កិច្ចប្រជុំលើកទី១ គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

កាលពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២៤ កម្មវិធី ACCESS 2 បានបើកកិច្ចប្រជុំ​គណៈកម្មការប្រឹក្សាភិបាលជាលើកទី១ របស់ខ្លួន។ សមាជិកនៃគណៈកម្មការប្រឹក្សាភិបាល រួមមាន តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  ក្រសួងសុខាភិបាល​ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ និងនិងគណៈកម្មការជាតិសម្រាប់លេខាធិការដ្ឋាន អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ជាងនេះទៀត នៅក្នុងកិច្ចប្រជុំនេះ ក៏មានតំណាងមកពីដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់កម្មវិធី ACCESS 2​  ក្រុមការងារស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ផងដែរ។  ASC គឺជារចនាសម្ព័ន្ធអភិបាលកិច្ចកម្រិតខ្ពស់បំផុតសម្រាប់កម្មវិធី ដែលជួបប្រជុំជារៀងរាល់ឆ្នាំម្តង។

សមាជិក ASC នឹងដឹកនាំការចូលរួមជាមួយអ្នកពាក់ព័ន្ធសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្នែកផ្សេងៗទៀត ដូចជា ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ផ្នែកពិការភាព និងការស្តារលទ្ធភាពពលកម្ម ក្នុងការគាំទ្រដល់ការសម្រេចបានលទ្ធផលរបស់កម្មវិធី។ កំឡុងពេលកិច្ចប្រជុំ សមាជិក ASC បានពិនិត្យ​ និងពិភាក្សា ផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់ឆ្នាំទី២ ដោយផ្អែកលើមេរៀន បទពិសោធន៍ សមិទ្ធផលកម្មវិធី និងបញ្ហាប្រឈមក្នុងឆ្នាំទី១ ដោយធានាថា កម្មវិធីនឹងបន្តដំណើរការប្រកបដោយប្រសិទ្ធភាព និងដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើង។

លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានគូសបញ្ជាក់ពីសារៈសំខាន់នៃគណៈកម្មការប្រឹក្សាភិបាល ដើម្បីពិនិត្យ និងផ្តល់នូវធាតុចូលនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំទី២ និងបានកំណត់ផែនការការងារប្រចាំឆ្នាំ ថាជាផែនទីតម្រង់ទិស និងជាចក្ខុវិស័យដ៏សំខាន់សម្រាប់ការអនុវត្តសម្មភាពនៅរវាងខែកក្កដា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៥។​

លោក Connor Floyd លេខាទី២ នៅស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានសហដឹកនាំកិច្ចប្រជុំ ជាមួយលោកជំទាវ ហ៊ូ សាមិត្ត។ លោកលេខាទី២​ បានមានប្រសាសន៍ថា ACCESS 2 គឺជាការបន្តនៃការវិនិយោគទ្វេភាគីដ៏សំខាន់របស់ប្រទេសអូស្រ្តាលី លើសមភាពយេនឌ័រ ពិការភាព និងការស្តារលទ្ធភាពពលកម្ម និងបរិយាបន្នសង្គមនៅកម្ពុជា។ ACCESS 2 គាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនេះជាការបេ្តជ្ញារួមគ្នា ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោក Connor Floyd បានកោតសរសើរនូវកិច្ចសហការល្អពីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអនុវត្តកម្មវិធី និងការចាត់តាំងជនបង្គោលពីក្រសួងពាក់ព័ន្ធ ស្ថាប័ននានា និងពីថ្នាក់ក្រោមជាតិ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ សមាជិក ASC បានបោះឆ្នោត និងអនុម័ត លក្ខខណ្ឌយោង និងផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់ឆ្នាំទី២។​ កិច្ចប្រជុំនេះ បានបញ្ចប់ទៅដោយមានការថតរូបជុំគ្នាជាមួយសមាជិក ASC និងអ្នកចូលរួមផ្សេងទៀត៕