លោកស្រី ណៃរ៉ុង បានត្រូវបានទទួលស្គាល់ជាវីរៈនារីផ្នែកបរិយាបន្នសង្គម នៅក្នុងមូលដ្ឋានរបស់គាត់ ក្នុងខេត្តកំពង់ចាម។ លោកស្រី បានបេ្តជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលនាំឱ្យមានការបោះជំហ៊ានមួយយ៉ាងសំខាន់ នៅក្នុងការអនុវត្តឱ្យកាន់តែប្រសើរនូវសមធម៌សម្រាប់ជនមានពិការភាពនៅក្នុងខេត្ត។ សូមស្វែងយល់បន្ថែមអំពីដំណើររឿងរបស់គាត់នៅខាងក្រោម។
ក្នុងតួនាទីការងាររបស់លោកស្រី ណៃរ៉ុង លោកស្រីមានតួនាទីជាប្រធានការិយាល័យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត។ លោកស្រី ក៏ជាអនុប្រធានសាខាមូលនិធិជនពិការខេត្តកំពង់ចាមផងដែរ។ នៅក្នុងតួនាទីទាំងនេះ លោកស្រីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ភាពអង់អាចដល់ជនមានពិការភាព និងធានាថា សំឡេងរបស់ជនមានពិការភាពត្រូវបានលឺ ហើយធាតុចូលសំខាន់ៗរបស់ពួកគាត់ត្រូវបានយកទៅពិចារណា ក្នុងពេលតាក់តែងគោលនយោបាយបរិយាបន្នសង្គមនៅកម្ពុជា។ លោកស្រីក៏ជាអ្នកស្វែងរកការគាំទ្រមតិយ៉ាងស្វិតស្វាញផងដែរ ដោយយោងតាមពាក្យឃ្លាថា «គ្មានអ្វីអំពីយើង ដោយគ្មានយើង» ដោយអនុវត្តពាក្យនេះនៅក្នុងការងាររបស់លោកស្រី។
ជាងនេះទៀត លោកស្រីណៃរ៉ុង បានជួយសម្របសម្រួលលើការងារជាច្រើន ដើម្បីបញ្ជ្រាបបរិយាបន្នពិការភាពនៅក្នុងវិស័យផ្សេងៗ ពង្រីកសំឡេងរបស់ជនមានពិការភាព និងធានាថា ការព្រួយបារម្ភរបស់ជនមានពិការភាពត្រូវបានដឹងលឺ និងដោះស្រាយ។
លោកស្រី ណៃរ៉ុង ក៏ជាអ្នកចូលចិត្តទទួលចំណេះដឹងបន្ថែមផងដែរ។ លោកស្រីបានចូលរួមយ៉ាងសកម្មនៅក្នុងវគ្គបណ្តុះបណ្តាលបរិយាបន្នសង្គម ដែលរៀបចំឡើងនាពេលថ្មីៗនេះ ដើម្បីជាចំណេះដឹង និងជំនាញបន្ថែមសម្រាប់ការងាររបស់គាត់។
លោកស្រីបានចែករំលែកថា៖ «ខ្ញុំមានមោទនភាព ដែលបានធ្វើការគាំទ្រដល់ជនមានពិការភាព ពេលខ្ញុំឃើញគាត់ពេញចិត្តចំពោះលទ្ធផលដែលយើងបានជួយគាត់»។ លោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតីតថ្នាក់ដឹកនាំ ក៏ដូចជាថ្នាក់ដឹកនាំបច្ចុប្បន្ន មិត្តរួមការងារ និងក្រុមគ្រួសាររបស់គាត់ ក្នុងការផ្តល់ជាយោបល់ល្អៗ ផ្តល់ឱកាស លើកទឹកចិត្ត និងគាំទ្រជាបន្តបន្ទាប់ដល់រូបគាត់ដែលនេះជាអំណោយដ៏វិសេសវិសាលសម្រាប់គាត់។
កម្មវិធី ACCESS ដំណាក់កាលទី១ បានរួមចំណែកជាវិជ្ជមាន ក្នុងការគាំទ្រដល់ការអនុវត្តនូវផែនការសកម្មភាពជាតិស្តីពីពិការភាពនៅកម្ពុជា។ កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ទោះបីជាដំណាក់កាលទី១នេះបានបញ្ចប់ហើយក្តី ក៏សមាជិកក្រុមប្រឹក្សាសកម្មភាពខេត្ត បន្តជំរុញ និងបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍។ ជាក់ស្តែង ការប្រជុំទៀងទាត់ ផែនការការងារ និងរបាយការណ៍នៅតែបន្តអនុវត្ត ដើម្បីឆ្លើយតបសេវាពិការភាពឱ្យកាន់តែមានសក្តានុពល និងបន្តសកម្មភាពដែលស្របតាមគោលបំណងរបស់កម្មវិធី ACCESS 2។
រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 បន្តធ្វើការជាមួយរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងសង្គមស៊ីវិល ដោយផ្តោតលើការទទួលបានសេវាកាន់តែប្រសើរ ប្រកបដោយគុណភាព និងបរិយាបន្ន។ គោលបំណងសំខាន់ៗរបស់កម្មវិធី គឺផ្តល់ភាពអង់អាច និងគាំទ្រដល់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕