ការរៀបចំចាត់ចែង និងរចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធី

រចនាសម្ព័ន្ធអភិបាលកិច្ច ត្រូវបានរៀបចំឡើងជុំវិញការពង្រឹងភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់កម្រិតទាំងអស់នៃកម្មវិធី ACCESS 2 ។ កម្មវិធីនេះ ក៏ធ្វើការក្នុងភាពជាដៃគូជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដែលអភិបាលដោយរាជរដ្ឋាភិបាលកម្ពុជា (បានបង្កើតឡើងក្នុងឆ្នាំ ២០១៤) និងក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត (បានបង្កើតឡើងក្នុងឆ្នាំ ២០២០) ដែលជាយន្តការថ្នាក់ខេត្តដើម្បី ចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែបប្រកបដោយនិរន្តរភាពរបស់កម្មវិធីទាំងមូល។

គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី (ASC)

គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 គឺជារចនាសម្ព័ន្ធកម្រិតខ្ពស់បំផុតសម្រាប់កម្មវិធី នៅកម្រិតថ្នាក់ជាតិ ដែលនឹងជួបប្រជុំជារៀងរាល់ឆ្នាំម្តង និងផ្តល់ការត្រួតពិនិត្យជាយុទ្ធសាស្រ្តលើវឌ្ឍនភាព សមិទ្ធផល ហានិភ័យ និងជំរុញភាពស៊ីសង្វាក់គ្នាទូទាំងកម្មវិធី ACCESS 2 និងអនុលោមភាព ជាមួយនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ សមាជិក ASC នឹងដឹកនាំការងារជាមួយសមភាគីពាក់ព័ន្ធសំខាន់ៗក្នុងជួររដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យ អំពើហិង្សាទាក់ទងនឹងយេនឌ័រ វិស័យពិការភាព និងការស្តារលទ្ធភាពពលកម្ម ក្នុងការគាំទ្រដើម្បីសម្រេចឱ្យបាននូវលទ្ធផលកម្មវិធី។

កិច្ចប្រជុំក្រុមការងារតាមផ្នែក បរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

កិច្ចប្រជុំក្រុមការងារតាមផ្នែកបិរយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រូវបានរៀបចំបង្កើតឡើងនៅកម្រិតថ្នាក់ជាតិ។ កិច្ចប្រជុំក្រុមការងារតាមផ្នែកទាំងបីនេះត្រូវបានសហការដឹកនាំដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ និងក្រុមការងារកម្មវិធី ACCESS 2។ សមាសភាពអ្នកចូលរួមនៃក្រុមការងារតាមផ្នែកបរិយាបន្នពិការភាព និងក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលនឹងជួបប្រជុំ៦ខែម្តង និងក្រុមការងារស្តារលទ្ធភាពពលកម្ម ដែលនឹងជួបប្រជុំបីខែម្តង។

គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCCs)

PCCs នឹងត្រូវជួប​ប្រជុំ​ជារៀង​រាល់​៦​​ខែម្តង ដើម្បីវាយតម្លៃនូវវឌ្ឍនភាព និងហានិភ័យនៃកម្មវិធី ក៏ដូចជាជំរុញឱ្យមាននុលោមភាពជាមួយនឹងអាទិភាពរបស់ខេត្តនីមួយៗ។ PCCs នឹង​ត្រូវ​បាន​ដឹក​នាំ​ដោយ​អភិបាល​រង​ខេត្ត និងប្រធានកម្មវិធី ACCESS 2 ព្រមទាំងមានសមាសភាពតំណាងមកពី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត (PoSVY) មន្ទីរកិច្ចការនារីខេត្ត (PDoWA) ក្រុមប្រឹក្សាសកម្មភាពខេត្ត (P-DAC) DFAT អង្គការតំណាងជនមានពិការភាព (OPD) ដែលត្រូវបានជ្រើសរើស អង្គការតំណាងស្រ្តីដែលត្រូវបានជ្រើសរើស និងប្រធានកម្មវិធី ACCESS 2។ តំណាងពាក់ព័ន្ធផ្សេងទៀត ដែលមកពីនាយកដ្ឋាន ឬស្ថាប័ន នឹងត្រូវអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ PCCs អាស្រ័យទៅលើប្រធានបទនៃកិច្ចពិភាក្សា។

ដ្យាក្រាម ១៖ ការរៀបចំអភិបាលកិច្ចនៃកម្មវិធី ACCESS 2