កម្មវិធី ACCESS

កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ថា ACCESS) គឺជាកម្មវិធីរយៈពេល៣ឆ្នាំ (២០១៨-២០២១) ដែលស្ថិតក្រោមការផ្តួចផ្តើម និងគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។ ក្នុងរយៈពេល៣ឆ្នាំ រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ថវិកាចំនួន១៥លានដុល្លារអូស្រ្តាលីតាមរយៈកម្មវិធី ACCESS ក្នុងគោលដៅពង្រឹងនិរន្តរភាព គុណភាព និងបរិយាបន្នសេវាសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

កម្មវិធី ACCESS ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងខ្ពស់របស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការគាំទ្រលើការងារសិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍផ្នែកពិការភាពប្រកបដោយបរិយាបន្ននៅក្នុងតំបន់។

កម្មវិធី ACCESS ប្រើប្រាស់សមិទ្ធផល និងមេរៀនដែលទទួលបានពីកិច្ចសហការរវាងរដ្ឋាភិបាលអូស្ត្រាលី រាជ  រដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុកដែលមានរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ លើការផ្តល់សេវា និងការធ្វើកំណែទម្រង់សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាដែលមានពិការភាព ឬរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ឧទាហរណ៍៖

  • ការផ្ដល់ទីជម្រក ការប្រឹក្សា ជំនួយផ្នែកផ្លូវច្បាប់ សេវាសុខភាព និងមិត្តអប់រំមិត្តដល់ស្ត្រីចំនួន១២៩០៧នាក់ និងគ្រួសាររបស់ពួកគេដែលរងគ្រោះដោយអំពើហិង្សាក្នុងចន្លោះឆ្នាំ២០១២ដល់ឆ្នាំ២០១៧។
  • គាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំផែនការអន្តរកាលផ្នែកសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា (២០១៨–២០២២) ផែនការយុទ្ធសាស្រ្តផ្នែកស្តារលទ្ធភាពពលកម្ម(២០១៨–២០២២) និងការគាំទ្រការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមសហគមន៍ដល់ជនមានពិការភាពចំនួន១០៤៨៩នាក់ក្នុងចន្លោះឆ្នំា២០១៣ដល់ឆ្នាំ២០១៨។

បរិបទ

ក្នុងចំណោមស្ត្រីនៅកម្ពុជាអាយុចន្លោះពី១៥ទៅ៦៤ឆ្នាំ ធ្លាប់មានដៃគូហើយ៥នាក់ មានម្នាក់ បានរាយការណ៍ថាធ្លាប់ទទួលរងអំពើហិង្សាផ្លូវកាយ ឬផ្លូវភេទដែលបង្កឡើងដោយដៃគូស្និទ្ធស្នាលក្នុងជីវិតរបស់ពួកគេ។ ស្ត្រីមានពិការភាពដែលធ្លាប់ទទួលរងគ្រោះដោយអំពើហិង្សាទាំងពីរប្រភេទមានអត្រារឹតតែខ្ពស់។ ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៦ធ្វើឡើងដោយគំនិតផ្តួចផ្តើមនគរបាលសហគមន៍ដែលទទួលបានថវិកាគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីបានបង្ហាញឱ្យឃើញថាអំពើហិង្សាទាក់ទងនឹងយេនឌ័រគឺជាបញ្ហាសុវត្ថិភាពចម្បងដែលបង្កការព្រួយបារម្ភនៅតាមសហគមន៍នៅទូទាំងប្រទេសកម្ពុជា។

ក្នុងចំណោមប្រជាជនកម្ពុជាដែលមានអាយុពី៥ឆ្នាំឡើង មានប្រមាណជាង៩,៥ភាគរយ រាយការណ៍ថាមានពិការភាពក្នុងទម្រង់ណាមួយ។ មានការប៉ាន់ប្រមាណថា សេដ្ឋកិច្ចជាតិត្រូវបានបាត់បង់ចំនួន៥%នៃផលិតផលក្នុងស្រុកសរុប នៅពេលដែលជនមានពិការភាពមិនមានសិទ្ធិស្មើគ្នាក្នុងការទទួលបានការងារ

ភាពជាអ្នកដឹកនាំរបស់ស្ត្រី សមភាពយេនឌ័រ និងបរិយាបន្នផ្នែកពិការភាពគឺជាចំណុចស្នូលនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច។ កម្មវិធី ACCESS នឹងធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជនដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី កុមារី និងជនមានពិការភាព។ គោលនយោបាយការបរទេសរបស់រដ្ឋាភិបាលអូស្រ្តាលីបានទទួលស្គាល់ថាសង្គមដែលការពារសិទ្ធិមនុស្ស និងមានសមភាពយេនឌ័រទំនងជាមានផលិតភាព និងស្ថេរភាពក្នុងរយៈពេលយូរអង្វែង។

កម្មវិធី ACCESS គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបំពេញអាណត្តិរបស់ខ្លួនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រី។


ការអង្គេតជាតិស្តីពីសុខភាពស្រ្តីនិងបទពិសោធន៍ក្នុងជីវិតរស់នៅកម្ពុជា – ក្រសួងកិច្ចការនារី ២០១៥
​ ការអង្គេតប្រជាសាស្រ្តនិងសុខភាព នៅកម្ពុជា ឆ្នាំ២០១៤
​​ អង្គការការងារអន្តរជាតិ៖ តម្លៃនៃការមិនដាក់បញ្ចូល៖ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃការមិនដាក់បញ្ចូលជនមានពិការភាព-ពីធនាគារពិភពលោក ទីក្រុងហ្សីណែវ ឆ្នាំ២០០៩ តារាង៦៥ ទំព័រ៤

ការបញ្ចប់អំពើហិង្សាលើស្ត្រី និងការលើកកម្ពស់បរិយាបន្នពិការភាព

កម្មវិធី ACCESS ធ្វើការងារជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាសំដៅចូលរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព។ កម្មវិធីនេះនឹងចូលរួមចំណែកដល់លទ្ធផលដូចខាងក្រោម៖

ជនមានពិការភាព

  • ទទួលបានការលើកកម្ពស់ផ្នែកសុខភាព ការអប់រំ និងសេដ្ឋកិច្ច
  • មានលទ្ធភាពចូលរួម និងឧបត្ថម្ភដល់គ្រួសារ សហគមន៍ និងជីវិតនយោបាយ
  • មានបទពិសោធន៍នឹងការរើសអើងតិចជាងមុន
  • មានការប្រសើរឡើងផ្នែកសតិអារម្មណ៍ពីតម្លៃខ្លួនឯង ទំនុកចិត្ត និងឯករាជ្យភាព។

ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

  • មានលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានគុណភាពដោយរួមបញ្ចូលទាំងការគាំទ្រពេញលេញ ការថែទាំរបួស ការព្យាបាលបន្ទាន់ និងការធ្វើកោសល្យវិច្ច័យ។
  • មានលទ្ធភាពទទួលបានការការពារផ្នែកផ្លូវច្បាប់ដែលគិតពីសិទ្ធិអ្នករងគ្រោះជាចម្បង រួមទាំងមានគណនេយ្យភាពចំពោះជនល្មើស។
  • មានលទ្ធភាពទទួលបានការសម្របសម្រួលផ្នែកសេវាសង្គមផ្សេងទៀតរួមមាន ការទទួលបានព័ត៌មានចាំបាច់នៅពេលមានវិបត្តិ        ទីជម្រកសុវត្ថិភាព ការគាំទ្រផ្នែកផ្លូវចិត្តសង្គម និងជំនួយជាសម្ភារៈ។

ការលើកកម្ពស់ការផ្តល់សេវាប្រកបដោយនិរន្តរភាព

កម្មវិធី ACCESS ទទួលស្គាល់អំពីការវិវត្តន៍របស់ប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំណើនក្នុងការទទួលបានមូលនិធិពីវិស័យសាធារណៈ និងឯកជន។ កម្មវិធីនេះធ្វើការងារជាមួយ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង  យុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំផែនការ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់សេវាដល់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ។

កម្មវិធី ACCESS កំពុងផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពអ្នកផ្តល់សេវារបស់រាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជនក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងលើការផ្តល់សេវាដល់ជនមានពិការភាព និងស្រ្តីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រប្រកបដោយនិរន្តរភាព។

ការរំពឹងទុកសំខាន់ៗនៃលទ្ធផលបញ្ចប់នៃកម្មវិធី៖

  • រាជរដ្ឋាភិបាលធ្វើផែនការ និងប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាពក្នុងការគាំទ្រសេវាសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រក្រោមការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
  • រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងវិស័យឯកជនពង្រីកវិសាលភាព ពង្រឹងគុណភាព និងបរិយាបន្នក្នុងការផ្តល់សេវាដល់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រប្រកបដោយនិរន្តរភាព។

សូមចូលទៅកាន់ គេហទំព័ររបស់ស្ថានទូតអូស្រ្តាលី សម្រាប់ព័ត៌មានបន្ថែមអំពីប្រទេសអូស្រ្តាលី និងកម្មវិធីជំនួយរបស់ប្រទេសអូស្រ្តាលីនៅប្រទេសកម្ពុជា។