ការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី៖ ACCESS 2 អបអរសាទរថ្ងៃអន្តរជាតិនារី ឆ្នាំ២០២៦

ACCESS 2 បានអបអរសាទរថ្ងៃអន្តរជាតិនារី ឆ្នាំ២០២៦ តាមរយៈការជួបជុំជាមួយក្រុមការងារដើម្បីលើកកម្ពស់ពីសិទ្ធិស្ត្រី និងក្មេងស្រី សារៈសំខាន់នៃសមភាពយេនឌ័រ និងតួនាទីរបស់អ្នករាល់គ្នាដែលអាចចូលរួមជួយលើកកម្ពស់បរិយាបន្ន និងយុត្តិធម៌ក្នុងការងារប្រចាំថ្ងៃ។ ព្រឹត្តិការណ៍នេះស្របតាមបេសកកម្មរបស់កម្មវិធីក្នុងការធ្វើឱ្យប្រសើរនូវសេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពនៅទូទាំងប្រទាំងប្រទេសកម្ពុជា។

ប្រធានបទសកលនៅឆ្នាំនេះ ស្តីពី៖ «សិទ្ធិ យុត្តិធម៌ សកម្មភាព សម្រាប់ស្ត្រី និងក្មេងស្រីទាំងអស់» បានផ្ដល់ឱកាសសំខាន់ឱ្យក្រុមការងារលើកយកពីឧបសគ្គដែលនៅតែរារាំងដល់ស្ត្រី និងក្មេងស្រី និងហេតុអ្វីបានជាសកម្មភាពរួមគ្នា នៅតែមានសារៈសំខាន់។ សម្រាប់កម្មវិធី ACCESS 2 ប្រធានបទនេះបង្ហាញយ៉ាងច្បាស់ពីការងាររបស់កម្មវិធីក្នុងការពង្រឹងការគាំទ្រប្រព័ន្ធឱ្យកាន់តែមានបរិយាបន្ន បង្កើនកិច្ចគាំពារ និងឆ្លើយតប ដោយធានាថាមិនមានអ្នកណាត្រូវបានទុកចោល។

ក្នុងពេលអបអរសាទរ សមាជិកក្រុមត្រូវបានអញ្ជើញឱ្យចែករំលែកអំពីវារះភាពមេដឹកនាំស្ត្រី ឬអ្នកដែលលើកទឹកចិត្តគាត់ និងបង្ហាញមូលហេតុដែលធ្វើឱ្យរឿងរ៉ាវរបស់អ្នកនោះនៅតែមានអត្ថន័យរហូតមកដល់បច្ចុប្បន្ន។ ការចែករំលែកនេះបានបង្កើតការពិភាក្សាអំពីភាពដឹកនាំ ភាពក្លាហាន សមភាព និងសារៈសំខាន់នៃការបង្កើតឱកាសសម្រាប់ស្ត្រី និងក្មេងស្រីឱ្យកាន់តែរីកចម្រើន។

នៅក្នុងសុន្ទរកថាបើកកទិវាអបអរសាទរនេះ លោក​ Sasha Cigljarevic អនុប្រធានកម្មវិធី ACCESS 2  បានលើកទឹកចិត្តបុគ្គលិកឱ្យឆ្លុះបញ្ចាំង មិនត្រឹមតែអំពីអត្ថន័យនៃទិវានារីអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីរបៀបដែលការរួមបញ្ចូល ការគោរព និងការទទួលខុសត្រូវរួមដែលគួរតែត្រូវបានអនុវត្តទៅក្នុងជីវិតប្រចាំថ្ងៃ និងការងារ។ សុន្ទរកថារបស់លោកបានបញ្ជាក់ពីសារៈសំខាន់នៃការងារគាំទ្រទៅដល់សហគមន៍ដែលខ្វះខាតបំផុត ការប្រឈមនឹងការបង្កគ្រោះថ្នាក់ និងធានាថាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាបន្ន និងមានអត្ថន័យក្នុងការអនុវត្តសកម្មភាព។

លោកស្រី Sophia Cason ប្រធានក្រុម ACCESS 2 ក៏បានឆ្លុះបញ្ចាំងពីប្រវត្តិនៃទិវានារីអន្តរជាតិ និងទំនាក់ទំនងរបស់វាទៅនឹងប្រធានបទសកលនៃឆ្នាំនេះ។ លោកស្រីបាននិយាយអំពីសារៈសំខាន់នៃសិទ្ធិ និងយុត្តិធម៌សម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបន្តគាំទ្រការក្នុងការចូលរួមពេញលេញ និងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងសង្គម។ សុន្ទរកថារបស់លោកស្រីបានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងការងាររបស់ ACCESS 2 និងការជំរុញសកលលោកឱ្យកាន់តែទូលំទូលាយសម្រាប់សមភាពយេនឌ័រ និងយុត្តិធម៌សង្គម។

ព្រិត្តិការនេះក៏បានអញ្ជើញបុគ្គលិកឱ្យចែករំលែកអំពីអ្វីដែលបុគ្គល និងកន្លែងធ្វើការអាចធ្វើបានដើម្បីគាំទ្រស្ត្រី និងក្មេងស្រីឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ ការឆ្លុះបញ្ចាំងពីក្រុមការងារ បានបង្ហាញពីសារៈសំខាន់នៃការរួមបញ្ចូលសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គមនៅគ្រប់ទិដ្ឋភាពទាំងអស់នៃកម្មវិធី រួមទាំងការលើកទឹកចិត្តក្មេងស្រីឱ្យស្វែងយល់ និងរៀនសូត្រ ព្រមទាំងការពង្រឹងសមត្ថភាពរបស់អ្នកផ្តល់សេវា សមភាគីរដ្ឋាភិបាល និងការគាំទ្រដល់ការចូលរួមរបស់ស្ត្រីក្នុងការធ្វើការសម្រេចចិត្តនៅក្នុងគ្រួសារ និងសហគមន៍។ ការឆ្លុះបញ្ចាំងជាក់ស្តែងទាំងនេះនឹងបន្តផ្តល់ជាព័ត៌មានប្រចាំថ្ងៃរបស់ ACCESS 2។

ការប្រារព្ធពិធីបានបញ្ចប់ដោយវិជ្ជមាន ដោយបុគ្គលិករីករាយនឹងឱកាសថតរូបជាលក្ខណៈបុគ្គល និងជាក្រុមក្នុងសម្លៀកបំពាក់ដែលពួកគេបានជ្រើសរើស និងដើម្បីអបអរសាទរការចូលរួមចំណែករបស់ស្ត្រីដែលបានធ្វើឱ្យមានវឌ្ឍនភាពនៅទូទាំងវិស័យផ្សេងៗគ្នា។ ក្រៅពីនេះ ទិវានេះបានបម្រើជាការរំលឹក អំពីការងារដែលនៅតែមាននៅពេលខាងមុខ ដើម្បីធានាថាស្ត្រី និងក្មេងស្រីទាំងអស់អាចអនុវត្តសិទ្ធិរបស់ពួកគេ ទទួលបានសេវាដែលមានគុណភាព និងរស់នៅដោយសេចក្តីថ្លៃថ្នូរ និងមានឱកាសស្មើភាពគ្នា។

ACCESS 2 ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global។ កម្មវិធីនេះនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងក្មេងស្រី រួមទាំងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ រួមទាំងស្ត្រីមានពិការភាព តាមរយៈប្រព័ន្ធ និងសេវាដែលរឹងមាំ និងប្រកបដោយបរិយាបន្នជាងមុននៅកម្ពុជា៕