ការពង្រឹងមុខងាររបស់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ខេត្ត (GBV RWGs) គឺជាអាទិភាពចម្បងសម្រាប់ ACCESS 2។ ក្រុមការងារទាំងនេះ ជួយសម្របសម្រួលសេវាឆ្លើយតបជាពហុវិស័យសម្រាប់ស្ត្រី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សា ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិកម្ពុជាក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ចាប់ពីថ្ងៃទី២០ ដល់២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធី ACCESS 2 ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី បានសហការជាមួយគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តកំពង់ចាម ដើម្បីរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ GBV RWG ខេត្តកំពង់ចាម ទៅកាន់ខេត្តស្ទឹងត្រែង។ ដំណើរទស្សនកិច្ចសិក្សានេះមានអ្នកចូលរួមប្រមាណ៩០នាក់ រួមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងសមាជិក GBV RWG ថ្នាក់ស្រុក។

គោលបំណងនៃដំណើរទស្សនកិច្ចសិក្សា
ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណង៖
- ចែករំលែកបទពិសោធន៍ជាក់ស្តែង និងវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពក្នុងការគាំទ្រដល់ជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ
- ពិនិត្យមើលប្រតិបត្តិការរបស់កន្លែងផ្តល់សេវាចម្រុះ(OSSU)
- ពង្រឹងការយល់ដឹងអំពីយន្តការសម្របសម្រួលដែលអាចឱ្យមានការបញ្ជូន និងការឆ្លើយតបទាន់ពេលវេលា និងមានសុវត្ថិភាពជាងមុន
អ្វីដែលអ្នកចូលរួមបានស្វែងយល់
ភាពជាអ្នកដឹកនាំ និងការសម្របសម្រួលខេត្ត៖ អ្នកចូលរួមបានជួបជាមួយអភិបាលខេត្ត ដោយបានពិភាគ្សាអំពីសាស្រ្តនិរន្តរភាពក្នុងភាពជាអ្នកដឹកនាំ ក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យកាន់តែសកម្ម ដោយមានការសម្របសម្រួល និងទទួលខុសត្រូវ។
ការផ្តល់សេវានៅកម្រិតថ្នាក់ស្រុកជាមួយដៃគូ
ដំណើរទស្សនកិច្ចទៅកាន់ ADRA (Adventist Development and Relief Agency) នៅក្នុងស្រុកសេសាន បានបង្ហាញពីវិធីសាស្រ្តដែលដៃគូអង្គការមិនមែនរដ្ឋាភិបាលអាចធ្វើការជាមួយ GBV RWGs ក្នុងស្រុក ដើម្បីផ្តល់សេវាចម្រុះកាន់តែច្រើន រួមទាំងនៅក្នុងសហគមន៍ជនបទ និងជនជាតិដើមភាគតិច។
ចំណុចសំខាន់ៗសម្រាប់ការអនុវត្តន៍
- វិធីសាស្រ្តសមស្របនឹងវប្បធម៌គឺមានសារៈសំខាន់៖ ក្រមសីលធម៌ និងសេវាសម្រាប់សហគមន៍ជនជាតិភាគតិច ដំណើរការបានល្អបំផុតនៅពេលដែលត្រូវបានតាក់តែងឡើងដោយគិតគូរពីបទដ្ឋានក្នុងតំបន់ និងបរិបទសហគមន៍។
- ការរក្សាការសម្ងាត់គួរតែត្រូវបានបង្កើតឡើង៖ បរិក្ខារកន្លែងផ្តល់សេវាចម្រុះ (OSSU) គួរតែជៀសវាងការកំណត់អត្តសញ្ញាណផ្លាកសញ្ញាដែលវាអាចឱ្យមានការមាក់ងាយ ឬហានិភ័យ ដើម្បីជួយការពារភាពឯកជនរបស់ជនរងគ្រោះ។
- បង្កើនពេលវេលាទៅរកសេវា៖ កម្មវិធីយល់ដឹងនៅពេលល្ងាច អាចមានប្រសិទ្ធភាពសម្រាប់ការចូលរួមពីបុរស ដែលពួកគាត់មិនអាចចូលរួមបាននៅកម្មវិធីពេលរសៀល។
- ពង្រឹងលទ្ធផលតាមរយៈអភិបាលកិច្ចដែលមានបរិយាបន្ន៖ គណៈកម្មាធិការគ្រប់គ្រងសហគមន៍ចម្រុះជួយពង្រីកតំណាងរបស់ខ្លួន និងភាពជាម្ចាស់នៅក្នុងតំបន់។
- សកម្មភាពតាមដាន៖ កិច្ចប្រជុំពិសេសមួយនឹងត្រូវបានរៀបចំដើម្បីពិភាក្សាអំពីបន្ទប់ប្រឹក្សាយោបល់ស្រុក និងយល់ព្រមលើជំហានបន្ទាប់ជាមួយសមាជិកស្រុក។
ជារួមដំណើរទស្សនកិច្ចសិក្សានេះ បានពង្រឹងកិច្ចសហការ និងការរៀនសូត្ររវាងខេត្តនានា ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ក្រោមជាតិ។ ACCESS 2 ទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global៕\





