ឈប់អំពើហិង្សាលើស្ត្រីគឺមានសារៈសំខាន់ ដើម្បីឱ្យស្ត្រី និងក្មេងស្រីអាចសម្រេចបាននូវសក្តានុពលពេញលេញ រួមទាំងសក្តានុពលតាមប្រព័ន្ធអ៊ីនធឺណិត និងក្នុងវិស័យឌីជីថល។ វាក៏ពង្រឹងផងដែរថា វឌ្ឍនភាពទាមទារឱ្យមានសកម្មភាពរួមប្រកបដោយចីរភាពពេញមួយឆ្នាំ។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី ២ (ACCESS 2) បានរៀបចំយុទ្ធនាការសម្រាប់បុគ្គលិកនៅការិយាល័យកណ្តាលនៃទីក្រុងភ្នំពេញ ដើម្បីរំលឹកដល់យុទ្ធនាការនេះ។ កម្មវិធីនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការចូលរួមទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ​ ឱ្យទទួលបានសេវាប្រកបដោយគុណភាព សុវត្ថិភាព និងបរិយាបន្ន សម្រាប់ស្ត្រីជាជនរងគ្រោះ និងស្រ្តី និងក្មេងស្រីរងគ្រោះដែលមានពិការភាពផងដែរ។

ព្រឹត្តិការណ៍នេះក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់បុរសក្នុងការបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ យើងមានវាគ្មិនកិត្តិយសពីររូបបានចែករំលែកនូវយុទ្ធសាស្ត្រ និងសម្របសម្រួលការពិភាក្សាអំពីទម្រង់ផ្សេងៗនៃអំពើហិង្សា ឫសគល់នៃអំពើហិង្សា និងវិធីសាស្រ្តដើម្បីកាត់បន្ថយអំពើហិង្សាលើស្ត្រី និងក្មេងស្រី។ អ្នកចូលរួមបានចូលរួមចែករំលែកយ៉ាងសកម្មតាមទស្សនៈរៀងៗខ្លួន និងកន្លែងធ្វើការ ដើម្បីចូលរួមលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បានគាំទ្រយុទ្ធនាការ១៦ថ្ងៃ ដែលដឹកនាំដោយក្រសួងកិច្ចការនារី អស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងអំឡុងពេលយុទ្ធនាការ១៦ថ្ងៃ ACCESS 2 ក៏ចែករំលែកនូវមាតិការ ក្នុងការលើកកម្ពស់ការយល់ដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័ររបស់ACCESS 2 ដោយបង្ហាញពីសេវាគាំទ្រដល់ជនរងគ្រោះ ទាំងមាន និងមិនមានពិការភាព។

មនុស្សគ្រប់រូបមានតួនាទីក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ យើងទាំងអស់គ្នាទទួលបានអត្ថប្រយោជន៍ពីសហគមន៍ដែលមានសុវត្ថិភាពជាងមុន ហើយយើងសូមលើកទឹកចិត្តមនុស្សគ្រប់រូប រួបរួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។

ACCESS 2 ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global៕