អូស្រ្តាលីគាំទ្រសេវាអវយវៈសិប្បនិម្មិតនិងរណប៖ ផ្លាស់ប្តូរការរស់នៅនៅកម្ពុជា

រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌​ — ដំណាក់កាលទី២ (ACCESS 2) ប្តេជ្ញាក្នុងការលើកកម្ពស់សេវាប្រកបដោយបរិយាបន្ននៅកម្ពុជា។ ACCESS 2 សហការជាមួយដៃគូពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដើម្បីបង្កើនគុណភាព និងការសម្របសម្រួលសេវាសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ជាឧទាហរណ៍មួយដ៏សំខាន់ក្នុងភាពជាដៃគូគឺជាមួយ Exceed Worldwide ជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានមូលដ្ឋាននៅអង់គ្លេស ដែលធ្វើការនៅកម្ពុជាជាង៣០ឆ្នាំ ក្នុងការគាំទ្រសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងការអប់រំផ្នែកអវយវៈសិប្បនិម្មិតនិងរណប និងការផ្តល់សេវាស្តារសម្រាប់ជនមានពិការភាព។

តួអង្គសំខាន់ក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្ម៖ រោងជាងផលិតអវយវៈសិប្បនិម្មិត រណប និងឧបករណ៍ជំនួយ

Exceed បានបង្កើតសេវាអវយវៈសិប្បនិម្មិតនិងរណប នៅមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យសង់ត្រាល់ មន្ទីរពេទ្យនៅខេត្តក្រចេះ និងពេលខាងមុខនឹងមានសេវានៅមន្ទីរពេទ្យព្រះអង្គឌួង ដែលបុគ្គលិកមានជំនាញខាងផ្នែកនេះ។ សេវាអវយវៈសិប្បនិម្មិតនិងរណបទាំងនេះនឹងធានាថាសេវាទូលំទូលាយត្រូវបានផ្តល់ជូនជនមានពិការភាពដែលពិការក្នុងការបំលាស់ទី។

ដោយមានការគាំទ្រពីកម្មវិធី ACCESS 2 អង្គការExceed Worldwide បានបង្កើតរោងជាងផលិតអវយវៈសិប្បនិម្មិតរណប និងឧបករណ៍ជំនួយដ៏ទំនើបមួយនៅទីក្រុងភ្នំពេញ។ រោងជាងនេះបានគាំទ្រដល់សេវាអវយវៈសិប្បនិម្មិតនិងរណប នៅមន្ទីរពេទ្យ ដោយរោងជាងនេះបានដំណើរការនូវការផលិតឧបរណ៍ជំនួយដែលមានគុណភាពខ្ពស់។ ដោយធ្វើការផ្ទាល់ជាមួយអ្នកជំនាញផ្នែកអវយវៈសិប្បនិម្មិតនិងរណបនៅមន្ទីរពេទ្យ រោងជាងផលិតនូវឧបករណ៍ជំនួយ និងអនុវត្តនូវការជួសជុលឧបករណ៍ទាំងនោះ។

សេវាផ្នែកអវយវៈសិប្បនិម្មិតនិងរណប នៅតាមមន្ទីរពេទ្យនីមួយៗ​ បំពាក់ដោយឧបករណ៍ជាជំនួយក្នុងការជួសជុលខ្នាតតូច និងកែតម្រូវតិតតួច។ សេវាទាំងនេះ ទទួលអតិថិជន ដោយធ្វើការវាស់វែង និងរុំពុម្ពគម្រូ បន្ទាប់មកផ្ញើរពុម្ពគម្រូទាំងនោះទៅរោងជាង។ រោងជាងផលិតឧបករណ៍ជំនួយ និងផ្ញើរឧបករណ៍ទាំងនោះត្រឡប់ទៅសេវានៅមន្ទីរពេទ្យវិញ​ ដើម្បីឱ្យអតិថិជនសាកល្បង។ ប្រសិនបើចាំបាច់ ឧបករណ៍ទាំងនោះនឹងត្រូវផ្ញើរត្រឡប់ទៅរោងជាងវិញដើម្បីធ្វើការកែតម្រូវ។

ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការរោងជាងតាំងពីខែមីនា ឆ្នាំ២០២៤ រោងជាងបានបម្រើសេវាដល់មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យសង់ត្រាល់ មន្ទីរពេទ្យខេត្តក្រចេះ និងឆាប់ៗខាងមុខនេះនឹងបម្រើដល់មន្ទីរពេទ្យព្រះអង្គឌួង។ ដោយបំពាក់នូវឧបករណ៍ទំនើបៗ តាមរយៈការគាំទ្រពីកម្មវិធី ACCESS 2 រោងជាងផលិតអវយវៈសិប្បនិម្មិត រណប និងឧបករណ៍ជំនួយ បាននឹងកំពុងបំពេញនូវតម្រូវការដែលកំពុងកើនឡើង ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ទាំងការផលិត និងការផ្តល់នូវឧបករណ៍ជំនួយមានចំនួន៤០៨។

អនុលោមតាមគោលដៅ និងសមិទ្ធផលរបស់កម្មវិធី ACCESS 2

រោងជាងផលិតអវយវៈសិប្បនិម្មិត រណប និងឧបករណ៍ជំនួយ គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមការងារការស្តារលទ្ធភាពពលកម្មរបស់ ACCESS 2 ក្នុងការរួមចំណែកដោយផ្ទាល់ដល់លទ្ធផលវិនិយោគចុងបញ្ចប់កម្មវិធី (IO1) ៖ គុណភាព និងការទទួលបានសេវាកាន់តែប្រសើរឡើងម្រាប់ជនមានពិការភាព។

រឿងរ៉ាវនៃផលជះ៖ ការអំពាវនាវឱ្យធ្វើសកម្មភាព

លោក​ ថា រ៉េត ជាអ្នកគ្រប់គ្រងបច្ចេកទេសផលិតកម្ម បានចែករំលែកនូវមោទនភាពរបស់លោកក្នុងការរួមចំណែកដល់វិស័យនេះ៖

«ធ្វើការគាំទ្រដល់ជនមានពិការភាព ធ្វើឱ្យខ្ញុំមានមោទនភាព ជាពិសេសពេលទទួលបាននូវមតិត្រឡប់វិជ្ជមានពីអ្នកទទួលសេវា។ ខ្ញុំលើកទឹកចិត្តដល់ជនមានពិការភាព​ កុំបោះបង់ ការប្រើប្រាស់ឧបករណ៍ជំនួយត្រឹមត្រូវអាចផ្លាស់ប្តូរជីវិត និងបង្កើតនូវអនាគតដ៏ភ្លឺស្វាង»។

តាមរយៈសក្ខីកម្មផ្ទាល់នេះ បានបង្ហាញពីផលជះនៃគំនិតផ្តួចផ្តើមរបស់ ACCESS 2 ដែលបង្ហាញពីសេវាស្តារលទ្ធភាពពលកម្ម នាំមកនូវក្តីសង្ឃឹម និងភាពធនដល់សហគមន៍កម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម​ សូមចូលទៅកាន់ ACCESS 2 website