នាំសេវាស្តារលទ្ធភាពពលកម្មប្រកបដោយគុណភាព ឱ្យកាន់តែខិតជិតសហគមន៍នៅខេត្តកំពង់ស្ពឺ

ថ្មីៗនេះ រាជរដ្ឋាភិបាលអូស្ត្រាលី សហការជាមួយក្រសួងសុខាភិបាល បានប្រគល់ឧបករណ៍បរិក្ខារផ្នែកព្យាបាលដោយចលនា ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋានក្នុងមន្ទីរពេទ្យ និងបង្កើនលទ្ធភាពទទួលបានសេវាស្តារលទ្ធភាពពលកម្មប្រកបដោយគុណភាព។ ការគាំទ្រនេះ បន្ថែមលើការវិនិយោគជាបន្តរបស់អូស្ត្រាលីក្នុងសេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសា នៅមន្ទីរពេទ្យនេះ ចាប់តាំងពីខែមេសា ឆ្នាំ២០២៦។

ដោយផ្អែកលើការគាំទ្រពីមុនដល់មន្ទីរពេទ្យបង្អែកខេត្តនៅសៀមរាប ក្រចេះ និងកំពង់ចាម ការវិនិយោគទាំងនេះកំពុងជួយឱ្យប្រជាពលរដ្ឋដែលកំពុងស្តារសុខភាពពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល របួស ជំងឺមិនឆ្លងរ៉ាំរ៉ៃ និងបញ្ហាសុខភាពផ្សេងៗ អាចទទួលបានសេវាស្តារលទ្ធភាពពលកម្មចាំបាច់នៅក្បែរលំនៅឋានរបស់ពួកគេ។

ក្នុងពិធីប្រគល់ទទួលឧបករណ៍នេះ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាបាននូវគុណភាពនៃការផ្តល់សេវាស្តារលទ្ធភាពពលកម្ម។ ឯកឧត្តមបានលើកទឹកចិត្តដល់មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ឱ្យផ្សព្វផ្សាយការយល់ដឹងជាសាធារណៈអំពីសេវាស្តារលទ្ធភាពពលកម្ម ដើម្បីឱ្យប្រជាពលរដ្ឋដែលត្រូវការសេវាទាំងនេះ អាចទទួលបានការថែទាំទាន់ពេលវេលា និងសមស្រប។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ចំពោះការបន្តចូលរួមគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្ម។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង ក៏បានថ្លែងអំណរគុណដល់កម្មវិធី ACCESS 2 ផងដែរ ចំពោះកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំកន្លែងផ្តល់សេវាព្យាបាលដោយចលនា ផ្តល់ជាឧបករណ៍បរិក្ខារជំនួយដល់ជនមានពិការភាព និងគាំទ្រការអភិវឌ្ឍសេវាថែទាំជើងសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

លោកស្រី Kate Sangster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋដែលត្រូវការសេវាស្តារលទ្ធភាពពលកម្ម។

លោកស្រីបានមានប្រសាសន៍ថា៖ «អូស្ត្រាលីមានមោទនភាពចំពោះភាពជាដៃគូដ៏យូរអង្វែងជាមួយកម្ពុជា និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងប្រព័ន្ធសុខាភិបាលដែលមានបរិយាបន្ន សមធម៌ ធន់នឹងការប្រែប្រួល និងឆ្លើយតបទៅនឹងតម្រូវការសុខភាពដែលកំពុងផ្លាស់ប្តូររបស់ប្រជាជនកម្ពុជា»។

លោកស្រីបានបន្ថែមថា តាមរយៈកម្មវិធី ACCESS 2 អូស្ត្រាលីកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្ម និងឧបករណ៍បច្ចេកវិទ្យាជំនួយ ឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង និងធានាថាប្រជាពលរដ្ឋអាចទទួលបានសេវាប្រកបដោយគុណភាពនៅក្បែរលំនៅឋាន ដោយមិនប្រឈមនឹងឧបសគ្គផ្នែកហិរញ្ញវត្ថុ

តាមរយៈកម្មវិធី ACCESS 2 អូស្ត្រាលីនៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់ការរីកចម្រើនរបស់កម្ពុជា ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល និងការពង្រឹងប្រព័ន្ធស្តារលទ្ធភាពពលកម្ម ដែលរួមចំណែកលើកកម្ពស់សុខភាព សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕