កិច្ចប្រជុំលើកទី១ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជំរុញឱ្យមានការពិភាក្សាប្រកបដោយផ្លែផ្កា

កម្មវិធី ACCESS 2 ត្រូវបានតាក់តែងឡើង ដោយមានយន្តការក្រុមការងារតាមផ្នែកបីផ្សេងគ្នា មានដូចជា ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី ជាមួយកម្មវិធី ACCESS 2 បានសហដឹកនាំ និងផ្តួចផ្តើមកិច្ចប្រជុំលើកទី១ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងមកពីក្រសួងកិច្ចការនារី ក៏ដូចជាតំណាងមន្ទីរកិច្ចការនារីទាំងបួនខេត្តគោលដៅ រួមមាន ខេត្តសៀមរាប រតនគិរី កំពង់ចាម និងខេត្តកំពង់ស្ពឺ។ ជាងនេះទៀត ក៏មានតំណាងមកពីក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាននៃកណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺចែករំលែកការរៀនសូត្រ បានពីការអនុវត្តការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ រយៈពេល៦ខែកន្លងមក អនុម័តលក្ខខណ្ឌប្រតិបត្តិរបស់ការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ពង្រឹងកិច្ចសហការរវាងដៃគូអនុវត្តកម្មវិធីផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ផ្នែកពិការភាព និងផ្នែកស្តារលទ្ធភាពពលកម្មឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងចែករំលែកការងារសំខាន់ៗនាពេល៦ខែទៀត។

លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណដល់សក្រសួងកិច្ចការនារី ចំពោះការបន្តនូវកិច្ចសហការក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ លោកបានមានមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទំាងអស់គ្នា ចំពោះការចូលរួមយ៉ាងសកម្ម និងសហការនៅក្នុងកម្មវិធី ACCESS 2។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងសម្រេចបានសមិទ្ធផលសំខាន់ៗ ក្នុងដំណាក់កាលចាប់ផ្តើមកម្មវិធី។ ទាំងនេះ គឺជាសមិទ្ធផលសំខាន់ៗ ដែលយើងគួរតែរីករាយជាមួយគ្នា ហើយសមិទ្ធផលទាំងនេះ​នឹងមិនអាចសម្រេចទៅបានទេ បើគ្មានការគាំទ្រយ៉ាងសកម្មពីថ្នាក់ដឹកនាំរបស់ក្រសួងកិច្ចការនារី និងការគំាទ្រពីដៃអនុវត្តជាយុទ្ធសាស្រ្តរបស់ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

សហដឹកនាំកិច្ចប្រជុំ លោក ជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភវិឌ្ឍសង្គម នៃក្រសួងកិច្ចការនារី បានបូកសរុបកិច្ចប្រជុំ ដោយមានប្រសាសន៍ថា៖ «ឆ្នាំដំបូងនៃកម្មវិធី ACCESS 2 នាំឱ្យសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់»។ លោកជំទាវ បានថ្លែងអំណរគុណដល់អូស្រ្តាលី សម្រាប់ការបន្តនូវការគំាទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។

ACCESS 2 គឺជាការបន្តនូវការវិនិយោគទ្វេភាគីដ៏សំខាន់ លើការងារផ្នែកសមភាពយេនឌ័រ ពិការភាព ការស្តារលទ្ធភាពពលកម្ម និងបរិយាបន្នសង្គមនៅកម្ពុជា៕