យុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ឆ្នាំ២០២៤៖ កិច្ចប្រឹងប្រែងរួមគ្នា ដោយក្រុមការងារកម្មវិធី ACCESS 2

យុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺជាយុទ្ធនាការជាសកល ដែលប្រារព្ធឡើងជារាងរាល់ឆ្នាំ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ដែលរម្លឹកដល់ការលុបបំបាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។ សម្រាប់យុទ្ធនាការនៅឆ្នាំនេះ​ ប្រធានបទនៅថ្នាក់ជាតិផ្តោតទៅលើ «វឌ្ឍនភាពរបស់កម្ពុជា និងបញ្ហាប្រឈមក្នុងការបញ្ឈប់អំពើហិង្សាលើស្រី»។

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS 2) បានរៀបចំយុទ្ធនាការ១៦ថ្ងៃ ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងនៅក្នុងចំណោមក្រុមការងារ ក្នុងកិច្ចប្រឹងប្រែងរួមចំណែកក្នុងការដោះស្រាយបញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័រ។​ ព្រឹត្តិការនេះ បានឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តយូរអង្វែងរបស់កម្មវិធី ក្នុងការជំរុញសង្គមមួយប្រកបដោយសមធម៌ និងសុវត្ថិភាព ដោយបង្ហាញឱ្យឃើញនូវវឌ្ឍនភាព និងបញ្ហាប្រឈម ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

មួយថ្ងៃនៃការឆ្លុះបញ្ចាំង​ និងការចូលរួមរបស់ ACCESS 2

ក្រុមការងារកម្មវិធី បានចូលរួមយ៉ាងសស្រាក់សស្រាំនៅក្នុងសកម្មភាពដែលមានចែងនៅក្នុងរបៀបវារះនៃកម្មវិធី ព្រមទាំងចែករំលែកនូវគំនិតច្នៃប្រឌិតតាមរយៈ ការសរសេរ និងគូរនៅលើខិតប័ណ្ណ និងក្រដាសចំណាំ ក្នុងការចែករំលែកនូវគំនិតស្តីពីហេតុអ្វីអំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺជាបញ្ហាសិទ្ធិមនុស្ស និងហេតុអ្វីបានជាទាមទារឱ្យមានសកម្មភាពពីបុគ្គល ស្ថាប័ន និងក្រុមគ្រួសារ។

នៅក្នុងព្រឹត្តិការនេះដែរ អ្នកជំនាញខាងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងបរិយាបន្នពិការភាព បានធ្វើបទបង្ហាញពីព័ត៌មានសំខាន់ៗ រួមមាន៖

  • អំពើហិង្សាទាក់ទងនឹងយេនឌ័រ សម្របសម្រួលដោយបច្ចេកវិទ្យា៖ ដោះស្រាយពីរបៀបដែលបច្ចេកវិទ្យាទំនើបអាចត្រូវបានប្រើប្រាស់ខុស ដែលនាំឱ្យបន្តកើតមានអំពើហិង្សា។
  • អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងស្រ្តីមានពិការភាព៖ គូសបញ្ជាក់ពីភាពងាយរងគ្រោះដែលស្រីមានពិការភាពប្រឈម និងតម្រូវការចាំបាច់នានាចំពោះក្រុមគោលដៅក្នុងកិច្ចអន្តរាគមន៍។

ព្រឹត្តិការនេះ ក៏បានអនុញ្ញាតឱ្យក្រុមការងារមានឱកាសបានឆ្លុះបញ្ចាំងពីមេរៀនដែលបានរៀនសូត្រ ក្នុងកំឡុងពេលដែលពួកគាត់ធ្វើការជាមួយ ACCESS ដំណាក់កាលទី១ និង ACCESS 2 នៅក្នុងការចូលរួមដោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការគាំទ្រដល់បរិយាបន្នពិការភាព។

សារសំខាន់ៗ និងទស្សនៈនៃភាពជាអ្នកដឹកនាំ

ក្នុងកំឡុងពេលប្រារព្ធពិធី លោក Sasha Cigljarevic អនុប្រធានកម្មវិធី ACCESS 2 បានចែករំលែកនូវសុន្ទរកថាបើក ដោយសង្កត់ធ្ងន់ពីតួនាទីយ៉ាងសំខាន់របស់បុរសនៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោក Sasha បានមានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកដឹកនាំជាបុរស និងជាគម្រូនៃការផ្លាស់ប្តូរ ខ្ញុំចង់បញ្ជាក់ពីសារសំខាន់នៃតួនាទីរបស់យើង ទាំងបុរស និងស្រ្តី នៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាអយុត្តិធម៌។ ខ្ញុំជឿជាក់ថា អំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺមិនត្រឹមតែជាបញ្ហាបុគ្គលនោះទេ វាគឺជាវិបត្តិសង្គម និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។
សាររបស់លោក Sasha បានរួមចំណែកជាសារមួយដ៏សំខាន់នៅក្នុងយុទ្ធនាការនេះ៖ ការបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺមិនអាចបែកចេញពីការឆ្ពោះទៅរកកាន់តែទូលំទូលាយនៃសិទ្ធិមនុស្ស និងសមភាព។​

សារសំខាន់ៗ ពីក្រុមការងារ

ក្រុមការងារ បានរួមចំណែក​នូវសារដ៏មានឥទ្ធិពល ក្នុងការយល់ឃើញពីការទទួលខុសត្រូវរួមក្នុងការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងអំពើហិង្សាទាក់ទងនឹងយេនឌ័រ៖

  • «អំពើហិង្សាគឺជាការរំលោភសិទ្ធិមនុស្ស អំពើហិង្សានាំទៅរកអំពើហិង្សាកាន់តែច្រើន។ ការបញ្ឈប់អំពើហិង្សាគឺជាអាជីវកម្មរបស់អ្នករាល់គ្នា»
  • «មនុស្សគ្រប់រូបមានសិទ្ធមនុស្ស។ បុរស​ និងស្រ្តី មានសិទ្ធិដូចគ្នា»
  • មនុស្សគ្រប់រូបមានតួនាទីក្នុងការកសាងសង្គមមួយប្រកបដោយសុវត្ថិភាព សុខភាពល្អ និងសមធម៌ប្រសើរជាងមុន»

ក្រុមការងារបានរូមចំណែកនៅក្នុងសារដ៏មានឥទ្ធិពល ដែលបញ្ជាក់ពីការទទួលខុសត្រូវ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

សរុបសេចក្តីពីការប្រារព្ធយុទ្ធនាការ

លោកស្រី Sophia Cason ជាប្រធានកម្មវិធី បានធ្វើការសរុបសេចក្តី ដោយរាប់រៀបពីជំហាន ដែលអាចធ្វើសកម្មភាពដើម្បីចូលរួមបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកស្រីបានផ្តល់ជាអនុសាសន៍ រួមមាន៖

  • និយាយឡើង និងនិយាយប្រឆាំងនឹងអំពើហិង្សា
  • កំណត់អត្តសញ្ញាណសញ្ញា និងយល់ដឹងពីបញ្ហា
  • ប្រឈមនឹងជំនឿហួសហេតុក្នុងភាពជាបុរស
  • ការរំលោភបំពានផ្លូវភេទតាមរយៈពាក្យសម្តី
  • គាំទ្រស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងផ្តល់មូលនិធិដល់អង្គការស្រ្តី
  • គៀងគរការគាំទ្រមតិផ្នែកច្បាប់ឱ្យកាន់តែរឹងមាំ ការផ្តល់សេវាកាន់តែប្រសើរ និងការប្រមូលទិន្នន័យកាន់តែរឹងមាំ
  • ការកសាងសាមគ្គីភាពជាមួយក្រុមការងារផ្សេងទៀតដែលធ្វើការឆ្ពោះទៅរកសមភាព

សាររបស់លោកស្រី Sophia បានបម្រើជាការអំពាវនាវឱ្យមានសកម្មភាពរួម សម្រាប់អ្នករាល់គ្នា ក្នុងការរួមចំណែកពោរពេញដោយអត្ថន័យ ក្នុងកិច្ចប្រឹងប្រែងជាសកលនៅក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ៕