អូស្រ្តាលីគាំទ្រសមភាពយេនឌ័រ និងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីនៅកម្ពុជា

អូស្រ្តាលី និងកម្ពុជា បន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញអភិបាលកិច្ច ប្រកបដោយគណនេយ្យភាព បរិយាបន្ន និងភាពជាម្ចាស់របស់រដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) ។ ក្នុងភាពជាដៃគូនេះ គឺពង្រឹងសមត្ថភាពនៃរចនាសម្ព័ន្ធអភិបាលកិច្ចខេត្ត និងមូលដ្ឋាន ដើម្បីផ្តល់សេវាប្រកបដោយសមធម៌ បរិយាបន្ន និងនិរន្តរភាព ជាពិសេសផ្តល់ជាប្រយោជន៍ដល់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

នាពេលថ្មីៗនេះ​ យើងបានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង នៅខេត្តកំពង់ស្ពឺ កំពង់ចាម និងខេត្តសៀមរាប ស្តីពីការសម្របសម្រួលនៅថ្នាក់ក្រោមជាតិ ដែលសិក្ខាសាលានេះ បានសម្របសម្រួលដល់កិច្ចសន្ទនាប្រកបដោយអត្ថន័យ នៅក្នុងចំណោមគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់កម្មវិធី ACCESS 2 ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យលើសមិទ្ធផល ផ្លាស់ប្តូរបទពិសោធ និងកិច្ចសហការគ្នាដើម្បីកំណត់យុទ្ធសាស្រ្តជាក់ស្តែង សម្រាប់ការសម្របសម្រួល និងការផ្តល់សេវានៅថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរ។

សិក្ខាសាលានេះដែរ បានគូសបញ្ជាក់ពីតួនាទីសំខាន់ ដែលបង្កើនកិច្ចសហការក្នុងការលើកកម្ពស់គុណភាពសេវាប្រកបដោយបរិយាបន្ន និងការផ្តល់សិទ្ធិអំណាចដល់អជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។

សិក្ខាសាលានេះមានគោលបំណង​ និងលទ្ធផលដើម្បី៖

  • ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីការចូលរួមរវាងសហគមន៍ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នក្នុងភាព​ជាដៃគូ និងលទ្ធផលនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
  • កំណត់ និងវិភាគបញ្ហាប្រឈម និងឱកាសសំខាន់ៗ ក្នុងការសម្របសម្រួលដល់ការអនុវត្តន៍មូលដ្ឋានលើគោលនយោបាយផ្នែកយេនឌ័រ និងបរិយាបន្នពិការភាព។
  • ទទួលបានអនុសាសន៍ដែលអាចអនុវត្តបាន ដើម្បីបង្កើនយុទ្ធសាស្រ្តវិមជ្ឈការសម្រាប់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។
  • ពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាលមូលដ្ឋាន អង្គការសង្គមស៊ីវិល និងតួអង្គដែលជាដៃគូអភិវឌ្ឍអន្តរជាតិ។

សំឡេងរបស់ថ្នាក់ដឹកនាំខេត្ត

ក្នុងអំឡុងពេលសិក្ខាសាលា ថ្នាក់ដឹកនាំខេត្តនីមួយៗ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះផលជះរបស់ ACCESS 2៖

  • លោកជំទាវ ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានកត់សម្គាល់ថា៖ «ACCESS 2 បានជំរុញភាពជាម្ចាស់រដ្ឋាភិបាល និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា បង្កើតក្របខ័ណ្ឌដ៏រឹងមាំសម្រាប់ដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងយេនឌ័រ និងពិការភាព»។
  • លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានកោតសរសើរ គំនិតផ្តួចផ្តើមនេះថា៖ «ជាគម្រូមួយដែលបង្ហាញពីភាពជាដៃគូ ប្រកបដោយបរិយាបន្នរវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការជំរុញភាពជាម្ចាស់នៅថ្នាក់មូលដ្ឋាន និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអាទិភាពនៅសហគមន៍»។
  • លោកជំទាវ ម៉ននី រង្សី និងឯកឧត្តម នាក់ ណេរ៉ុណ​ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាសហប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតយន្តការលេខាធិការដ្ឋានគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត។ យន្តការនេះរួមចំណែកបង្កើនការសម្របសម្រួលដល់ភាពជាម្ចាស់នៅថ្នាក់មូលដ្ឋាន និងការត្រួតពិនិត្យទិន្នន័យ ដែលផ្តល់សារសំខាន់សម្រាប់ការសម្រេចចិត្ត និងកិច្ចអន្តរាគមន៍នៅតំបន់គោលដៅ។

រីឯដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់កម្មវិធី ACCESS 2 បានរួមចំណែកយ៉ាងសកម្ម ក្នុងអំឡុងពេលពិភាក្សានៅក្នុងសិក្ខាសាលា​ ដោយបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងសហការដែលកំពុងបន្ត ដើម្បីបង្កើនការសម្របសម្រួល និងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។

ដំណើរទស្សនកិច្ច៖ ភ្ជាប់គោលនយោបាយ និងការអនុវត្តន៍ផ្ទាល់

ភ្ជាប់ជាមួយសិក្ខាសាលានេះដែរ អ្នកចូលរួម បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីតាំងគម្រោងដែលគាំទ្រដោយ ACCESS 2 ផងដែរ។ ដំណើរទស្សនកិច្ចទាំងនេះបានផ្តល់នូវភស្តុតាងជាក់ស្តែង នៃផលជះបែបវិជ្ជមានរបស់កម្មវិធី ដោយមានការសម្របសម្រួលដោយផ្ទាល់ជាមួយអ្នកផ្តល់សេវា និងសមាជិកសហគមន៍។ ការចូលរួមបែបនេះបានរួមចំណែកបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្រូវការ ឱកាស និងបញ្ហាប្រឈមនៅកម្រិតសហគមន៍ ដែលមានគម្លាតរវាងការតាក់តែងគោលនយោបាយ និងការអនុវត្តន៍ជាក់ស្តែង។

ការប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះអភិបាលកិច្ចដែលដឹកនាំដោយមូលដ្ឋាន

លោកស្រី ហ៊ែល សុធារតន៍ ប្រធានផ្នែកគ្រប់គ្រងកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការគាំទ្រជាបន្តបន្ទាប់របស់អូស្ត្រាលី៖

«វិមជ្ឈការ គឺជាមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្នតាមរយៈការនាំយកការសម្រេចចិត្ត កាន់តែជិតដល់សហគមន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានតួនាទីក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ដើម្បី ធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោល»។

ការសំឡឹងមើលទៅមុខ

សិក្ខាសាលាឆ្លុះបញ្ចាំងបានបញ្ចប់ដោយជោគជ័យ ជាមួយនឹងគោលបំណង និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីបង្កើនយន្តការសម្របសម្រួលនៅថ្នាក់ក្រោមជាតិ។ ភាគីពាក់ព័ន្ធបានប្តេជ្ញាអនុវត្តតាមអនុសាសន៍ជាក់ស្តែង និងពង្រឹងកិច្ចសហការពហុភាគីពាក់ព័ន្ធ ដើម្បីជំរុញអភិបាលកិច្ច ប្រកបដោយគណនេយ្យ និងបរិយាបន្ន នៅទូទាំងប្រទេសកម្ពុជា៕