នាពេលថ្មីៗនេះ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានគាំទ្រដល់គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCC) ដើម្បីរៀបចំកិច្ចប្រជុំស្តីពីការគាំទ្រ និងផ្តល់យោបល់ដល់រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ លើការធ្វើបញ្រ្ជាប សមភាពយេនឌ័រ បរិយាបន្នពិការភាពនិងសង្គម (GEDSI) នៅក្នុងកម្មវិធីវិនិយោគ ក្រុងស្រុក និងឃុំសង្កាត់(DIPs/ CIPs) នៅខេត្តកំពង់ចាម និងរតនគិរី។ កិច្ចប្រជុំនេះមានគោលបំណង ផ្តល់ការគាំទ្រដោយផ្ទាល់ដល់មន្រ្តីក្រុង ស្រុក និងឃុំ ក្នុងការបញ្ចូលគោលការណ៍GEDSI ទៅក្នុងកម្មវិធីវិនិយោគក្រុងស្រុក និងឃុំសង្កាត់ ដោយបង្កើននូវការវិភាជន៍ថវិកាសម្រាប់សេវាសង្គម។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺដើម្បី៖
- វាយតម្លៃវឌ្ឍនភាព៖ វាយតម្លៃវឌ្ឍនភាពដែលធ្វើឡើងដោយអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការដាក់បញ្ចូលគោលការណ៍GEDSI ទៅក្នុងកម្មវិធីវិនិយោគក្រុងស្រុកនិងឃុំសង្កាត់ បន្ទាប់ពីសិក្ខាសាលា GEDSI ។
- ផ្តល់ការគាំទ្រដោយផ្ទាល់៖ ផ្តល់ការណែនាំ និងការបង្ហាត់បង្ហាញដោយផ្ទាល់ដល់អ្នកចូលរួម អំពីរបៀបអនុវត្តគោលការណ៍ GEDSI ជាពិសេសផ្តោតលើការបែងចែកថវិកាសេវាសង្គមដើម្បីគាំទ្រក្រុមងាយរងគ្រោះ។
- សម្របសម្រួលការរៀនសូត្រទៅវិញទៅមក៖ បង្កើតវេទិកាសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិដើម្បីបង្ហាញ CIPs និង DIPs របស់ពួកគេ ចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈម និងយុទ្ធសាស្រ្តជោគជ័យសម្រាប់ការបញ្ជ្រាប GEDSI ។
- ដោះស្រាយឧបសគ្គនៃការអនុវត្តន៍៖ កំណត់ និងសហការដោះស្រាយបញ្ហាប្រឈម និងឧបសគ្គទូទៅក្នុងការបញ្ជ្រាប GEDSI ទៅក្នុងដំណើរការរៀបចំផែនការ និងថវិកាថ្នាក់ក្រោមជាតិ។
វិធីសាស្រ្ត និងលទ្ធផល
កិច្ចប្រជុំនៅនៅខេត្តទាំងពីរនេះ បានអញ្ជើញតំណាងអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ដែលមកពីស្រុក និងឃុំ រដ្ឋបាលខេត្ត ដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងអង្គការតំណាងជនមានពិការភាព ដែលមានចំនួនសរុបចំនួន២១១នាក់ (មានស្រ្តីចំនួន៨៦នាក់ ជនជាតិដើមភាគតិចចំនួន៥១នាក់ និង៨នាក់ជាជនមានពិការភាព)។
កិច្ចប្រជុំនេះបានប្រើវិធីសាស្ត្រ ពិគ្រោះយោបល់ ដោយមានការសង្ខេបនូវគំនិតផ្តួចផ្តើមផ្នែក GEDSI ការធ្វើបទបង្ហាញស្តីពីសារាចរណែនាំលេខ ០០៧ «ខ្ទង់ចំណាយលម្អិតនៃសេវាសង្គម» ដោយមន្រ្តីនៃទីចាត់ការផែនការ និងថវិកានៃសាលាខេត្ត និងបទបង្ហាញស្តីពីសេចក្តីពង្រាង CIPs និង DIPs ដោយអជ្ញាធរស្រុក ឃុំ ព្រមទាំងគោលការណ៍ GEDSI នៅក្នុង CIPs និង DIPs។
ផ្នែកសំខាន់មួយទៀតនៃកិច្ចប្រជុំ គឺពាក់ព័ន្ធនឹងការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព ដើម្បីបន្ស៊ីជាមួយនឹងកញ្ចប់ថវិកាសេវាសង្គម។
កិច្ចប្រជុំនេះទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយអ្នកចូលរួមទទួលបានចំណេះដឹងបន្ថែម ដើម្បីយកទៅអនុវត្តទៅនឹងគោលការណ៍ GEDSI ដែលបង្ហាញពីវិធីវិភាជន៍ថវិកាសេវាសង្គម។
កិច្ចប្រជុំនេះក៏បានបង្ហាញពីបញ្ហាប្រឈមជាក់លាក់ និងស្នើររកដំណោះស្រាយ ដោយផ្អែកលើមតិត្រឡប់ និងមេរៀនដែលទទួលបាន។ លទ្ធផលមួយដែលទទួលបាននោះ គឺការកែលម្អរ CIPs និង DIPs ឱ្យកាន់តែប្រសើរ ដោយឆ្លុះបញ្ចាំងទៅនឹងគោលការណ៍ GEDSI ដើម្បីធានាថា ថវិកាត្រូវបានបែងចែក ដើម្បីគាំទ្រដល់តម្រូវការរបស់ស្រ្តី ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ។
ទស្សនៈថ្នាក់ដឹកនាំខេត្ត
លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានចែករំលែកនូវអនុសាសន៍ថា៖ «សូមពាំនាំយកកនូវចំណេះដឹងដែលទទួលបានពីកិច្ចប្រជុំនេះ ទៅចែករំលែកជាមួយក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើកកម្ពស់សិទ្ធិជនមានពិការភាព និងជាពិសេស បញ្ជ្រាបវាទៅក្នុងផែនការថវិកា និងផែនការសកម្មភាព»។
ឯកឧត្តម វ៉ាន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា៖ «គោលការណ៍បញ្ជ្រាប GEDSI នៅក្នុងកម្មវិធីវិនិយោគរបស់ថ្នាក់ក្រោមជាតិ សម្រាប់ថវិកាប្រកបដោយបរិយាបន្ន មិនត្រឹមតែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាជាការប្តេជ្ញាចិត្តរបស់ថ្នាក់ក្រោមជាតិ ក្នុងការកសាងសង្គមមួយប្រកបដោយបរិយាបន្ន ដោយមិនមានអ្នកណាម្នាក់ត្រូវបានទុកចោល»។
ការអនុវត្តន៍ល្អៗ មេរៀនដកពិសោធន៍ នៅខេត្តកំពង់ចាម និងខេត្តរតនគិរី
- ការផ្តល់ការគាំទ្រដោយផ្ទាល់៖ កិច្ចប្រជុំបានបង្ហាញថា ផ្តល់ការណែនាំ និងការបង្ហាត់បង្ហាញដោយផ្ទាល់ គឺជាវិធីសាស្រ្តដ៏រហ័សមួយ និងមានប្រសិទ្ធភាព ក្នុងការជួយដល់អាជ្ញាធរនៅថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្តគោលការណ៍ GEDSI។ វិធីសាស្រ្តបែបនេះ នឹងជួយដល់អ្នកចូលរួមនូវចំណេះទាំងផ្នែកទ្រឹស្តី ព្រមទាំងធ្វើឱ្យពួកគាត់មានឱកាសបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពភ្លាមៗនូវ CIPs និង DIPs ដើម្បីបន្ស៉ីទៅនឹងកញ្ចប់សេវាសង្គម និងតម្រូវការនៃការបែងចែកថវិកាសេវាសង្គមនេះដើម្បីគាំទ្រដល់អ្នកផ្តល់សេវា និងក្រុមជនងាយរងគ្រោះ។
- រៀនសូត្រពីគ្នាទៅវិញទៅមក៖ រៀបចំឱ្យមានជាវេទិកាមួយសម្រាប់អ្នកចូលរួមដើម្បីចែករំលែកនូវការងាររបស់គាត់ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងចែករំលែកនូវយុទ្ធសាស្រ្តជោគជ័យសម្រាប់ការបញ្ជ្រាប GEDSI ។ ការរៀនសូត្រពីគ្នាទៅវិញទៅមក បានជំរុញឱ្យមានបរិយាកាសសហការរៀនសូត្រ ព្រមទាំងជួយដល់អាជ្ញាធររៀនចែករំលែកនូវពិសោធន៍ពីគ្នាទៅវិញទៅមក។
- មតិត្រឡប់៖ មតិត្រឡប់ដែលប្រើប្រាស់វិធីសាស្រ្តដឹកនាំដោយអ្នកសម្របសម្រួល នឹងធានាថាអាជ្ញាធរទទួលបាននូវមតិយោបល់ក្នុងន័យស្ថាបនា។ តាមរយៈការគាំទ្រដែលមានគោលដៅជាក់លាក់ នឹងជួយដល់ពួកគាត់ឱ្យមានការយល់ដឹងកាន់តែច្បាស់នូវកម្មវិធីវិនិយោគ ក្នុងការឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់នូវគោលការណ៍ GEDSI នឹងធានាថា ថវិកាត្រូវបានបែងចែកសម្រាប់ជួយដល់ស្រ្តី ជនមានពិការភាព និងក្រុមជនងាយរងគ្រោះដែលមានត្រូវតម្រូវការ។
ទិសដៅឆ្ពោះទៅមុខ
- អង្គប្រជុំបានឯកភាពថា ដោយមានការគាំទ្រពីដៃគូអនុវត្តជាយុទ្ធសាស្ត្រ និង PCC នោះ DIP/CIP នឹងត្រូវបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពសម្រាប់ការបង្ហាញនៅក្នុងសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក (DIW)។
- ចំពោះកាលវិភាគសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុកនេះ នឹងត្រូវផ្សព្វផ្សាយទៅដល់ភាគីពាក់ព័ន្ធ និងលើកទឹកចិត្តពួកគាត់ឱ្យចូលរួមនៅក្នុងសិក្ខាសាលានេះ ដើម្បីធានាថាអាទិភាពរបស់ពួកគេត្រូវបានបន្ស៊ីជាមួយអាទិភាពថ្នាក់ក្រោមជាតិ និងការធ្វើសមាហរណកម្មដោយរលូនទៅក្នុងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ៕