កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី–កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) នាពេលថ្មីៗនេះមានមោទនភាពក្នុងការគាំទ្រដល់លោកស្រី ប៉ុន ស្រីនាថ ជាមន្រ្តីផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ទៅចូលរួមសន្និសីទជំនួយអូស្រ្តាលីឆ្នាំ២០២៤ ដែលធ្វើឡើងកាលពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង Canberra ប្រទេសអូស្រ្តាលី។
នេះគឺជាសន្និសីទប្រចាឆ្នាំ ដែលប្រមូលផ្តុំនូវអ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នកអនុវត្តផ្នែកអភិវឌ្ឍជាង៤០០នាក់ ក្នុងការផ្តល់នូវវេទិកាដ៏ពិសេសមួយដើម្បីផ្លាស់ប្តូរគំនិត និងពិភាក្សាពីបញ្ហាសំខាន់ៗ ក្នុងការអភិវឌ្ឍន៍អន្តរជាតិ។ ប្រធានបទក្នុងការពិភាក្សារួមមាន កិច្ចសហការ ភាពជាដៃគូក្នុងតំបន់ យុទ្ធសាស្រ្តច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ ការចូលរួមនៅក្នុងសន្និសីទនេះ អនុលោមទៅតាមគោលដៅរបស់ ACCESS 2 ក្នុងការពង្រឹងសមត្ថភាពក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការឆ្លងតំបន់ និងផ្តល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។
គោលបំណងនៃការចូលរួមរបស់ ACCESS 2
ការចូលរួមរបស់ ACCESS 2 ក្នុងសន្និសីទឆ្នាំ២០២៤នេះ មានគោលបំណងបីសំខាន់ៗ៖
- កសាងសមត្ថភាព៖ បង្កើនសមត្ថភាពដល់ក្រុមការងារACCESS 2 ជាមួយនឹងការយល់ដឹង និងយុទ្ធសាស្រ្តជាសកល ដើម្បីបង្កើនការផ្តល់ការគាំទ្ររបស់កម្មវិធី។
- ការកសាងបណ្តាញ និងកិច្ចសហការ៖ បង្កើតទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធចម្រុះ ដើម្បីពង្រឹងភាពជាដៃគូ និងចែករំលែកបទពិសោធ។
- ចែករំលែកចំណេះដឹង៖ ពាំនាំមកវិញនូវការរៀនសូត្រដែលអាចអនុវត្តបាន ដើម្បីបន្តនូវបេសកម្មរបស់ ACCESS 2 ក្នុងការផ្តល់សេវាប្រកបដោយគុណភាព និងបរិយាបន្ននៅកម្ពុជា។
ការរៀនសូត្រសំខាន់ៗ និងលទ្ធផលវិជ្ជមាន
នាំមកវិញនូវគំនិតច្នៃប្រឌិត
សន្និសីទបានសម្របសម្រួលនូវការផ្លាស់ប្តូរគំនិត ស្តីពីចំណុចប្រសព្វនៃប្រព័ន្ធបច្ចេកវិទ្យា និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ វិធីសាស្រ្តស្រាវជ្រាវដែលមានការចូលរួម និងកិច្ចសហប្រតិបត្តិការឆ្លងតំបន់ប្រកបដោយប្រសិទ្ធភាព។ ការយល់ដឹងទាំងនេះនឹងជួយដល់ ACCESS 2 ក្នុងការកែលម្អនូវវិធីសាស្រ្តរបស់ខ្លួនក្នុងការផ្តល់សេវាប្រកបដោយបរិយាបន្ន និងផលជះខ្ពស់។
ឱកាសបង្កើតបណ្តាញទំនាក់ទំនង
លោកស្រី ប៉ុន ស្រីនាថ បានចូលរួមជាមួយអ្នកអនុវត្តក្នុងផ្នែកការអភិវឌ្ឍន៍ តំណាងរដ្ឋាភិបាល និងសកម្មជននៅតាមមូលដ្ឋាន ដែលមកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមរយៈកិច្ចសន្ទនាប្រកបដោយអត្ថន័យ លោកស្រីបានបង្ហាញពីការងាររបស់ ACCESS 2 និងស្វែងរកយុទ្ធសាស្រ្តដែលអនុវត្តដោយប្រទេសផ្សេងៗ ដោយនាំមកនូវទស្សនៈវិស័យថ្មីៗ ដើម្បីបំផុសគំនិតដល់ក្រុមការងារ។
កិច្ចសហប្រតិបត្តិការឆ្លងប្រទេស
តំណាងឱ្យACCESS 2 លោកស្រី ប៉ុន ស្រីនាថ ក៏បានភ្ជាប់ទំនាក់ទំនងជាមួយតំណាងមកពី Abt Global ដោយពង្រឹងនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការផ្លាស់ប្តូរនេះ មិនត្រឹមតែបញ្ជាក់ពីសារៈសំខាន់នៃការរៀនសូត្ររួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទ្វារចំហរសម្រាប់ភាពជាដៃគូនាពេលអនាគត ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍។
ការឆ្លុះបញ្ចាំងពីសន្និសីទ
លោកស្រី ប៉ុន ស្រីនាថ មន្រ្តីផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ
«ការចូលរួមសន្នីសិទជំនួយអូស្រ្តាលី ឆ្នាំ២០២៤ ផ្តល់ដល់ខ្ញុំនូវឱកាសដ៏មានតម្លៃមួយក្នុងការរួមចំណែក រៀនសូត្រ និងរីកចម្រើន ដែលជាតំណាងឱ្យកម្មវិធី ACCESS 2 និងកម្ពុជា។ បទពិសោធន៍នេះ នឹងផ្តល់ជាប្រយោជន៍ដល់ក្រុមការងារACCESS 2 និងជួយកសាងនូវសមត្ថភាព និងទំនាក់ទំនងរបស់ខ្ញុំសម្រាប់អនាគត»។
ការចូលរួមរបស់លោកស្រី បានគូសបញ្ជាក់ពីការប្តេជ្ញារបស់ ACCESS 2 ក្នុងការជំរុញកំណើនវិជ្ជាជីវៈក្នុងចំណោមសមាជិករបស់ខ្លួន ពង្រឹងនូវសមត្ថភាពរបស់កម្មវិធី ក្នុងការផ្តល់លទ្ធផលប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។
បេសកម្មរបស់ ACCESS 2 និងជំហ៊ានបន្ទាប់
ACCESS 2 នៅតែបន្តការបេ្តជ្ញាក្នុងការធ្វើឱ្យការទទួលបានសេវាកាន់តែប្រសើរ និងប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ អនុលោមទៅនឹងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព (NDSP) និងផែនការសកម្មភាពជាស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី (NAPVAW) កម្មវិធី ACCESS 2 នឹងបន្តការប្រើប្រាស់ចំណេះដឹងពីសន្នីសិទដូចជា សន្និសីទជំនួយអូស្រ្តាលី ដើម្បីបង្កើននូវយុទ្ធសាស្រ្ត និងពង្រីកឥទ្ធិពលរបស់ខ្លួន។
ជំហ៊ានបន្ទាប់រួមមាន៖
- ការបញ្ចូលនូវការរៀនសូត្រសំខាន់ៗពីសន្និសីទជំនួយអូស្រ្តាលី ឆ្នាំ២០២៤ ទៅក្នុងសកម្មភាពបន្តរបស់ ACCESS 2 ដើម្បីពង្រឹងការផ្តល់សេវា។
- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូថ្នាក់តំបន់ និងពិភពលោក សម្រាប់ការចែករំលែកនូវចំណេះដឹង និងគំនិតផ្តួចផ្តើមរួមគ្នា។
- បន្តកសាងសមត្ថភាពដល់សមាជិក្រុមការងារ ដើម្បីទ្រទ្រង់នូវផលជះយូរអង្វែងសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។
ការចូលរួមរបស់ ACCESS 2 នៅក្នុងសន្និសីទជំនួយអូស្រ្តាលី ឆ្នាំ២០២៤ ជាឧទាហរណ៍មួយក្នុងការយកចិត្តទុកដាក់របស់កម្មវិធីចំពោះការលើកកម្ពស់ ការសហការ និងការកសាងសមត្ថភាព។ តាមរយៈការទទួលបានទស្សនវិស័យជាសកល និងការពង្រឹងបណ្តាញរបស់ខ្លួន ACCESS 2 បានត្រៀមខ្លួនជាស្រេចក្នុងការបោះជំហ៊ានកាន់តែខ្លាំងក្នុងអភិវឌ្ឍសេវាប្រកបដោយនិរន្តរភាព និងសមធម៌ នៅកម្ពុជា។
ព្រឹត្តិការនេះ មិនត្រឹមតែជាសមិទ្ធផលសម្រាប់ ACCESS 2 ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាជាថ្មី ដើម្បីធានាថា មិនមានអ្នកណាម្នាក់ត្រូវបានទុកចោល៕