ក្រុមការងារកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌-ដំណាក់កាលទី២ (ACCESS 2) មានឱកាសបានរួមដំណើរកម្សាន្តឆ្នាំទី១ទៅខេត្តកំពត ដើម្បីពិភាក្សាគ្នាក្នុងការធ្វើការងារជាក្រុម និងធានាថា សមាជិកគ្រប់គ្នាមានគោលដៅដូចគ្នាសម្រាប់កម្មវិធី។ ដំណើរកម្សាន្តនេះ បានពិនិត្យមើលនូវវិធីសាស្រ្តនៃការធ្វើការងារក្នុងកម្មវិធី ACCESS 2 ដោយរួមមានទាំងសកម្មភាពល្បែងកម្សាន្តនានាដែលពាក់ព័ន្ធនឹងកម្មវិធី ដែលផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសម្រាប់ជនមានពិការភាព និងជនងរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ដំណើរកម្សាន្តនេះ បានសម្របសម្រួលដល់ក្រុមការងារ បានចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមក ហើយជាឱកាសពិសេសសម្រាប់ក្រុមការងារ ក្នុងការពង្រឹងការងារឱ្យកាន់តែរឹងមាំ តាមរយៈការចូលរួមកសាងក្រុម ជំរុញកិច្ចសហការគ្នាឱ្យកាន់តែជិតស្និត និងបង្កើតនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។
ដំណើរកម្សាន្តនេះដែរ បាននាំក្រុមការងារ ចូលរួមបំផុសគំនិត ទទួលបានបទពិសោធថ្មីៗក្នុងការធ្វើការងារជាក្រុម និងការដោះស្រាយបញ្ហាប្រឈមនានា។
បន្ថែមពីនេះទៀត ក្រុមការងារបានរួមដំណើរកម្សាន្តតាមទូកនាដងព្រែកកំពត និងក្នុងក្រុងកំពតផងដែរ ដើម្បីផ្តិតយកនូវទស្សនីយភាពដ៏ស្រស់ត្រកាលនៃខេត្តកំពត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើរកម្សាន្តជាក្រុមនៅលើភ្នំ។
ជាផ្នែកមួយនៃសកម្មភាពទាំងនេះ ក្រុមការងារមានឱកាសថតរូបជាក្រុមទុកជាអនុស្សាវរីយ៍ ដែលបន្សល់ទុកនូវការចងចាំដែលមិនអាចបំភ្លេចបាន។
ដំណើរកម្សាន្ត បញ្ចប់ទៅដោយរលូន ជាមួយនឹងភាពសប្បាយរីករាយ និងការតាំងចិត្តខ្ពស់ក្នុងការបន្តកិច្ចការងារ ដើម្បីសម្រេចជោគជ័យក្នុងការគាំទ្រដល់អ្នកទទួលផលរបស់កម្មវិធី ACCESS 2។
នៅចុងបញ្ចប់នៃដំណើរកម្សាន្ត មតិយោបល់ត្រឡប់ពីក្រុមការងារត្រូវបានប្រមូល និងចែករំលែក ស្តីពីការការរៀបចំដំណើរកម្សាន្តនេះ និងសកម្មភាពនានាដែលបានអនុវត្តន៍ ដើម្បីធ្វើឱ្យដំណើរកម្សាន្តលើកក្រោយទៀត មានភាពកាន់តែប្រសើរ។ ជារួម បុគ្គលិកភាគច្រើន បានចែករំលែកថា ពួកគាត់ពេញចិត្តយ៉ាងខ្លាំងនូវស្ទើរតែគ្រប់សកម្មភាពទំាំងអស់ដែលបានរៀបចំឡើង៕