កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រូវបានរៀបចំឡើងនៅខេត្តកំពត ដែលមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងមកពីក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលមកពីខេត្តចំនួន១២ ដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 និងក្រុមការងារកម្មវិធី ACCESS 2។ សិក្ខាសាលា ដែលឧបត្ថម្ភដោយកម្មវិធី ACCESS 2 របស់រដ្ឋាភិបាលអូស្រ្តាលី ជាវេទិកាមួយដ៏សំខាន់ក្នុងការចែករំលែកសមិទ្ធផលដែលសម្រេចបាន មេរៀនដែលរៀនសូត្របាន និងយុទ្ធសាស្រ្តនានា ដើម្បីពង្រឹងសេវាផ្នែកអំពើហិង្សាទាក់ទនឹងយេនឌ័រ និងពិការភាព។
ការជំរុញវឌ្ឍនភាពឆ្ពោះទៅរកលទ្ធផលសំខាន់ៗ
ការពិភាក្សានៅក្នុងសិក្ខាសាលានេះ ផ្តោតលើលទ្ធផលវិនិយោគចុងបញ្ចប់កម្មវិធីសម្រាប់ ACCESS 2៖
- ការផ្តល់សេវាកាន់តែប្រសើរ៖ អ្នកចូលរួមបានស្វែងយល់ពីវិធីសាស្រ្តពង្រឹងអ្នកផ្តល់សេវាដែលបានជ្រើសរើស នៅក្នុងការផ្តល់សេវាផ្នែកអំពើហិង្សា និងពិការភាពដែលមានគុណភាពខ្ពស់ ទៅកាន់អ្នកទទួលផលដែលកំពុងកើនឡើងនៅទូទាំងខេត្តគោលដៅ។
- គោលនយោបាយ និងផែនការឆ្លើយតប៖ សិក្ខាសាលាបានសង្កត់ធ្ងន់ទៅលើតម្រូវការ ដែលអនុលោមទៅនឹងដំណើរគោលនយោបាយជាតិ និងថ្នាក់ក្រោមជាតិ ជាមួយនឹងអាទិភាពរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។
ពង្រឹងការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ
តាមរយៈសកម្មភាពជាក្រុម សិក្ខាកាមបានចែករំលែកនូវការអនុវត្តន៍ល្អៗ ធ្វើឱ្យប្រសើរឡើងនូវកញ្ចប់បណ្តុះបណ្តាល និងបង្កើនការប្រើប្រាស់បញ្ជីត្រួតពិនិត្យគុណភាពសេវាដែលជាឧបករណ៍សំខាន់ៗជំរុញប្រសិទ្ធភាពកម្មវិធី។ កិច្ចប្រឹងប្រែងរួមគ្នាទាំងនេះ ពង្រឹងការប្តេជ្ញាចិត្តរបស់ ACCESS 2 ចំពោះសមភាពយេនឌ័រ និងបង្កើនការផ្តល់សេវា។
ចក្ខុវិស័យសម្រាប់អនាគត
នៅក្នុងសុន្ទរកថាបិទវគ្គបណ្តុះបណ្តាល លោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី បានគូសបញ្ជាក់ពីសមិទ្ធផលនៃសិក្ខាសាលា និងបានលើកឡើងពីផែនការយុទ្ធសាស្រ្តការងារ សម្រាប់គាំទ្រដល់ក្រុមការងារផ្នែកអំពើហិង្សានៅថ្នាក់ក្រោមជាតិ។ លោកជំទាវ បានសង្កត់ធ្ងន់ពីសារសំខាន់ក្នុងកិច្ចសហការសកម្មភាពការងារ និងការរៀបចំផែនការយុទ្ធសាស្រ្តក្នុងការដោះស្រាយពីតម្រូវការរបស់ជនរងគ្រោះ។
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំនេះ ជាសក្ខីភាពមួយចំពោះការយកចិត្តទុករបស់ ACCESS 2 ក្នុងការផ្តល់នូវលទ្ធផលជាក់ស្តែង។ ដោយអនុលោមទៅតាមយុទ្ធសាស្រ្តប្រតិបត្តិការជាមួយលទ្ធផលវិនិយោគចុងបញ្ចប់កម្មវិធីរបស់យើង យើងបន្តបោះជំហ៊ានទៅមុខយ៉ាងសំខាន់ក្នុងការធានាថា ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពទទួលបានការគាំទ្រគុណភាពខ្ពស់នៃសេវាដែលពួកគេនឹងទទួលបាន។
ការប្តេជ្ញាចិត្តរបស់យើង ក្នុងការសហការយ៉ាងជិតស្និតជាមួយ DFAT និងដៃគូផ្សេងទៀត នៅតែមានស្ថេរភាពក្នុងការជំរុញការផ្លាស់ប្តូរប្រកបដោយអត្ថន័យ និងយូរអង្វែង៕