អូស្រ្តាលីជំរុញការអនុវត្តន៍ល្អៗសម្រាប់ការរួមបញ្ចូលនូវជំនួយដល់ជនរងគ្រោះដោយសារគ្រាប់មីននៅក្នុងក្របខ័ណ្ឌជាតិនៃកម្ពុជា

លោក Kim Beazley នាយកសារមន្ទីរ Australian War Memorial មានកិត្តិយស បានដឹកនាំគណៈប្រតិភូអូស្រ្តាលីទៅចូលរួមសន្និសីទលើកទី៥ ដើម្បីពិនិត្យឡើងវិញនូវប្រតិបត្តិការនៃអនុសញ្ញាប្រឆាំងមីន ដែលប្រារព្ធឡើងកាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលលោកបានធ្វើសេចក្តីថ្លែងការជាតិអូស្រ្តាលី និងបានចុះហត្ថាលេខាលើសេចក្តីប្រកាសសៀមរាបអង្គរ ស្តីពីពិភពលោកគ្មានមីន។

លោក Beazley ក៏បានចូលរួមបើកព្រឹត្តិការអមសន្និសីទលើកទី៥ ដោយផ្តោតលើ «ការពង្រឹងការស្តារលទ្ធភាពពលកម្ម និងបរិយាបន្នពិការភាព ដោយផ្តោតលើការអនុវត្តន៍ល្អៗរបស់កម្ពុជា»​ ផងដែរ។ នៅក្នុងព្រឹត្តិការអមនេះដែរ អគ្គរាជទូតអូស្រ្តាលី Derek Yip និងប្រតិភូអូស្រ្តាលី ក៏មានវត្តមាននៅក្នុងកិច្ចពិភាក្សានេះដែរ។

វាគ្មិននៅក្នុងព្រឹត្តិការអម មានតំណាងមកពីក្រុមប្រឹក្សាជាតិគាំពារសង្គម អង្គការ Exceed Worldwide គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងជនរងគ្រោះដោយសារមីន ដែលមកពីកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២។​

វាគ្មិនបានគូសបញ្ជាក់ពីការគាំទ្ររបស់អូស្រ្តាលី សម្រាប់ការអនុវត្តន៍ល្អៗ ក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្មក្នុងប្រព័ន្ធសុខាភិបាលនៅកម្ពុជា ព្រមទាំងលើកកម្ពស់បរិយាបន្នសង្គម និងសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព រួមទាំងជនរងគ្រោះពីសង្គ្រាមដោយសារមីន និងសំណល់ជាតិផ្ទុះ៕​