វគ្គបណ្តុះបណ្តាលស្តីពី ការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ និងការបកប្រែសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
ថ្ងៃទី២៦ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៥
ទីតាំង៖ នៅសណ្ឋាគារសាន់វេ ទីក្រុងភ្នំពេញ
ដឹកនាំកិច្ចប្រជុំដោយ៖ កម្មវិធី ACCESS 2
គាំទ្រកិច្ចប្រជុំ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2
សេចក្តីប្រកាសពីកិច្ចប្រជុំ
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពី វគ្គបណ្តុះបណ្តាលស្តីពី ការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ និងការបកប្រែសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលនឹងធ្វើឡើងនៅទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីអ្នកបកប្រែភាសាសញ្ញាកម្ពុជា និងអ្នកបកប្រែភាសាជនជាតិដើមភាគតិច ក្នុងការបង្កើននូវការយល់ដឹងអំពីការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ បង្កើនជំនាញ និងទំនុកចិត្តក្នុងការបកប្រែសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងស្វែងយល់ពីតម្រូវការក្នុងការគាំទ្រដល់ជនរងគ្រោះ។
ទិដ្ឋភាពរួមនៃវគ្គបណ្តុះបណ្តាល
គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះគឺ៖
- ដើម្បីបង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីមូលដ្ឋានគ្រឹះយេនឌ័រនៅក្នុងសង្គម ភាពលំអៀងយេនឌ័រ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ
- ដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ ជំនាញ និងទំនុកចិត្តក្នុងការបកប្រែសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
- ដើម្បីធ្វើការបន្សាំអ្នកចូលរួមជាមួយនឹងតម្រូវការគោរព លើក្រមសីលធម៌ និងវិជ្ជាជីវៈនៃការបកប្រែផ្លូវច្បាប់សម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
អ្នកចូលរួម៖
ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធប្រមាណជា៣០នាក់ រួមមាន៖
- ក្រសួងកិច្ចការនារី
- អ្នកបកប្រែភាសាសញ្ញាកម្ពុជា និងអ្នកបកប្រែភាសាជនជាតិដើមភាគតិច
- អ្នកផ្តល់សេវា ពីអង្គការដៃគូអនុវត្តជាយុទ្ធសាស្រ្ត
- និងក្រុមការងារកម្មវិធី ACCESS 2
យើងរំពឹងថានឹងមានការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង ព្រមទាំងការរួមចំណែកដ៏មានតម្លៃក្នុងការធ្វើឱ្យសេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាកាន់តែប្រសើរ។