កាលពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៥ កម្មវិធី ACCESS 2 បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការថែទាំខ្លួនឯងសម្រាប់អ្នកផ្តល់សេវាជួរមុខ។ សិក្ខាកាមចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមានតំណាងមកពីក្រសួងកិច្ចការនារី (MoWA) មន្ទីរកិច្ចការនារីខេត្តនៅក្នុងខេត្តគោលដៅរបស់ ACCESS 2 និងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) ដែលធ្វើការគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងស្រ្តីមានពិការភាព។
ការពង្រឹងការថែទាំខ្លួនឯងរួមចំណែកដល់លទ្ធផលនៃការវិនិយោគចុងបញ្ចប់របស់កម្មវិធី ACCESS 2 ដើម្បីកែលម្អគុណភាព និងនិរន្តរភាពនៃការផ្តល់សេវា GBV។ ការផ្តល់អាទិភាពដល់សុខុមាលភាពរបស់អ្នកផ្តល់សេវាគឺជាកាតព្វកិច្ចថែទាំ និងជាការវិនិយោគដ៏សំខាន់មួយលើផលជះរយៈពេលវែងរបស់កម្មវិធី។
វគ្គបណ្តុះបណ្តាលនេះបានផ្តល់ដល់សិក្ខាកាម នូវវាយតម្លៃពីសុខភាពផ្លូវចិត្តរបស់ខ្លួន ស្គាល់ពីភាពតានតឹង និងសញ្ញាដំបូងនៃការអស់កម្លាំង និងយល់ពីរបៀបគ្រប់គ្រងភាពតានតឹងអារម្មណ៍ដែលអាចប៉ះពាល់ដល់ការផ្តល់សេវា GBV។ វគ្គនេះក៏បានលើកទឹកចិត្តដល់ការឆ្លុះបញ្ចាំងពីខ្លួនឯង ការផ្លាស់ប្តូរបទពិសោធន៍ជាមួយមិត្តភក្ដិ និងការចែករំលែកការអនុវត្តជាក់ស្តែងក្នុងការថែទាំដោយខ្លួនឯងផងដែរ។ សិក្ខាកាមបានរៀនសូត្រពីបច្ចេកទេសសាមញ្ញៗ ដើម្បីរួមបញ្ចូលទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ និងកំណត់យុទ្ធសាស្ត្រដែលសមស្របទៅនឹងបរិបទផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់ពួកគេ។
វគ្គបណ្តុះបណ្តាលក៏បានពង្រឹងបណ្តាញគាំទ្រមិត្តភក្ដិ និងបង្កើនការយល់ដឹងអំពីសេវាផ្លូវចិត្តសង្គម ដោយប្រើវិធីសាស្រ្តរៀនសូត្របែបសកម្ម។ វគ្គសិក្សារយៈពេលពីរថ្ងៃ បានលើកទឹកចិត្តសិក្ខាកាមឱ្យចែករំលែកបទពិសោធន៍ អនុវត្តលំហាត់ថែទាំខ្លួនឯងជាក្រុមតូចៗ និងអនុវត្តវិធីសាស្រ្តទាំងនេះទៅក្នុងការងាររបស់ពួកគេ។
ក្នុងអំឡុងពេលបើកវគ្គបណ្តុះបណ្តាល លោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី បានលើកឡើងពីសារៈសំខាន់នៃការថែទាំខ្លួនឯងសម្រាប់អ្នកផ្តល់សេវាជួរមុខ។ លោកជំទាវបានកត់សម្គាល់ថា អ្នកផ្តល់សេវាដែលគាំទ្រដល់ជនរងគ្រោះក៏អាចរងផលប៉ះពាល់យ៉ាងខ្លាំងពីការងារនេះផងដែរ ដែលធ្វើឱ្យសុខុមាលភាពផ្ទាល់ខ្លួនមានសារៈសំខាន់សម្រាប់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងមានមេត្តាករុណា។ លោកជំទាវបានសម្តែងការកោតសរសើរចំពោះកម្មវិធី ACCESS 2 សម្រាប់ការរៀបចំការបណ្តុះបណ្តាលដ៏សំខាន់នេះ។
លោកស្រី ស៊ាន ចាន់ថន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅផងដែរថា៖ «ខ្ញុំសូមកោតសរសើរចំពោះ ACCESS 2 ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះសម្រាប់អ្នកផ្តល់សេវារបស់យើង ព្រោះយើងតែងតែជួបប្រទះនឹងភាពតានតឹងផ្លូវចិត្ត។ វគ្គបណ្តុះបណ្តាលនេះបានជួយខ្ញុំឱ្យទទួលបានចំណេះដឹងបន្ថែម ដើម្បីគាំទ្រខ្លួនឯងបានកាន់តែប្រសើរក្នុងការអនុវត្តការនារ»។
អ្នកស្រី ផន សុខខេម មន្រ្តីគ្រប់គ្រងមណ្ឌលសុវត្ថិភាពនៅអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ បានចែករំលែកថា៖ «ខ្ញុំពិតជារីករាយក្នុងការចូលរួមវគ្គបណ្តុះបណ្តាលនេះ។ វាគឺជាជំនាញសំខាន់ៗសម្រាប់ការងាររបស់ខ្ញុំក្នុងការគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងមណ្ឌលសុវត្ថិភាព»។
នៅក្នុងសុន្ទរកថារបស់លោកស្រី Sophia Cason ប្រធានកម្មវិធី ACCESS 2 បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់សិក្ខាកាមក្នុងការទទួលស្គាល់ហានិភ័យសុខភាពផ្លូវចិត្ត ការអនុវត្តយុទ្ធសាស្ត្រថែទាំខ្លួនឯង និងស្វែងរកការគាំទ្រពីមិត្តភក្ដិ ឬអ្នកជំនាញ។ លោកស្រីបានសង្កត់ធ្ងន់ថា ជំនាញទាំងនេះជួយបង្កើនភាពធន់ក្នុងវិជ្ជាជីវៈ និងពង្រឹងការគាំទ្រសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជនមានពិការភាព និងសហគមន៍ជនជាតិដើមភាគតិច។
លោកស្រីបានកត់សម្គាល់ថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹង ជំនាញ និងការប្តេជ្ញាចិត្តដែលបានអភិវឌ្ឍក្នុងអំឡុងពេលបណ្តុះបណ្តាលនេះ នឹងត្រូវបានយកទៅអនុវត្តនៅកន្លែងធ្វើការ សហគមន៍ និងទម្លាប់ប្រចាំថ្ងៃរបស់អ្នក ដើម្បីលើកកម្ពស់សុខុមាលភាពប្រកបដោយចីរភាពសម្រាប់អ្នកផ្តល់សេវា និងពង្រឹងប្រព័ន្ធឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ»។
តាមរយៈការវិនិយោគទៅលើគុណភាពនៃសេវាផ្នែក GBV កម្មវិធី ACCESS 2 បានផ្តល់ការគាំទ្រដល់អ្នកផ្តល់សេវា ដើម្បីពង្រឹងនូវជំនាញវិជ្ជាជីវៈ និងលើកកម្ពស់សុខមាល បរិយាកាសការងារឱ្យកាន់តែមាននិរន្តរភាព ដែលរួមចំណែកដល់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នសម្រាប់សហគមន៍ងាយរងគ្រោះ។
ACCESS 2 ផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្រ្តាលី និងគ្រប់គ្រងដោយ Abt Global៕







