នាពេលថ្មីៗនេះ យើងរៀបចំកិច្ចប្រជុំលើកទី១គណៈកម្មការសម្របសម្រួលថ្នាក់ខេត្តរតនគិរី ដែលសហដឹកនាំកិច្ចប្រជុំដោយលោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងលោកស្រី Sophia Cason ប្រធាកម្មវិធី ACCESS 2 និងមានការអញ្ជើញចូលរួមពីតំណាងមកពីរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការCARE អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) និងអង្គការសមាគមខ្មែរលើ(HA) និងអង្គការថែរក្សាភាសាជនជាតិដើមភាគតិច(CIPL) ដែលជាអង្គការដៃគូរបស់ CARE ក៏ដូចជាក្រុមការងាររបស់កម្មវិធី ACCESS 2។
មុនពេលចូលរួមកិច្ចប្រជុំ សហប្រធាន និងសមាជិក បានធ្វើដំណើរទស្សនកិច្ចបន្ទប់ប្រឹក្សាយោបល់ដែលទើបតែបង្កើតថ្មីនៅឃុំលំហូរ ស្រុកអូយ៉ាដាវ និងបានជួបសំណេះសំណាលជាមួយអ្នកទទួលផលនៅឃុំផងដែរ ដើម្បីសិក្សាស្វែងយល់អំពីការងារអាទិភាពពាក់ព័ន្ធនឹងបរិយាបន្នពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
កិច្ចប្រជុំលើកទី១គណៈកម្មការសម្របសម្រួលថ្នាក់ខេត្តក៏បានប្រកាសព័ត៌មានអំពីអនុសារណៈនៃកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងកម្មវិធី ACCESS 2 រវាងរដ្ឋាភិបាលនៅថ្នាក់ខេត្ត និងកម្មវិធី ACCESS 2 ព្រមទាំងចែករំលែកដល់សមាជិកគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត នូវលក្ខខណ្ឌប្រតិបត្តិការងារ ពិនិត្យមើលវឌ្ឍនភាព និងអនុម័តផែនការការងាររួមនៅខេត្តរតនគិរី។
ការពិភាក្សា និងការប្តេជ្ញាចិត្ត
អ្នកចូលរួមបានចូលរួមរួមចែករំលែកធាតុចូលយ៉ាងផុសផុលលើផែនការការងារ រួមទាំងអនុសាសន៍ លើផែនការការងាររួមដែលត្រូវបង្កើតឡើង។ សមាជិកក៏បានពិភាក្សាផងដែរ លើការអនុវត្តន៍កម្មវិធីកិច្ចគាំពារសង្គមប្រកបដោយប្រសិទ្ធភាពសម្រាប់ជនមានពិការភាព និងការផ្តល់សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
- សម្លេងពីលោកស្រី Sophia Cason
«កិច្ចប្រជុំលើកទី១នេះ គឺជាព្រឹត្តិការដ៏សំខាន់មួយ ដែលបង្ហាញពីកិច្ចសហការយ៉ាងស៊ីជម្រៅរវាងអជ្ញាធរខេត្តរតនគិរី និងកម្មវិធី ACCESS 2»។
- សម្លេងពីលោកជំទាវ ញាន ទិត្យចិន្តា
«ខ្ញុំមានក្តីសោមនស្សរីករាយដែលបានធ្វើជាសហប្រធានជាមួយលោកស្រី Sophia Cason នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ។ ថ្ងៃនេះគឺជាព្រឹត្តិការដ៏សំខាន់ បន្ទាប់ពីយើងបានរៀបចំឡើងយ៉ាងច្រើន ហើយទីបំផុតយើងអាចបានបង្កើតវាឡើង។ សូមអរគុណដល់កិច្ចសហការ និងការគាំទ្រយ៉ាងរឹងមាំពីកម្មវិធី ACCESS 2 និងអង្គការ CARE »។
ការសម្រេចចិត្តសំខាន់ៗ និងជំហ៊ានបន្ទាប់
- គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត បានអនុម័តផែនការការងាររួម (ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦)
- គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត បានយល់ព្រមបង្កើតក្រុមប្រត្តិបត្តិ PCC
- អង្គការ CARE នឹងធ្វើការជាមួយសមាជិក PCC ដើម្បីដាក់ស្នើរនូវបញ្ជីសមាជិកក្រុមការងារ សម្រាប់ការយល់ព្រមពីអភិបាលខេត្ត
កិច្ចប្រជុំនេះមិនត្រឹមតែជានិម្មិតសញ្ញានៃការចាប់ផ្តើមជាផ្លូវការនៃក្រុមការងារគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏អនុលោមជាមួយគោលបំណងរួមរបស់ ACCESS 2 ក្នុងការផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិការភាពឱ្យទាន់ពេលវេលា។ កិច្ចប្រជុំនេះក៏ឆ្លើយតបទៅនឹងគោលនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដំណើរការរៀបចំផែនការដែលឆ្លើយតបទៅនឹងអាទិភាពរបស់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕