សេវាដែលមានគុណភាពប្រកបដោយនិរន្តភាព

សេវាដែលមានគុណភាពប្រកបដោយនិរន្តភាព

កម្មវិធី ACCESS ទទួលស្គាល់អំពីការវិវត្តន៍របស់ប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំណើនក្នុងការទទួលបានមូលនិធិពីវិស័យសាធារណៈ និងឯកជន។ កម្មវិធីនេះធ្វើការងារជាមួយក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង    យុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំផែនការ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់សេវាដល់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។ កិច្ចការទាំងនេះរួមបញ្ចូលទាំងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពតាមរយៈការពង្រឹងយន្តការសម្របសម្រួល ការត្រួតពិនិត្យ ការធ្វើផែនការ និងរបាយការណ៍    ស្របទៅតាមការងារអាទិភាពចម្បងៗនៃផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។

កម្មវិធី ACCESS កំពុងចូលរួមចំណែកកសាងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងអ្នកផ្តល់សេវាឯកជនក្នុងការពង្រឹងនិរន្តរភាពនៃសេវាសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ សេវាសម្រាប់ជនមានពិការភាពរួមមានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ការបង្កើនការផ្តល់ឱកាសស្វែងរកប្រាក់ចំណូលដល់ជនមានពិការភាពប្រកបដោយបរិយាបន្ន។ សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ កម្មវិធី ACCESS ផ្តោតលើការថែទាំសុខភាព ការទទួលបានការការពារផ្នែកផ្លូវច្បាប់ តាមរយៈការគាំទ្រដល់សេវាពហុវិស័យ និងយន្តការសម្របសម្រួលក្នុងការផ្តល់សេវា។