កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កម្ពុជា និងអូស្រ្តាលី បានរៀបចំពិធីសម្ពោធនៃការបន្តការវិនិយោគទ្វេភាគីដ៏សំខាន់លើការងារសមភាពយេនឌ័រ បរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម និងបរិយាបន្នសង្គមនៅកម្ពុជា។ ក្នុងរយៈពេល៥ឆ្នាំ (២០២៣– ២០២៨) អូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ បានផ្តល់ថវិកាចំនួន៣០លានដុល្លាអូស្រ្តាលី ផ្តោតលើការបង្កើនលទ្ធភាពទទួលបានសេវាប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។
ពិធីសម្ពោធកម្មវិធី ACCESS 2 និងចុះអនុស្សរណៈស្ដីពីការរៀបចំចាត់ចែង នាថ្ងៃនេះ ប្រារព្វឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តម Justin Whyatt អគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។
ឯកឧត្តមអគ្គរាជទូតអូស្រ្តាលី Justin Whyatt បានមានប្រសាសន៍ថា៖ «ACCESS 2 ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព និងសមភាពយេនឌ័រនៅក្នុងតំបន់របស់យើង ព្រោះនេះជាគុណតម្លៃស្នូលរបស់ប្រទេសអូស្ត្រាលី និងជាអាទិភាពចម្បងនៅក្នុងគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិថ្មីរបស់រដ្ឋាភិបាលអូស្ត្រាលី»។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល នឹងខិតខំជំរុញឱ្យសេវាសុខភាពសម្រាប់ជនមានពិការភាពកាន់តែសម្បូរបែប និងប្រសើរឡើង ដែលធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល។
ឯកឧត្តម ជា សុមេធី បានសម្តែងនូវការថ្លែងអំណរគុណនូវការគាំទ្រពីប្រទេសអូស្រ្តាលី ដោយឯកឧត្តម មានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តជានិច្ចនិរន្តរក្នុងស្មារតីសាមគ្គីភាព និងអភិវឌ្ឍក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការនៃវិស័យពិការភាព និងជនមានពិការភាពនៅកម្ពុជា»។
លោកជំទាវកិត្តិបណ្ឌិតអ៊ឹង កន្ថាផាវី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអូស្ត្រាលីដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសការចូលរួមក្នុងការអនុវត្តការងារដើម្បីបញ្ឈប់អំពើរហិង្សាលើស្ត្រីនិងក្មេងស្រី។
កម្មវិធីACCESS 2 នឹងបន្តធ្វើការជាមួយរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសង្គមស៊ីវិល រួមទាំងអង្គការក្រៅរដ្ឋាភិបាល អង្គការតំណាងជនមានពិការភាព(OPDs) ក្រុមគាំទ្រស្រ្តី(WROs) និងអង្គការតំណាងជនជាតិដើមភាគតិច ដើម្បីអនុវត្តន៍នូវផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពរបស់កម្ពុជាយ៉ាងមានប្រសិទ្ធិភាព ដើម្បីធានាថា ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ទទួលបានសេវាដែលពួកគេត្រូវការកាន់តែប្រសើរ។
លោកស្រី សៀង សុខច័ន្ទ ប្រធានវេទិកាស្រ្តីមានពិការភាពខេត្តបាត់ដំបង បានចូលរួមនៅក្នុងពិធីសម្ពោធ និងបានបង្ហាញចំណាប់អារម្មណ៍ថា៖ «សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា មានសារសំខាន់ណាស់សម្រាប់ជនមានពិការភាព ជាពិសេសជនមានពិការភាពដែលប្រើប្រាស់រទេះរុញដូចខ្ញុំ។ ប្រសិនបើមិនមានសេវាស្តារលទ្ធភាពកាយសម្បទាត្រឹមត្រូវ និងបរិយាបន្ននោះទេ ខ្ញុំប្រហែលមិនមានឱកាសនៅលើឆាកនេះទេ»។